ការនាំចេញអង្ករកម្ពុជាទៅកាន់បរទេស មានការធ្លាក់ចុះប្រមាណជា ២៩.៤៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដោយសារតែបញ្ហាការដឹកជញ្ជូន កង្វះសំបកកុងតែន័រ ជាពិសេសទៅកាន់ទីផ្សារសហគមន៏អឺរ៉ុប។ នេះយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។
យោងតាមរបាយការណ៏របស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារគោលដៅទាំ៤៩ នៅលើសកលលោក ក្នុងបរិមាណអង្ករសរុបចំនូន ២៨០៤៥០តោន ដែលគិតជាទឹកប្រាក់ចំនួន ២០២.៦៧លានដុល្លាសហរដ្ឋអាមេរិក។
ចំពោះទឹកប្រាក់នៃការនាំចេញក៏បានធ្លាក់ចុះចំនួន ២៣.៧២% ផងដែរ ដែលឆ្នាំ២០២០ ក្នុងឆមាសទី១ ទទូលបានទឹកប្រាក់ ២៦៥.៦៦លានដុល្លា មកត្រឹម២០២.៦៧លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២១នេះ។ នេះយោងតាមរបាយការណ៌។
សហព័ន្ធអង្ករកម្ពុជាបានរៀបរាប់ថា ការធ្លាក់ចុះទាំងបរិមាណ និងតម្លៃគឺដោយសារតែជួបបញ្ហាប្រឈមការដឹកជញ្ជូន កង្វះសំបកកុងតែន័រ ជាពិសេសទៅកាន់ទីផ្សារសហគមន៏អឺរ៉ុប ធ្វើឱ្យតម្រូវការ និងតម្លៃលក់នាំចេញ នៅត្រឹមកំពង់ផែរបស់អង្ករក្រអូបកម្ពុជា បានធ្លាក់ចុះយ៉ាងគំហុក។
កម្ពុជាបាននាំអង្ករទៅកាន់ទីផ្សារនៅក្នុងឆមាសទី១ នៃឆ្នាំ២០២១នេះ គឺមានប្រទេសនាំមុខចំនួន៥ រួមមាន ប្រទេសចិន បារំាង ហ្កាប៊ុង ប្រទេសម៉ាឡេស៊ី និងប្រទេសហូឡង់ ហើយសំរាប់ប្រភេទអង្ករនាំចេញក្នុងឆមាសទី១ នៃឆ្នាំនេះ មានអង្ករក្រអូបប្រណិត អង្ករក្រអូបធម្មតា អង្ករសគ្រាប់វែង អង្ករចំហុយ អង្ករសរីរាង្គ អង្ករបាក់ និងអង្ករដំណើប។
សម្រាប់ខែមិថុនា ឆ្នាំ២០២១នេះ អង្ករដែលកម្ពុជានាំចេញមានចំនូន៤៧ ៤១៩តោន ដែលមានការកើនឡើង១៤.១% បើធៀបនឹងខែមិថុនាឆ្នាំមុន គិតជាទឹកប្រាក់ចំនួន៣៣.៦៩លានដុល្លារ ដែលក្នុងនោះ ទីផ្សារប្រទេសចិន និងតំបន់ស្វយ័តមានចំនួន ២២ ៤៥៩ តោន គិតជាទឹកប្រាក់ ១៥.១៥លានដុល្លារ ដែលតួរលេខការនាំចេញទៅចិនមានកំនើន ១០២% បើធៀបទៅក្នុងខែមិថុនា ឆ្នាំ២០២០ដែលមានប្រមាណត្រឹម១១ ១២៤តោន៕