ក្រសួងសុខាភិបាលនៅថ្ងៃអង្គារនេះ បានណែនាំជាបន្ទាន់ដល់ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌ ក្រសួង ស្ថាប័ន រាជធានី ខេត្ត នូវគម្លាតនៃការចាក់វ៉ាក់សាំងរវាងដូសទី១និ ងដូសទី២ ដល់២១ថ្ងៃវិញ។
យោងតាមលិខិតរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះបានឱ្យដឹងថា គម្លាតនៃការចាក់វ៉ាក់សាំង Sinovac និងវ៉ាក់សាំង Sinopharm រវាងដូសទី១ និងដូសទី២មានរយៈពេលចំនួន២១ថ្ងៃវិញ។
លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេសបានមានប្រសាសន៍ថា៖ «សូមឯកឧត្តម លោកជំទាវ រៀបចំសេចក្តីជូនដំណឹងនិងធ្វើការណែនាំជាបន្ទាន់ដល់ក្រុមគ្រូពេទ្យនៃអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង ស្ថាប័ន រាជធានី ខេត្ត ស្តីពីការកែសម្រួលទាក់ទងនឹងគម្លាតនៃការចាក់វ៉ាក់សាំងSinovac និងSnopharm ដូសទី១ និងដូសទី២ដោយក្តីអនុគ្រោះ»។
សូមបញ្ជាក់ផងដែរថា គម្លាតនៃចាក់វ៉ាក់សាំងកូវីដ-១៩ Sinovac និងSinopharm ដែលជាវ៉ាក់សាំងផលិតនៅប្រទេសចិននេះ កាលពីដើមឡើយគម្លាតនៃការចាក់រវាងដូសទី១ និងដូសទី២មានរយៈពេលតែ១៤ថ្ងៃប៉ុណ្ណោះ៕