មន្រ្តីក្រសួងសុខាភិបាលបាននិយាយនៅថ្ងៃព្រហស្បតិ៍ ថាកម្ពុជាត្រូវការចាំបាច់នូវការប្រុងប្រយ័ត្ន និងសកម្មភាពរួមគ្នាដើម្បីអនុវត្តវិធានការទប់ស្កាត់ការឆ្លងកូវីដ ១៩ ឲ្យបានឆាប់រហ័សដើម្បីចៀសវាងសោកនាដកម្មផ្នែកសុខភាពសាធារណៈ និងសេដ្ឋកិច្ច។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បាននិយាយថាធ្វីតធ័រ «យើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន និងសកម្មក្នុងការចូលរួមសកម្មភាពរួមគ្នាដើម្បីអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងកូវីដ ១៩ នៅកម្ពុជា ឲ្យបានឆាប់រហ័សដើម្បីចៀសវាងសោកនាដកម្មបញ្ហាសុខភាពសាធារណៈ និងសេដ្ឋកិច្ច»។
ក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍នេះក៏បានប្រកាសដែរថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន ៣៩នាក់ ជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃ ហើយចំនួននេះបានធ្វើឲ្យមានស្លាប់សរុបកើនដល់ ១០២៥នាក់។
គិតត្រឹមថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដសរុបកើនដល់ ៦៤,៦១១នាក់ អ្នកជារសះស្បើយសរុបចំនួន ៥៦,១៧៨នាក់ និងអ្នកស្លាប់សរុបកើនដល់ ១០២៥នាក់គិតចាប់តាំងពីការរកឃើញដំបូងនៅចុងខែមករា ឆ្នាំ២០២០នេះមក។
យោងតាមរបាយការណ៌ ចំនួនអ្នកបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដនៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២១នេះ មានចំនួន៥,២៤០,១៥៩នាក់ ស្មើនឹង៥២.៤០ភាគរយ បើធៀបនឹងគោលដៅ១០លាននាក់ដែលកម្ពុជាគ្រោងនឹងសម្រេច៕