បើទោះបីដឹងថា ការប្រើប្រាស់ទឹកស្រះខ្វះអនាម័យ ប្រឈមនឹងជំងឺផ្សេងៗក៏ដោយ លោកគង់ សំបាន នៅតែបង្ខំចិត្តប្រើប្រាស់វាដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ ដោយសារតែគ្មានជម្រើសអ្វីផ្សេង។
លោកបាននិយាយដូច្នេះថា៖ «ខ្ញុំប្រើទឹកស្រះសម្រាប់ហូបចុក ទឹកអណ្ដូងសម្រាប់ដាំបាយស្លរ»។
លោកគង់ សំបាន ជាប្រជានេសាទម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដទៃទៀតដែលបានបរិហូបទឹកស្រះនេះនៅឃុំកំពង់់ភ្លុក ស្រុកសូទ្រនិគម ចម្ងាយប្រហែល៣០គីឡូម៉ែត ពីទីរូមខេត្តសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយ។
ប្រជាពលរដ្ឋមួយចំនួនបានអះអាងថាពួកគាត់ធ្លាប់មានរោគសញ្ញាមួយចំនួនដូចជាចុកពោះបន្តិចបន្តួច ស្បែកស្ងួតហួតហែង ធ្មេញមិនសូវស ខណៈដែលសម្រាប់អ្នកខ្លះ ពួកគាត់ថាបានហូរឡើងសាំហើយ។
ឃុំកំពង់ភ្លុក មានពលរដ្ឋរស់នៅជិត ១ពាន់គ្រួសារ ដែលពួកគាត់ភាគច្រើនប្រកបរបរនេសាទត្រី។
អ្នកជំនាញឯកទេសទឹកស្អាត និងអនាម័យនៃអង្គការភ្លែនអន្តរជាតិកម្ពុជា លោកហង់ ហ៊ីប៊ុណ្ណា ផ្តល់ជាយោបល់ថា អាជ្ញាធរថ្នាក់ក្រោមជាតិ គួរតែចុះទៅសិក្សានៅតំបន់នោះឡើងវិញ ហើយរកលទ្ធភាពដោះស្រាយ ជាបណ្តោះអាសន្ន ដើម្បីបង្ហាញពីទំនួលខុសត្រូវចំពោះបញ្ហានេះ។
លោកបាននិយាយថាយ៉ាងហោចណាស់ ផ្តល់ជាធុងចម្រោះជាដើម ឱ្យពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន ក្នុងដំណាក់កាល ដែលរដ្ឋាភិបាលមិនទាន់មានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតបាន។
លោកបានគូសបញ្ជាក់ថា៖ «ការប្រើប្រាស់ទឹកខ្វះអនាម័យ ងាយប្រឈមនឹងជំងឺរាគ ជំងឺផ្លូវដង្ហើម ជំងឺសើរស្បែក ជំងឺភ្នែក ព្រូន និងជំងឺគ្រុនពោះវៀនជាដើម»។
យោងតាមមន្ត្រីអង្គការភ្លែនអន្តរជាតិកម្ពុជាដដែល ខេត្តសៀមរាបមានកុមារអាយុក្រោម ៥ឆ្នាំ កើតជំងឺរាគជាមធ្យម មួយដងក្នុងមួយឆ្នាំ ហើយវាបង្កឱ្យកុមារខ្វះអាហារូបត្ថម្ភកាន់តែខ្ពស់ ក្នុងប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិតណៅ តូច វិញបានពន្យល់ថា អំឡុងពេលដែលពលរដ្ឋពុំទាន់មានទឹកស្អាតប្រើប្រាស់ ពួកគេគួរតែយកទឹកស្រះ ឬទន្លេនោះ ទៅដាំឱ្យបានឆ្អិនល្អជាមុនសិន មុនយកទៅពិសារ ដើម្បីជៀសវាងកើតជំងឺរាគរូស និងប្រព័ន្ធសេរីរាង្គ។
លោកណៅ តូច បាននិយាយថា៖ «បើមិនដាំទេ គាត់នឹងប្រឈមជំងឺច្រើនណាស់ រាគ ចង្អោរ ក្អួត ឬអ្វីផ្សេងៗទៀត។ ទឹកនឹងអាចមានមេរោគអីណាមួយ បង្កក្នុងនឹងដែរ បើកន្លែងនឹងវាមានពួកអាសេនីច [AS] ពួកភ្លុំ [Pb] ពួកអីអាចធ្វើឱ្យពួកគាត់ខូចប្រព័ន្ធសេរីរាង្គដែរ»។
ត្រឡប់មកប្រជានេសាទ លោកសំបានវិញ គាត់បានអះអាងថាគ្រួសារគាត់ រួមទាំងអ្នកភូមិ ទាន់មិនមានទឹកស្អាតប្រើប្រាស់ទេ។
ដោយបានប្រកបរបរនេសាទនេះជិត២០ឆ្នាំមកហើយ បុរសអាយុ៣៨ឆ្នាំរូបនេះ មានកូន ៥នាក់ក្នុងបន្ទុក បានរៀបរាប់បន្តថា បើទោះបីគាត់ដឹងថា ទឹកដែលគ្រួសារគាត់ កំពុងទទួលទានសព្វថ្ងៃ អាចបង្កឱ្យមានជំងឺក៏ដោយ តែគាត់គ្មានជម្រើស ក្រៅពីបង្ខំចិត្តប្រើទឹកនេះទេ ដើម្បីដោះស្រាយជីវភាព។
ដោយមានការងារជាប្រជាការពារភូមិផង លោកសំបាន ចង់ឱ្យរដ្ឋាភិបាលរៀបចំឱ្យមានបណ្តាញទឹកស្អាត ឱ្យពួកគាត់បានប្រើប្រាស់ ដើម្បីកាត់បន្ថយជំងឺផ្សេងៗ ខណៈពួកគាត់កំពុងជួបការលំបាកផ្នែកជីវភាព។
លោកបាននិយាយថា៖ «យើងនៅឃុំកំពង់ភ្លុក យើងប្រើប្រាស់ទឹកទន្លេ វាអត់ល្អទេ ហើយមួយទៀត ទឹកលូទឹកអីធ្លាក់ចូលក្នុងទឹកទន្លេ គឺទឹកនឹងអាចមានមេរោគ ប្រើនឹងវាប៉ះពាល់ដល់សុខភាព ព្រោះយើងរាល់ថ្ងៃយើងប្រើប្រាស់ ពេលណាភ្លៀងទៅ វាមានលាមកសត្វវាហូរចូលចឹង ចឹងហើយវាអត់មានអនាម័យល្អទេ»។
ប្រជានេសាទម្នាក់ទៀត អ្នកស្រីជុំ ឡាយ អាយុ៣២ឆ្នាំ បាននិយាយថា ចាប់ពីគាត់ដឹងក្តីមក គ្រួសារគាត់ប្រើប្រាស់ទឹកស្រះរហូតនៅរដូវប្រាំង ហើយពេលខ្លះត្រូវទិញទឹកគេប្រើ ទាំងលំបាកដោយសារតែជីវភាពក្រីក្រ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំជួបការលំបាកដូចជា ប្រសិនជាខ្ញុំទិញទឹកគឺមានតំលៃ ៣០០០រៀល ក្នុងមួយធុង ប៉ុន្តែពេលខ្លះសូម្បីតែ ៣០០រៀលហ្នឹង ក៏ខ្ញុំមិនមានផង»។
ជំទប់ទី១ ឃុំកំពង់ភ្លុក លោកឈន គុជស៊ាក់ បាននិយាយថា កាលពីខែមករា ឆ្នាំ២០២១ មន្ត្រីជំនាញនៅក្រសួងធនធានទឹក បានចុះមកសិក្សាបញ្ហានេះដែរ ប៉ុន្តែថា មកដល់ពេលនេះ មិនទាន់ទទួលបានព័ត៌មានពីការបង្កើតប្រព័ន្ធទឹកស្អាតនៅតំបន់នេះនៅឡើយទេដោយលោកបានអះអាងថា ប្រហែលដោយសារជំងឺកូវីដ-១៩។
មន្ត្រីឃុំរូបនេះ បានឃើញយល់ថា បើទោះគ្មានប្រព័ន្ធទឹកស្អាតប្រើប្រាស់ តែពលរដ្ឋនៅតំបន់នោះ មានប្រភពទឹកប្រើប្រាស់ប្រចាំថ្ងៃបាន ដូចជា ទឹកទន្លេ និងទឹកស្រះជាដើម ហើយថាប្រជាពលរដ្ឋខ្លះ ក៏មានលទ្ធភាពទិញទឹកបរិសុទ្ធ សម្រាប់បរិភោគផងដែរ។
តែយ៉ាងណាមន្ត្រីឃុំដដែលអះអាងបាននិយាយថា ប្រជាពលរដ្ឋនៅឃុំនេះ ចន្លោះពី ៨០ទៅ៩០ភាគរយ មានការយល់ដឹងជុំវិញការប្រើប្រាស់ទឹក ដោយមានអនាម័យ ក្នុងចំណោមពលរដ្ឋ ៩៩០ គ្រួសារ ដែលមានសមាជិក ៣ ៨៤១នាក់។
លោកបាននិយាយថា៖ «ក្នុងនាមរដ្ឋបាលឃុំ យើងក៏ព្យាយាមដោះស្រាយដែរ បញ្ហាខ្វះទឹកស្អាតហ្នឹង តាមរយៈទាក់ទងក្រសួងធនធានទឹក អង្គការដៃគូរ។ តែជម្រើសដែលយើងមិនទាន់ទទួលបាននោះ គឺមិនទាន់មានការឆ្លើយតបពិតប្រាកដជាក់លាក់ណាមួយ ប៉ុន្តែគម្រោងយើងសរសេររួចអស់ហើយ»។
ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តសៀមរាប លោកជា វុធឡុង បានមានប្រសាសន៍ថា ខេត្តមិនទាន់មានលទ្ធភាពផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាត ទៅដល់តំបន់ជនបទនៅឡើយទេ។
លោកបាននិយាយថា៖ «រដ្ឋអត់ទាន់មានលទ្ធភាពធ្វើទេ ព្រោះរដ្ឋធ្វើតែក្រុងសៀមរាបបំពេញមិនគ្រប់ផង ហើយដល់ពេ លចង់បានទឹកស្អាតប្រើដល់ទីជនបទទាល់យកឯកជនមកជួយ។[…] ព្រោះវិស័យទឹកស្អាតគេវិនិយោគទៅរបស់ របរសម្ភារៈមិនមែនដើមទុនតិចទេ គឺកន្លះលានទៅមួយលាន[លានដុល្លារ]អី។ អាហ្នឹងខ្នាតតូចផង ដល់ពេលចឹងវាអត់មានអ្នកវិនិយោគធ្វើទេ»។
ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ លោកស្រ៊ិន ពុទ្ធី បានឱ្យដឹងថា បញ្ហាប្រឈមនៃការខ្វះខាតទឹកស្អាតនៅកំពង់ភ្លុកនេះ លោកនឹងទាក់ទងទៅកាន់មន្រ្តីឱ្យចុះពិនិត្យ។
លោកបានបញ្ជាក់ថា ការតបណ្ដាញទឹកស្អាតនៅទូទាំងប្រទេសសម្រេចបាន ៧៥,១២ភាគរយ ខណៈជាង ២៤ភាគរយទៀត នៅមិនទាន់តបណ្តាញទឹកស្អាតទៅដល់ទេ។
លោកបាននិយាយថា៖ «ចំពោះបញ្ហា និងការប្រឈមនៃការខ្វះខាតទឹកស្អាតប្រើប្រាស់នៅតំបន់កំពង់ភ្លុកនេះ ក្រសួងមិនទាន់ទទួលបានព័ត៌មានទេ។ ខ្ញុំនឹងឱ្យខាងមន្ទីរអភិវឌ្ឍន៍ជនបទចុះពិនិត្យមើល»។
តែយ៉ាងណា លោកពុទ្ធី បានបញ្ជាក់ថា ក្រសួងបានកំណត់ត្រឹម ឆ្នាំ២០២៥ ខាងមុខនេះ ពលរដ្ឋកម្ពុជាទាំងអស់នឹងទទួលបានទឹកស្អាតប្រើប្រាស់គ្រប់ៗគ្នា។
របាយការណ៍ អង្គការយូនីសេហ្វ អំឡុងឆ្នាំ២០១៩ បាននិយាយថា ប្រជាពលរដ្ឋកម្ពុជាម្នាក់ ក្នុងចំណោមបីនាក់ ប្រើប្រាស់ទឹកពីប្រភពដែលពុំត្រូវបានកែលម្អ ហើយពួកគេមិនបានបែងចែកសំណល់របស់មនុស្ស ឱ្យនៅដោយឡែកពីមនុស្ស ប្រកបដោយអនាម័យនោះឡើយ។
អង្គការនេះ បានរកឃើញទៀតថា ក្នុងចំណោមសាលាមត្តេយ្យសិក្សាចំនួន១០ មាន ៧សាលា ដែលពុំមានបរិក្ខារអនាម័យ និងទឹកស្អាត ហើយក្នុងចំណោមមណ្ឌលសុខភាព នៅតំបន់ជនបទចំនួនពីរ មានមួយកន្លែងដែលពុំមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ។
បញ្ហានេះ យូនីសេហ្វបានបញ្ជាក់ថា កុមារបន្តជួបបញ្ហាក្រិសក្រិន និងបាត់បង់ជីវិត ដោយសារមូលហេតុពាក់ព័ន្ធនឹងទឹកស្អាត និងអនាម័យ ដែលគេអាចបង្ការជាមុនបាន កន្លែងលាងដៃនៅក្នុងសហគមន៍ និងសាលារៀនរបស់ពួកគេ។ ជាពិសេសនៅតាមតំបន់ជនបទ ប្រជាពលរដ្ឋមានចំណេះដឹងតិចតួច អំពីសារៈសំខាន់នៃអនាម័យត្រឹមត្រូវ៕