អត្រាចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ មាន ១០០ ,០០១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន៩៧,៨៩%។ នេះបើតាមការផ្សាយរបស់ក្រសួងសុខាភិបាល។
បើតាមសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះបញ្ជាក់ថា៖ «បើធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០១,២២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧,៣៨២នាក់»។
នៅថ្ងៃជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកដែរថា បើទោះបីជានៅកម្ពុជាមានការចាក់វ៉ាក់សាំងបានជាង១០លាននាក់ ឬស្មើនឹងជាង១០០%នៃចំនួនគ្រោងដំបូងក៏ដោយ ក៏នៅមានប្រជាជនរាប់ម៉ឺននាក់ទៀតដែលមិនទាន់បានចាក់វ៉ាក់សាំង ហើយដែលត្រូវបន្តចាក់ជូនឱ្យបានគ្រប់ៗគ្នា។
ក្នុងសារដដែលនោះបញ្ជាក់ថា៖ «ក្រៅពីប្រជាជនដែលមានអាយុ១៨ឡើងចំនួនជាង១០លាននាក់បានចាក់វ៉ាក់សាំង យើងក៏បានចាក់វ៉ាក់សាំងជូនកុមារ និងយុវ វ័យអាយុ១២ ទៅ១៨ឆ្នាំ បានចំនួន១.៧៨៨.៨០២នាក់ ដែលស្មើនឹង៩៧.៨៩% និង កុមារអាយុពី៦ ដល់១២ បានចំនួន១.៩២០.៥៩៩នាក់ ស្មើនឹង១០១.២២%។ គិតសរុបយើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន១៣.៧០៩.៤៨៧នាក់ ស្មើនឹង៨៥.៦៨%នៃប្រជាជនសរុប១៦លាននាក់»។
លោកនាយករដ្ឋមន្រ្តីបន្ថែមថា៖ «ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិបន្តអនុវត្តវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ៣ការពារ និង៣កុំ ព្រោះថាវ៉ាក់សាំងតែមួយមុខ បើទោះបីចាក់បានប៉ុន្មានដូសរហូតមុជវ៉ាក់សាំង ក៏មិនអាចការពារបានដែរ ប្រសិនជាបងប្អូនធ្វេសប្រហែស បោះបង់ចោលវិធីការពារខ្លួនតាមរយៈវិធានការ៣ការពារ និង៣កុំ»។
បើតាមលោកនាយករដ្ឋមន្រ្តី រហូតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងក្នុងដៃប្រមាណជិត១០លានដូស និងមានមនុស្សបានចាក់វ៉ាក់សាំងដូសទី៣ ប្រមាណជិត២លាននាក់រួចមកហើយ។ ក្នុងវ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ទៀត៕