លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២ ខែវិច្ឆិកា បាន​ប្រកាស​ថា កុមារ​ដែល​ត្រូវ​ចូលរៀន​នៅ​សាលា អាច​ប្រើប្រាស់​​បណ្ណ​ចាក់វ៉ាក់សាំង​ដែល​ថត​ចម្លង ដើម្បី​ការពារ​ការ​បាត់បង់។

​ក្នុង​វីដេអូ​​​ដែល​​លោក​នាយករដ្ឋមន្រ្តី​​បាន​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ នៅ​ថ្ងៃទី៣​ខែវិច្ឆិកា ឆ្នាំ​២០២១​ លោក​លើកឡើង​​ថា ប្រសិនបើ​អនុញ្ញាត​ឱ្យ​ប្រើ​បណ្ណ​ចាក់​វ៉ាក់​សាំង​​ដើម​សម្រាប់ពាក់​ទៅ​ចូលរៀន នោះ​អា​ចនឹងខូចខាត ឬបាត់បង់ ។

លោក​បញ្ជាក់​​ថា៖  «បាត់ប័ណ្ណ ឬខូចបណ្ណ ហើយ​បាត់បង់​នូវ​សុពលភាព ឬ​ក៏​ខ្វះការ​ទទួល​ស្គាល់​នៅ​ពេល​ដែល​មានការបាត់​បណ្ណ ហើយការប្តូរបណ្ណ​គឺមិនមែន​ជាការងាយ​ស្រួល​នោះ​ទេ ដែលត្រូវយកប​ណ្ណថ្មី ដូច្នេះ​យក​ល្អ​គឺ​យើង​ប្រើប្រាស់​ដដែល គឺថតចម្លង​ហើយរក្សា​ប​ណ្ណ​នៅផ្ទះ»។

លោក​នាយករដ្ឋមន្រ្តី​បានបន្ថែម​ដោយ​ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួងអប់រំ និង​អភិបាលខេត្ត រាជធានី ពិនិត្យ​ និង​ដោះស្រាយបញ្ហានេះ ដោយ​អាច​ថតចម្លង​បណ្ណ​ចាក់​វ៉ាក់សាំង​ជាសខ្មៅ ឬជាពណ៌។​

លោក​បន្ថែមថា៖ «​សូមឱ្យលោកគ្រូអ្នកគ្រូសាលានីមួយៗ ជួយរៀបចំថត គ្រួ សារ​នីមួយៗ​ដែល​មាន​លទ្ធភាព​ថត​ក៏សូម​ថត ហើយក្នុង​ករណី​ដែល​គ្រួសារ​ពុំ​មាន​លទ្ធភាព​ថ​តទេ​ អាច​ឱ្យ​សាលា​ជួយ​ថត​សម្រាប់ឱ្យសិស្សប្រើប្រាស់នៅកាតចាក់វ៉ាក់សាំងនេះ»។

ក្នុង​វីអេដូ​ដដែលនោះ លោក​នាយករដ្ឋមន្រ្តី​ក៏​បាន​ប្រាប់​ទៅ​​ក្រសួងសុខាភិបាល គណៈ​កម្មការ​ចំពោះការចាក់វ៉ាក់សាំង និង​ក្រសួងការពារជាតិ​ដែល​ជា​អ្នក​ធ្វើការ​លើ​ការចាក់​វ៉ាក់សាំង ត្រូវ​សរសេរ​ឈ្មោះ​របស់​ប្រជាជន​ឲ្យ​បាន​​ត្រឹមត្រូវ ជាពិសេស​ផ្នែក​ភាសា​អង់គ្លេស ​សម្រាប់​ងាយ​ស្រួល​ក្នុងការ​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស។​​

លោក​បញ្ជាក់​ថា៖ «ប្រជាពលរដ្ឋរបស់យើង មន្រ្តីរបស់យើង​មា​ន​ការចាំបាច់​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ក្នុងករណីដែលមានការដាក់ឈ្មោះ​ជា​ភាសាអង់គ្លេស​មិន​បាន​ត្រឹមត្រូវ​ស្រប​ទៅ​តាម​ឈ្មោះដែ​ល​មាននៅក្នុងលិខិត ឆ្លងដែន គឺមិន​អាច​ធ្វើដំណើរ​ចេញ​ទៅក្រៅប្រទេស​បានទេ ដូច្នេះ​សូម​យក​ចិត្តទុកដាក់ នៅក្នុងការដាក់ឈ្មោះឱ្យបានត្រឹមត្រូវទាំងជាភាសាខ្មែរ និង​ទាំង​ជា​ភាសា​អង់គ្លេស»។

កាលពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​បើក​ប្រទេស​ឡើង​វិញ​គ្រប់​វិស័យ ជាមួយ​នឹង​ការ​រៀន​រស់​នៅ​ជាមួយជំងឺ​កូវីដ​១៩​តាម​គន្លង​ថ្មី ប៉ុន្តែ​ពិចារណា​លើ​ការ​បើក​ហាន​ខារ៉ាអូខេ៕​