គណៈកម្មធិកាជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានប្រកាសឱ្យប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។
ក្នុងសេចក្ដីជូនដំណឹងរបស់គ.ជ.ប. ដែលចេញនៅថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២២បានបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ តាមឃុំ សង្កាត់ ទូទាំងប្រទេស បានប្រព្រឹត្តទៅអស់រយៈពេល៤២ថ្ងៃមកហើយ ក្នុងបរិយាកាសល្អប្រសើរ គ្មានការបំភិតបំភ័យ គ្មានការគម្រាមកំហែង គ្មានអំពើហិង្សា និងមានភាពរលូនល្អ។
ក្នុងសេចក្ដីជូនដំណឹងរបស់គ.ជ.ប.ដដែលបានបញ្ជាក់ថា៖«ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ មានគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ មានភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ ២០២៣ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៨ ខែ ធ្នូ ឆ្នាំ ២០២២ វេលាម៉ោង៥:៣០ នាទីល្ងាច ពោលគឺនៅសល់ត្រីមតែ ៨ថ្ងៃទៀតប៉ុណ្ណោះ»។
គ.ជ.ប.ក៏បានរំលឹកដល់ប្រជាពលរដ្ឋខ្មែរដែលមិនទាន់បានទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ឱ្យរួសរាន់ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ និងស្នើសុំកែតម្រូវឈ្មោះ ឬទិន្នន័យ ប្រសិនបើកត់ត្រាមិនត្រឹមត្រូវ។
ចំពោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺកើតមុន ឬត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ ឬប្រជាពលរដ្ឋមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក ឬប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅ ឬទីសំណាក់ចូលឃុំ សង្កាត់ថ្មី អាចទៅចុះឈ្មោះបាន។
គ.ជ.ប.បានបញ្ជាក់បន្ថែមថា មានតែប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ប៉ុណ្ណោះ ទើបមានសិទ្ធិបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះបាន។
គួររំលឹកដែរថា កាលពីឆ្នាំ២០២១ មានប្រជាពលរដ្ឋចំនួនជាង២សែននាក់ ដែលបានទៅចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល១៨ថ្ងៃនៃដំណើរការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត៕