អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃបានចេញសេចក្ដីជូនដំណឹងដល់អគ្គលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធានក្រុមប្រឹក្សានីកម្ម និងអង្គភាពនានាអំពីនីតិវិធី និងបែបបទសម្រាប់ស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំអគ្គនាយកដ្ឋានរដ្ឋបាល អគារA ទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃដែលចេញនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២បានបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់ក្រុមការងារបច្ចេកទេសចុះអនុវត្តជំរុញការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតាជូនមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ។
អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមក្នុងសេចក្ដីជូនដំណឹងនេះថា អ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព សាមីខ្លួន អាចយកតែអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាពនោះ មកបំពេញបែបបទសុំផ្ដល់ឡើងវិញក្នុងករណីពុំមានការផ្លាស់ប្ដូរទិន្នន័យ។ ដោយឡែកក្នុងករណីមានការផ្លាស់ប្ដូរអាសយដ្ឋាន សាមីខ្លួន ត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលផុតសុពលភាព និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅតាមអាសយដ្ឋានបច្ចុប្បន្ន។
ចំពោះអ្នកដែលបាត់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវមានពាក្យបណ្ដឹង និងពាក្យសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ចេញដោយប៉ុស្ដិ៍នគរបាលដែលសាមីខ្លួនស្នាក់នៅអចិន្ត្រៃយ៍។ ករណីអ្នកដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របក ខូច ត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលរបក ខូចនោះ មកសុំប្ដូរថ្មី ដោយពុំចាំបាច់មានឯកសារអ្វីទេ។
ក្នុងសេចក្ដីជូនដំណឹងនេះដដែលក៏បានបញ្ជាក់ទៀតថា អ្នកដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រើប្រាស់ សាមីខ្លួនត្រូវមានសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត ឬសេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ដែលបញ្ជាក់ថាមានសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។
គួររំលឹកដែរថា បើតាមទិន្នន័យរបស់មន្ដ្រីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានឱ្យដឹងថា ប្រជាពលរដ្ឋជាង៥ ម៉ឺននាក់ បានប្រើប្រាស់អត្តសញ្ញាណប័ណ្ណហួសសុពលភាព ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នាពេលខាងមុខ៕