អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ បាន​បណ្ដេញ​ជន​បរទេស​ចំនួន​១៤៨នាក់​ ស្រី​ចំនួន​១០​នាក់​ ក្នុង​នោះ​មាន​ជន​ជាតិ​ចិន​ចំនួន​១៤៥នាក់​ ជនជាតិ​កូរ៉េ​ចំនួន​០២​នាក់​ និង​ជន​ជាតិ​អេស្ដូនី​ចំនួន​០១នាក់​ ចេញ​ពី​ព្រះ​រាជាណាចក្រកម្ពុជា​ និង​ហាម​ឃាត់​ការ​ចូល​ប្រទេស​កម្ពុជា​រយៈ​ពេល​០៣ឆ្នាំ​។

បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ចេញ​នៅ​ថ្ងៃ​ទី​០៧ ខែ​ធ្នូ ឆ្នាំ​២០២២ ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ចាប់​ពី​ថ្ងៃ​ទី​០៤ ដល់០៦ ខែ​ធ្នូ​ ឆ្នាំ​២០២២ បាន​​បណ្ដេញ​​ជន​បរទេស​ចំនួន​១៤៨​នាក់​ ចេញ​ពី​ព្រះ​រាជាណាចក្រកម្ពុជា​ ដោយ​អនុលោម​តាម​ច្បាប់​ស្ដី​ពី​​​អន្តោ​ប្រវេសន៍ តាម​ប៉ុស្ដិ៍​នគរ​បាល​ច្រក​ទ្វារ​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំ​ពេញ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា​៖ «​​ជន​បរទេស​ចំនួន​១៤៨​នាក់ខាង​លើ​ ត្រូវ​បាន​សមត្ថ​កិច្ច​ធ្វើ​ការ​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​បទ​ល្មើស​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ គ្មាន​លិខិត​ឆ្លង​ដែន​ លួច​ស្នាក់​នៅ​ខុស​ច្បាប់​លើស​ទិដ្ឋាការ​កំណត់​ និង​ការ​ធ្វើ​ការ​ងារ​ខុស​ច្បាប់​ដែល​ល្មើស​នឹង​ច្បាប់​ស្ដី​ពី​អន្តោ​ប្រវេសន៍​ ដោយ​ត្រូវ​ធ្វើ​ការ​បណ្ដេញ​ចេញ​តាម​ប្រកាស​របស់​ក្រសួង​មហា​ផ្ទៃ​ និង​ហាម​ឃាត់​ការ​ចូល​ប្រទេស​កម្ពុជា​រយៈ​ពេល​០៣​ឆ្នាំ​»។

​ក្នុង​សេចក្ដី​បំភ្លឺ​របស់​​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១ បាន​បញ្ជាក់​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ រហូត​ដល់​ខែ​០៥​ ដើម​ឆ្នាំ​២០២១​ ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ បាន​បណ្ដេញ​ជន​បរទេស​ខុស​ច្បាប់​ចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា​ សរុប​ចំនួន​១៨,៤៧០​នាក់​ ស្រី​៣,០៦០នាក់​ និង​មាន​១០៤​សញ្ជាតិ​៕​