រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃលោកស ខេង បានជំរុញការធ្វើកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការនៅកម្ពុជាឱ្យកាន់តែស៊ីជម្រៅ ដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធិភាព គុណភាពសេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានស្របតាមគោលការណ៍តាមបែបប្រជាធិបតេយ្យ។
នៅក្នុងកិច្ចប្រជុំ គ.ជ.អ.ប.លើកទី២០ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកស ខេង បានលើកពីគោលបំណងពិនិត្យវឌ្ឍនភាព បញ្ហាប្រឈម និងពិភាក្សាសេចក្ដីព្រាងឯកសារសំខាន់ៗមួយចំនួនរួមមាន ផែនការអនុវត្តន៍៥ឆ្នាំ ដំណាក់កាលទី១ ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ សេចក្ដីព្រាងច្បាប់ចំនួន៣ គឺច្បាប់តំបន់ការពារធម្មជាតិ ច្បាប់ព្រៃឈើនិងច្បាប់ជលផល និងបញ្ហាផ្សេងៗមួយចំនួនទៀត។
លោកស ខេង បានបញ្ជាក់ថា កម្មវិធីជាតិដំណាក់កាលទី២ ជាផែនទីបង្ហាញផ្លូវដ៏ច្បាស់លាស់មួយសម្រាប់បន្ត និងជំរុញការធ្វើកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការឱ្យកាន់តែស៊ីជម្រៅតាមរយៈការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងការបែងចែកមុខងារ សិទ្ធិអំណាច តួនាទី ភារកិច្ច និងការទទួលខុសត្រូវឱ្យកាន់តែមានភាពច្បាស់លាស់រវាងក្រសួង ស្ថាប័ននៅថ្នាក់ជាតិជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងចំណោមរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។
លោកបន្ថែមថា៖ «គោលបំណងសំខាន់នៃការបែងចែកឡើងវិញនូវមុខងារ សិទ្ធិអំណាច តួនាទី ភារកិច្ច និង ការទទួលខុសត្រូវក្នុងចំណោមស្ថាប័នសាធារណៈទាំងនេះ គឺដើម្បីធានាដល់ការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានស្របតាមគោលការណ៍អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យសំដៅចូលរួមចំណែកលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន យុត្តិធម៌ និងសមធម៌សង្គម»។
លោកអែម សុវណ្ណរ៉ា ជាអ្នកវិភាគវិទ្យាសាស្ដ្រនយោបាយ បង្ហាញពីទស្សនៈថា ការដែលចង់ធ្វើកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការគឺល្អហើយ ប៉ុន្តែចង់បញ្ជាក់ថាទស្សនៈឬគំនិតនេះមិនមែនទើបចាប់ផ្ដើមឥឡូវនេះទេ គឺចាប់ផ្ដើមយូរហើយ បានន័យថាការធ្វើកំណែទម្រង់រដ្ឋបាលតាំងពីទសវត្ស២០០០(២០០៦)មក។
លោកបានបន្ថែមថា៖ «ប៉ុន្តែយន្ដការនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការប្រហែលជាមិនទាន់បានជោគជ័យទាំងស្រុងទេ បានជាលោកឧបនាយករដ្ឋមន្ត្រីលោកលើកឡើងនូវទស្សនៈគំនិតក្នុងការកែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការហ្នឹង ឱ្យកាន់តែស៊ីជម្រៅ។ អីចឹងកិច្ចការប្រហែលនៅពាក់កណ្ដាល ឬកណ្ដាលត្រង់ណាមួយដែលមិនទាន់ឈានដល់គោលដៅនៃការចង់បាននៃកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ»។
លោកអែម សុវណ្ណរ៉ា ក៏បានបន្ថែមទៀតថា ជាទូទៅនៅក្នុងគោលការណ៍សហវិមជ្ឈការគឺគេផ្ទេរអំណាចពីថ្នាក់ជាតិទៅឱ្យថ្នាក់ក្រោមជាតិ ដើម្បីជួយរំលែក ជួយកាត់បន្ថយភាពអនាធិបតេយ្យ ឬភាពខាតពេលវេលា ដែលគេហៅថាការិយាធិបតេយ្យ កុំឱ្យវាអូសបន្លាយខាតពេលវេលានៃការអភិវឌ្ឍន៍ជាតិ។
លោកបានបញ្ជាក់ថា៖ «អីចឹងទម្រង់របស់វាជាគោលករណ៍ផង ជាទ្រឹស្ដីផង ជាការអនុវត្តន៍កន្លងមកនៅប្រទេសលោកខាងលិចមួយចំនួនផង ហើយកិច្ចការនេះជាទូទៅដែលយើងដឹង គឺក្រោមការឧបត្ថមក៍គាំពារពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់កន្លងមក ហើយបានដំណាក់កាលណាមួយ យើងក៏អត់ទាន់បានឃើញប្រកាសជាសាធារណៈ ឬក៏ឱ្យមហាជនទូទៅដឹងថាកិច្ចការហ្នឹងជោគជ័យដល់កម្រឹតណាទេ ។ អីចឹងអត់មានអីខុសប្លែកពីយន្ដការទូទៅនៃការធ្វើកំណែទម្រង់នៃសហវិមជ្ឈការនេះទេ»។
គួររម្លឹកដែរថា ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនាពេលបច្ចុប្បន្ន មានលក្ខណៈប្រហាក់ប្រហែលនឹងដំណើរការផ្ទេរមុខងារ ធនធាន សិទ្ធិ អំណាចពីថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងសម័យរដ្ឋកម្ពុជាដែលរដ្ឋាភិបាលនៅពេលនោះបានផ្ដល់សិទ្ធិអំណាច មុខងារ ធនធាន និងការទទួលខុសត្រូវយ៉ាងច្រើនទៅ ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយមន្ទីរ ការិយាល័យ អង្គភាពជំនាញនានាធ្វើជាសេនាធិការ និងស្ថិតក្រោមការដឹកនាំសម្របសម្រួល និងគ្រប់គ្រងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ នីមួយៗដែលពេលនោះហៅថាគណៈកម្មាធិការប្រជាជនខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់៕