កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង បានបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងែទី ១០ ខែធ្នូ ឆ្នាំ ២០២២។
នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥និង៣០នាទី នៅចំណុចព្រៃបារាំង ស្ថិតក្នុងភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ លាស់ វីត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាងសិប្បកម្ម ស្នាក់នៅបណ្តោះអាសន្នភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀងខេត្តព្រះវិហារ។ ក្នុងនោះបានដកហូតវត្ថុតាង ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន០១កញ្ចប់, ម៉ូតូចំនួន ០១ គ្រឿង ម៉ាក CB ពណ៌ក្រហម ទូរស័ព្ទចំនួន ០២ គ្រឿង។
ផ្អែកតាមចម្លើយសារភាពរបស់ឈ្មោះ លាស់ វីត និងការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញនៅថ្ងៃទី០៩ ខែឆ្នាំដដែល វេលាម៉ោង ១០និង៣០នាទី នៅចំណុចព្រៃពពេល ស្ថិតក្នុងភូមិត្រពាំងទន្ទឹម ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ សមត្ថកិច្ចបានបន្តស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ សុគុណ សំណាង ហៅ ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដកហូតវត្ថុតាង ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ២១ កញ្ចប់ ម៉ូតូចំនួន ០១ គ្រឿង ម៉ាក MSLAZ ទូរស័ព្ទដៃចំនួន ០១ គ្រឿង។
ផ្អែកតាមចម្លើយសារភាពរបស់ឈ្មោះ សុគុណ សំណាង ហៅ ម៉ាប់ និងការស្រាវជ្រាវស៊ើបអង្កេតរបស់សមត្ថកិច្ចជំនាញ នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១២និង៣០នាទី នៅចំណុចបន្ទប់ជួល (រំដេង) ស្ថិតក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ បានបន្តឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់ បន្ថែមទៀត។
ក្នុងនោះបានដកហូតវត្ថុតាង ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១ កញ្ចប់, ថ្នាំគ្រាប់ពណ៌ផ្កាឈូកប្រភេទ (WY) ចំនួន ២០៨ គ្រាប់, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង និងទូរស័ព្ទចំនួន ០៣ គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៦នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕