ឯកអគ្គរដ្ឋទូតអ៊ីតាលី បានប្រាប់បំណងពីការផ្ដល់ជំនួយដល់កម្ពុជាសម្រាប់ការអភិរក្សប្រាសាទនៅតំបន់អង្គរ និងទីក្រុងភ្នំពេញ រួមទាំងបង្ហាញសុទិដ្ឋិនិយមក្នុងការលើកទឹកចិត្ត និងទាក់ទាញពាណិជ្ជករ ធុរជន និងវិនិយោគិនអ៊ីតាលី មកទស្សនកិច្ចនៅកម្ពុជា។ យោងតាមប្រភពព័ត៌មានទំព័រហ្វេសប៊ុកក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកកឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក PAOLO DIONISI ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋអ៊ីតាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី និងមាននិវេសនដ្ឋាននៅទីក្រុងបាងកក ដើម្បីពិភាក្សាការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
លោកកឹម ស៊ីថន បានសាទរចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរជាពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងការគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យសំខាន់ៗជាច្រើន ក្នុងនោះរួមមានការបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដតាមរយៈយន្តការការពារជនស៊ីវិលរបស់សហភាពអឺរ៉ុប និងកម្មវិធីCOVAXផងដែរ។
លោកកឹម ស៊ីថន បានប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងទ្វេភាគីនេះឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំជាងមុនបន្ថែមទៀត ក្នុងអាណត្តិថ្មីរបស់អគ្គរដ្ឋទូត។
ក្រៅពីនេះ លោកកឹម ស៊ីថន បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានបើកប្រទេសជាប្រក្រតី និងដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញលើគ្រប់វិស័យ។
លោកធ្វើការកត់សម្គាល់នូវវឌ្ឍនភាពនានាដែលក្រសួងពាណិជ្ជកម្មបាននិងកំពុងអនុវត្តក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងទិសដៅអាទិភាពពាណិជ្ជកម្មក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចចូលទៅក្នុងតំបន់និងពិភពលោក និងការធ្វើពិពិធកម្មទីផ្សារនាំចេញឱ្យកាន់តែធំទូលាយ។
បន្ថែមពីនេះដែរ លោកកឹម ស៊ីថន រដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្មបានអបអរសាទររដ្ឋាភិបាលនៃប្រទេសអ៊ីតាលី ចំពោះឆន្ទៈក្នុងការធ្វើជាបេក្ខភាពម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោកឆ្នាំ២០៣០ នៅទីក្រុងរ៉ូម និងបានជូនពរឱ្យបេក្ខភាពអ៊ីតាលីទទួលបានភាពជោគជ័យក្នុងដំណើរការបោះឆ្នោតជ្រើសរើសបេក្ខភាពធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តិទៅក្នុងអំឡុងសន្និសីទប្រចាំឆ្នាំរបស់ការិយាល័យពិព័រណ៍អន្តរជាតិនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
ជាការឆ្លើយតប លោក PAOLO DIONISI បានបង្ហាញសុទិដ្ឋិនិយមក្នុងការលើកទឹកចិត្ត និងទាក់ទាញពាណិជ្ជករ ធុរជន និងវិនិយោគិនអ៊ីតាលី មកទស្សនកិច្ចនៅកម្ពុជាសំដៅស្វែងយល់បន្ថែមពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងលើកទឹកចិត្តភាគីទាំងពីរបង្កើនសកម្មភាពពាណិជ្ជកម្មទ្វេភាគី ដែលជាកត្តាជួយដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើនទំហំពាណិជ្ជកម្មកម្ពុជា-អ៊ីតាលី ឈានដល់កម្រិតសក្តានុពល។
បន្ថែមពីទៀត លោកបានអបអរសាទរចំពោះគុណភាពអង្កររបស់កម្ពុជា ដែលជាប់ជាអង្ករល្អ បំផុតក្នុងវេទិកាស្រូវអង្ករពិភពលោកប្រចាំឆ្នាំ ២០២២ ដែលបានរៀបចំឡើងនៅទីក្រុងភូកេត ប្រទេសថៃ។
លោក ក៏បានជម្រាបជូនអំពីបំណងក្នុងការផ្តល់ជំនួយដល់កម្ពុជាសម្រាប់ការអភិរក្សប្រាសាទនៅតំបន់អង្គរ និងទីក្រុងភ្នំពេញ ដែលពោរពេញទៅដោយសម្បត្តិវប្បធម៌ និងអញ្ជើញកម្ពុជាចូលរួមក្នុងពិព័រណ៍ផលិតផលគ្រឿងសម្អាងនៅឆ្នាំក្រោយ ព្រមទាំងស្នើសុំផ្តល់មន្ត្រីទំនាក់ទំនងនៃក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីបន្តសហការ និងពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរ។
សូមគូសបញ្ជាក់ថា៖ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជានិងអ៊ីតាលី ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២២ សម្រេចបានប្រមាណ ៤០៩,៣៤ លានដុល្លារអាមេរិក ជាមួយនឹងកំណើនប្រមាណ ៣៦,៦៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ កម្ពុជានាំចេញមុខទំនិញសំខាន់ៗទៅអ៊ីតាលីដូចជា៖ សម្លៀកបំពាក់ ស្បែកជើង និងទំនិញដទៃទៀត ហើយកម្ពុជានាំចូលមុខទំនិញសំខាន់ៗពីអ៊ីតាលីដូចជា៖ ផលិតផលធ្វើពីស្បែកសត្វ គ្រឿងសម្អាង ម៉ាស៊ីនបោកគក់(ប្រើប្រាស់ក្នុងរោងចក្រកាត់ដេរវាយនភ័ណ្ឌ) ក្រណាត់ប៉ាក់ រថយន្ត និងទំនិញដទៃទៀត៕