លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃពុធនេះ បានមានប្រសាសន៍ថា ការថែរក្សា និងការអភិរក្សអង្គរ ជាកាតព្វកិច្ចរបស់កូនខ្មែរទាំងអស់គ្នា។
ថ្លែងក្នុងការបើកព្រឹត្តិការណ៍ បុណ្យរំលឹកគុណអង្គរ និងរាប់បាត្រព្រះសង្ឈចំនួន ១៣០ អង្គ នៅខេត្តសៀមរាម នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ថាយើងត្រូវប្រឹងប្រែងទ្វេរឡើង ដើម្បីអភិវឌ្ឍ ការពារនូវសន្តិភាព ស្ថិរភាពសង្គម។
លោកស្រី បញ្ជាក់ថា៖ «ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងត្រូវបង្កើនការខិតខំប្រឹងប្រែងទ្វេរឡើង ដើម្បីអភិវឌ្ឍប្រទេសយើង ការពារឱ្យបានដាច់ខាតនូវនាវាសន្តិភាព ស្ថិរភាពសង្គម និងផ្តល់ឱ្យជាតិរបស់យើងនូវកិត្តិនាមរបស់ខ្លួនឡើងវិញ។ បេតិកភណ្ឌអង្គរនឹងមិនត្រូវបានបំភ្លេចឡើយ ចំណែកឯការថែរក្សា និងការអភិរក្សអង្គរ ជាកាតព្វកិច្ចរបស់កូនខ្មែរទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា កម្មវិធីបើកព្រឹត្តិការណ៍ បុណ្យរំលឹកគុណអង្គរ និងរាប់បាត្រព្រះសង្ឈចំនួន ១៣០ អង្គ រៀបចំឡើងក្នុងគោលបំណងដើម្បីរំលឹកគុណអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ និងបុព្វការីជនដែលបានកសាង ថែរក្សាប្រាសាទទាំងអស់នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ ។ ជាពិសេស បានបង្ហាញអំពីសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ ក្នុងការលើកស្ទួយពាក្យស្លោក កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ និងធ្វើឱ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក អរគុណសន្តិភាព ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។