ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាលកំពុងធ្វើការសិក្សាសាងសង់ផ្លូវដែកល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ ពីព្រះសីហនុទៅកាន់ព្រំដែនថៃ ក៏ដូចជាពីភ្នំពេញទៅកាន់តំបន់ផ្សេងៗទៀត ដើម្បីកាត់បន្ថយការលំបាក និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។
លោកបានថ្លែងថា៖ «ការធ្វើផ្លូវដែកល្បឿនលឿន គឺមិនចំណាយពេលយូរនោះទេ ដោយសារតែកម្ពុជាមានផ្លូវដែកស្រាប់នៅពេលបច្ចុប្បន្ន ហេតុនេះយើងត្រូវការការតភ្ជាប់ផ្ទៃក្នុងដើម្បីកាត់បន្ថយការលំបាករបស់ប្រជាជន កាត់បន្ថយភាពក្រីក្រ និងបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនកម្ពុជា។»
គួរបញ្ជាក់ដែរថា ផ្លូវដែកកម្ពុជាបានចាប់ផ្តើមសាងសង់ដំបូងក្នុងទសវត្សរិ៍ឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ។ ផ្លូវដែកកម្ពុជាមានចំនួន ២ខ្សែ គឺ ខ្សែភាគខាងជើង និងខ្សែភាគខាងត្បូង ដែលមានប្រវែងសរុប ៦៥០គីឡូម៉ែត្រ។
ផ្លូវដែកភាគខាងជើង មានប្រវែង ៣៨៦គីឡូម៉ែត្រ ពីភ្នំពេញ ទៅដល់ប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ត្រូវបានកសាងឡើងចាប់ ពីឆ្នាំ១៩២៩ ដល់ឆ្នាំ១៩៤២ ក្នុងសម័យអាណានិគមបារាំង និងផ្លូវដែកភាគខាងត្បូងត្រូវបានកសាងឡើងចន្លោះឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៦៩ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្រោមជំនួយរបស់ប្រទេសបារាំង អាល្លឺម៉ង់ខាងលិច និងចិន ដែលមានប្រវែងសរុប ២៦៤គីឡូម៉ែត្រ។
ផ្លូវដែកទាំងពីរខ្សែនេះ ត្រូវបានទទួល រងការខ្ទេចខ្ទាំយ៉ាងធ្ងន់ធ្ងរ ហើយផ្នែកខ្លះត្រូវបានបំផ្លាញទាំងស្រុងដោយរបបកម្ពុជាប្រជាធិបតេយ្យ។
បច្ចុប្បន្ន ផ្លូវដែកទាំងពីរខ្សែ ត្រូវបានសាងសង់ និងជួសជុលដាក់ឱ្យប្រើប្រាស់ឡើងវិញ តាមរយៈ ការសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ កម្ពុជា (RRC)៕