ក្រសួងទេសចរណ៍នឹងរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ ដល់២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍»។
បើតាមការចេញផ្សាយលើទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គ លើកទី៥១ និងរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ ដល់២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍»។
ក្នុងការផ្សាយរបស់ទំព័រហ្វេសប៊ុកផ្លូវការក្រសួងដដែល បានស្រង់សម្តីរបស់ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍លោក ថោង រដ្ឋសក្តិ និងសហប្រតិបត្តិការអន្តរជាតិថា៖ «វេទិកាទេសចរណ៍មេគង្គ គឺជាកម្មវិធីមួយស្ថិតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសមហាអនុតំបន់មេគង្គ ដោយផ្តោតសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូរដ្ឋ និងឯកជនក្នុងវិស័យទេសចរណ៍ សំដៅអភិវឌ្ឍផលិតផល និងជំរុញការផ្សព្វផ្សាយទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គ ឲ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និងផ្តល់នូវបទពិសោធន៍ថ្មី និងល្អឯកដល់ភ្ញៀវទេសចរ»។
លោកបន្ថែមថា កម្មវិធីវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ និងគិតគូរឡើងវិញពីវិស័យទេសចរណ៍ និងប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍។ ក្រៅពីនេះក៏មានកិច្ចពិភាក្សា ចំនួន៣ផ្សេងទៀតរួមមាន ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី និងការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍៕