ក្នុងរយៈពេលបួនថ្ងៃ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ ខេត្តព្រះវិហារ រកឃើញបទល្មើសព្រៃឈើចំនួន៤០ករណី និង៦៣ក្តារបន្ទះក្នុងដែនជម្រកសត្វព្រៃព្រះរការ។
យោងតាមទំព័រហ្វេសបុករបស់សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ បានចុះផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ បញ្ជាក់ថា បទល្មើសព្រៃឈើដែលសហគមន៍ចាប់បានក្នុងរយៈពេល៤ថ្ងៃនោះ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ សហគមន៍បន្ថែមថា ឈើដែលត្រូវបានកាប់មានមុខកាត់ចាប់ពី ៣៤សង់ទីម៉ែត្រ ដល់៩០ សង់ទីម៉ែត្រ ដែលក្នុងនោះមានប្រភេទឈើពពេល ផ្តៀក ស្ទៀង កកោះ ឈ្លីក និងឈើទាល (ឈើដែលសហគមន៍ទាញអនុផលជ័រច្បោះ)។
ទំព័រហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «កាប្រទះឃើញបទល្មើសចំនួន៤០ករណី ក្នុងនោះការដឹកឈើចេញដោយប្រើគោយន្ដចំនួន២ករណី ដោយចាប់ផ្តើមត្រង់ចំណុចដែលមាននិយាមការ X=516392 Y=1527464ដល់ចំណុចដែលមាននិយាមការ X=520981 Y=1557179 ក្នុងរយៈចំងាយប្រមាណជា ៥០ គីឡូម៉ែត្រ»។
ទំព័ហ្វេសប៊ុកដដែលបានបានបន្ថែមថា សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅតែបន្តប្រទះឃើញករណីបទល្មើសកើតមានឥតស្រាកស្រាន្តជាហូរហែក្នុងដែនជម្រកសត្វព្រៃព្រះរការ ទោះបីជាការរកឃើញទាំងនោះធ្លាប់បានចេញផ្សាយជាប្រចាំស្ទើតែពេញមួយឆ្នាំកាលពីឆ្នាំ២០២២យ៉ាងណាក្តី។
ទំព័រហ្វេសប៊ុករបស់សហគមន៍ជនជាតិដើមភាគតិចកួយបន្ថែមថា ពួកគេសោកស្តាយចំពោះការអនុវត្តផែនការក្នុងការល្បាតការពារព្រៃពីសំណាក់ក្រសួងបរិស្ថាន។
ទំព័រហ្វេសប៊ុកនោះសរសេរថា៖ «នេះបានឆ្លុះបញ្ចាំងឲ្យឃើញពីកង្វះសមត្ថភាព និងឆន្ទៈក្នុងការការពារព្រៃឈើ ធនធានធម្មជាតិ ពីសំណាក់ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ ដែលវាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បរិស្ថាន និងទំនៀមទម្លាប់របស់សហគមន៍ជនជាតិដើមភាគតិចកួយ»។
សហគមន៍ជនជាតិដើមភាគតិចគួយក៏បានអំពាវនាវសារជាថ្មីដល់អាជ្ញាធរមូលដ្ឋាន និងក្រសួងបរិស្ថាន បញ្ឈប់ការរារាំងសិទ្ធិសេរីភាព និងសូមបង្កបរិយាកាសល្អដល់អង្គការសង្គមស៊ីវិល សាធារណជន សហគមន៍មូលដ្ឋានក្នុងការរួមចំណែកធ្វើសកម្មភាពដើម្បីការពារពង្រឹងការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋានប្រកបដោយប្រសិទ្ធភាព តម្លាភាព និងការទទួលខុសត្រូវ។ ពួកគេក៏បានអំពាវនាវឱ្យអាជ្ញាធរបង្កើតយន្តការតាមដានការអនុវត្តច្បាប់របស់មន្ត្រីមូលដ្ឋាន និងដាក់ទោសទណ្ឌបើសិនរកឃើញថាជាប់ពាក់ព័ន្ធនឹងការស៊ីសំណូកជាមួយឈ្មួញខិលខូច។
Newsroom Cambodia មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានទេ។
លោក សាន់ ម៉ាឡា សកម្មជនព្រៃឈើនៅកម្ពុជាបានឱ្យដឹងថា ការរកឃើញបទល្មើសព្រៃឈើចំនួន៤០ករណី ជាការបញ្ជាក់ជាថ្មីថា ក្រសួងបរិស្ថានពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពារ និងថែរក្សាធនធានព្រៃឈើ។
លោកបញ្ជាក់ថា៖ «ប្រជាជនដែលជាអ្នកថែរក្សា និងប្រកបរបរពីការដងជ័រច្បោះក៏ចាប់ផ្តើមមានការបាក់ទឹកចិត្ត និងលក់ដើមជ័រច្បោះរបស់ពួកគាត់ទៅអោយឈ្មួញខិលខូចម្តងមួយៗ ដោយសារសហគមន៍គាត់អត់មានជំនឿលើថាក្រសួងបរិស្ថាន អាចការពារនូវធនធានច្បោះដែលជាទ្រព្យសម្បត្តិពីដូនតារបស់ពួកគាត់បានឡើយ»។
លោកបន្ថែមថា៖ «ក្រសួងត្រូវធ្វើកំណែទម្រង់ការងារបស់ខ្លួនជាបន្ទាន់ ជាពិសេសការិតត្បិត និងត្រូវតែលើកទឹកចិត្តអោយសហគមន៍មូលដ្ឋាន មហាជន ក៏ដូចជាសកម្មជនព្រៃឈើចូលរួមចំណែកក្នុងការងារអភិរក្សរាកាពារព្រៃឈើមួយនេះ ទើបអាចធានាបាននូវប្រសិទ្ធភាពខ្ពស់ ហើយអាចទប់ស្កាត់បាន១០០ភាគរយក្នុងកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកព្រៃព្រះរការ ក៏ដូចជាតំបន់ការពារដ៏ទៃទៀត»៕