លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃចន្ទថារដ្ឋាភិបាលនឹងផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនក្រីក្រ ប្រមាណ១លាន ៥សែននាក់ ដោយមិនបង់ថ្លៃសិក្សា និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ នៅដើមឆ្នាំ២០២៤។
យោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្រ្ដី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ថា កម្ពុជាមានសក្ដានុពលដោយមានមនុស្សវ័យក្មេងច្រើន ខណៈសមត្ថភាពនៅមានកម្រិត។ ហេតុនេះបានជាលោកដាក់ឱ្យគណៈកមា្មធិការគោលនយោបាយសេដ្ឋកិច្ចសិក្សាអំពីបញ្ហានេះ និងលទ្ធភាពជំរុញការបណ្ដុះបណ្ដាលវិជ្ជាជីវៈឱ្យយុវជនក្រីក្រទទួលបានការបណ្ដុះបណ្ដាល មិនត្រឹមតែមិនបង់ថ្លៃទេ ក៏ប៉ុន្តែផ្តល់ប្រាក់ឧបត្ថម្ភដល់ពួកគេបន្ថែមទៀត ទើបយុវជនមានប្រាក់ផ្កត់ផ្គង់ការទទួលទាននៅពេលសិក្សា។
លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា៖ «ខ្ញុំកំពុងតែដាក់ឱ្យរៀបចំដាក់ឱ្យមានការសិក្សា ហើយការសិក្សានេះវានឹងទៅជាការពិតមួយ ដែលឆ្នាំនេះយើងបានអនុម័តថវិការួចស្រេចទៅហើយ យើងមិនអាចធ្វើបានទេ ការសិក្សានោះនៅត្រង់ថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជន ពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស គឺមានប្រមាណមាន១លាន៥សែននាក់ នៅតាមគ្រឹះស្ថាន បណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិតមួយ ដោយមិនបង់ថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំ យើងនឹងធ្វើនៅចុងឆ្នាំនេះ និងឆ្នាំក្រោយចាប់ពីនោះ»។
លោក ហ៊ុន សែនបានបន្តទៀតថា៖ «យើងនឹងធ្វើនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយបានសេចក្ដីថា យើងនឹងរ៉ាប់រងសម្រាប់សិស្សបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលចេញពីគ្រួសារក្រីក្រ គ្មានលទ្ធភាពរៀននៅមហាវិទ្យាល័យ។ យើងយកពួកគាត់ទៅបណ្ដុះបណ្ដាល មិនត្រឹមតែមិនបង់ថ្លៃទេ ក៏ប៉ុន្តែយើងផ្ដល់ប្រាក់ឧបត្ថម្ភឱ្យពួកគាត់ថែមទៀត ធ្វើម៉េចបណ្ដុះបណ្ដាលធនធានមនុស្ស បើយើងដោះស្រាយក្នុងរង្វង់មួយលានប្រាំសែននាក់នេះ ខ្ញុំគិតថាសេដ្ឋកិច្ចក្រៅប្រព័ន្ធត្រូវធ្វើសមាហរណកម្មជាមួយនឹងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។»
លោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានលើកឡើងថា កន្លងមករដ្ឋាភិបាលមានគោលនយោបាយក្នុងការផ្តល់ប្រាកឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ ឬក៏ប្រជាពលរដ្ឋងាយរងគ្រោះ (អ្នកមានកាតក្រីក្រ) ការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុក្នុងការជួយគាត់ក្នុងការដោះស្រាយបញ្ហាជីវភាពតែមួយមុខ វាមិនទាន់គ្រាប់គ្រាន់ និងមាននិរន្តរភាពទេ ដូចនេះការបណ្តុះបណ្តាលពួកគាត់អោយមានចំណេះមានជំនាញដើម្បីយកទៅប្រកបរបចិញ្ជឹមជីវិតទេ ទើបជាមធ្យោបាយដើម្បីជួយពួកគាត់ និងធ្វើឱ្យជីវិតរបស់គាត់មានភាពរុងរឿងធូស្បើយ។
លោកបណ្ឌិតប៉ា ច័ន្ទរឿនបានបន្ថែមថា៖ «អាហ្នឹងវាត្រូវនឹងទស្សនវិទ្យានៃការអភិវឌ្ឍន ប្រសិនបើយើងឱ្យត្រីទៅនរណាម្នាក់គេអាចហូបបានតែមួយថ្ងៃឬក៏រយៈពេលខ្លី ក៏ប៉ុន្តែបើបង្រៀនគេឱ្យចេះស្ទូចត្រី ឱ្យចេះចិញ្ចឹមត្រីចេះថែរក្សានិងអភិរក្សបរិស្ថានដើម្បីឱ្យមានត្រីច្រើន ទើបធ្វើអោយពួកគាត់មិនខ្វះនូវអារហារហូបចុកទាំងពេលបច្ចុប្បន្ន ទាំងពេលអនាគត។»
លោកបណ្ឌិតបានបន្តថា៖ «ដើម្បីធានាថាយុវជន ឬពលរដ្ឋក្រីក្រទទួលបានការបណ្តុះបណ្តាលទាល់តែដំណើរការនៃការជ្រើសរើសពួកគាត់ធ្វើឡើងដោយមិនមានការរើសអើង ធ្វើឡើងដោយមិនមានអំពើពុករលួយបន្លែបន្លំ មានការផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋជាពិសេសយុវជនដែលទើបជាប់បាក់ឌុប ឱ្យគាត់ចូលរួមដាក់ពាក្យក្នុងការចូលរៀន។»
លោកបានបញ្ជាក់បន្ថែមថា ដំណើរការទាំងនេះរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធគួតែមានការផ្សព្វផ្សាយអោយបានទូលាយ ចំពោះការយល់ដឹងដល់មាតាបិតាសិស្ស យុវជនយើងដែលទើបតែបញ្ជប់កាសិក្សាទុតិយភូមិ ឬបាក់ឌុបអោយយកចិត្តទុកដាក់ និងឱ្យតម្លៃការសិក្សារៀនសូត្រវគ្គបច្ចេកទេសដែលជាជំនាញចាំបាច់ដើម្បីអាចយកទៅប្រើប្រាស់ក្នុងការដោះស្រាយជីវភាព និងចាប់យកឱកាសការងារទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត៕