លោកហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានជំរុញគណបក្សប្រឆាំងបញ្ឈប់ការប្រមាថនយោបាយ ដោយថាពួកគេគួរតែផ្តោតលើគោលនយោបាយរបស់ខ្លួនជំនួសវិញ ជាជាងវាយប្រហាអ្នកដ៏ទៃ។
លោកម៉ាណែតបានអះអាងថាលោកធ្លាប់និយាយជាមួយ លោកថាច់ សេដ្ឋា អនុប្រធានគណបក្យភ្លើងទៀន អំពីវប្បធម៌ជេរប្រមាថគេដើម្បី ចំណេញនយោបាយខ្លួនឯង ជាជាងខំប្រឹងប្រែងប្រកួតគ្នា ក្នុងការបម្រើប្រជាពលរដ្ឋ គឺមិនល្អ នេះយោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ លោកហ៊ុន ម៉ាណែត ថ្ងៃទី២៣មករា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមមេធាវីរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តលោកសែនប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ កាលពីថ្ងៃសុក្រ ទី២០មករា២០២៣ លោកបានចោទបក្សប្រឆាំងថាលាបពណ៌ ប្រឆាំងពូជសាសន៍ បង្កជម្លោះដើម្បីបង្កើតកំហឹង។ លោកម៉ាណែតបានបន្តថាជំនួបរវាងលោកនិងលោក ថាច់ សេដ្ឋា គឺដើម្បីឱ្យកែប្រែមកជាខិតខំប្រកួតគ្នាដើម្បីបម្រើប្រជាពលរដ្ឋ។
លោកបានបន្តថា ច្បាប់គឺបង្កលក្ខណៈអំណោយផលឱ្យមនុស្សចូលទៅ ក្នុងរបត់ដើម្បីបង្កើនការទុកចិត្តទៅលើគ្នា។
លោកបានបញ្ជាក់ផងដែរថា៖ «បើអ្នកឯងជេរ លេងហួសព្រំដែនត្រូវទទួល ហ្នឹងហើយគឺជា ការចូលរួមចំណែករបស់ច្បាប់ ក្នុងការថែរក្សាប្រជាធិបតេយ្យ ប្រកបដោយទំនួលខុសត្រូវ និងការទុកចិត្តគ្នា លេងឱ្យស្រួលបួល ហើយបើមិនចង់អោយគេលេងតាមផ្លូវច្បាប់ កុំធ្វើខុសច្បាប់»។
លោកបានបន្ថែមថា បក្សប្រឆាំងដល់ពេលដែលត្រូវនិយាយពីគោលនយោបាយខ្លួនឯង ជាជាងប្រើនូវយុទ្ធនាការវាយទៅលើគេ ដើម្បីបានផលប្រយោជន៍ គួរតែនិយាយពីរឿងនយោបាយ ដើម្បីមិនបង្កជារឿងក្ដីក្ដាំង។
Newsroom Cambodia បានព្យាយាមទាក់ទងទៅលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ប៉ុន្តែមិនបានទទួលការឆ្លើយតបទេជុំវិញបញ្ហានេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បាននិយាយនៅក្នុងរបាយការណ៍ពិភពលោកឆ្នាំ ២០២៣ របស់ខ្លួនថា លោក ហ៊ុន សែន បានប្រើវិធានការសុខភាពសាធារណៈដើម្បីទប់សេរីភាពពលរដ្ឋក្នុងប្រទេសនៅឆ្នាំ ២០២២។ អ្នកនយោបាយ និងសមាជិកបក្សប្រឆាំងទទួលរងការយាយី ការចាប់ខ្លួនតាមអំពើចិត្ត និងការកាត់ទោស នេះយោងតាម Human Rights Watch។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បានបន្តថាអាជ្ញាធរបានលុបបំបាត់សេរីភាពប្រជាធិបតេយ្យនៅក្នុងប្រទេសដោយការយាយី គំរាមកំហែង និងកាត់ទោសអ្នកនយោបាយ និងសកម្មជនគណបក្សប្រឆាំង ជាពិសេសមេដឹកនាំក្នុងស្រុក និងសមាជិកនៃគណបក្សភ្លើងទៀន៕