កម្ពុជា និងថៃចាប់ផ្តើមមានទំនាស់រឿងប្រើភាសាកីឡាសម្រាប់ប្រទេសរៀងៗខ្លួន ដោយកម្ពុជាសម្រេចប្រើពាក្យថា (KUN KHMER)ហើយដកពាក្យ (MUAY)ចេញ បង្កឱ្យថៃមានការខឹងសម្បាយ៉ាងខ្លាំង និងបានប្រកាសថានឹងមិនចូលរួមប្រកួត នេះយោងតាមសារព័ត៍មានថៃនានា។
កាសែតថៃបានចុះផ្សាយកន្លងមកថា ថៃមានការខឹងសម្បាចំពោះកម្ពុជា ដែលលុបពាក្យ MUAY ហើយសម្រេចប្រើពាក្យថា KUN KHMER ហើយភាគីថៃបានសម្រេចមិនចូលរួមការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ដែលមានកម្ពុជា ជាម្ចាស់ផ្ទះនេះតែម្តង ហើយនៅឆ្នាំ២០២៥ខាងមុខនេះ ប្រទេសថៃនឹងធ្វើជាម្ចាស់ផ្ទះវិញម្តង ហើយពាក្យMUAYថៃនៅតែប្រើសម្រាប់ភាពជាម្ចាស់ផ្ទះរបស់ខ្លួន ប៉ុន្តែកម្ពុជាក៏សម្រេចមិនចូលរួមការប្រកួតស៊ីហ្គេមឆ្នាំ២០២៥ដែលមានថៃជាម្ចាស់ផ្ទះនេះដូចគ្នា។
លោក វ៉ាត់ ចំរើន នាយកប្រតិបត្តិ Camsoc បាននិយាយថាសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣នេះ តម្រូវឱ្យមាន ៤ប្រទេសឡើងទៅចូលរូម ទើបអាចប្រកួតបាន ហើយកម្ពុជាមាន ៦ប្រទេសគាំទ្រការក្រគួតនេះ គឺ ប្រទេសឡាវ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូនេស៊ី ហ្វីនលិពីន និងមាឡេស៊ី រួចទៅហើយ ដូច្នេះកម្ពុជាមិនបារម្មណ៍ចំពោះប្រទេសថៃដែលមិនចូលរួមប្រកួតនោះឡើយ ហើយប្រទេសថៃនៅតែមានគោលជំហរដាច់ខាតមិនឱ្យលុបពាក្យ MUAYចេញឡើយ។
យោងតាមគេហទំព័រ Cambodia2023.com លោកវ៉ាត់ ចំរើន បានគូសបញ្ហាក់ថា៖ «សម្តេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC បានផ្តល់អនុសាសន៍ណែនាំជាច្រើន ដើម្បីជំរុញបន្ថែមលើ គ្រប់សកម្មភាពការងារឱ្យបានច្បាស់លាស់ និងទាន់ពេលវេលា។
តែទោះជាយ៉ាងនេះក្តី គេហទំព័រហ្វេសបុកផ្ទាល់របស់លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផុសក្នុងបណ្តាញសង្គមផ្ទាល់របស់លោកថា «នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ស្អែកនេះ យុទ្ធនាការជាតិរាប់ថយក្រោយ១០០ថ្ងៃ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចូលមកដល់ យើងនឹងរាប់ថយក្រោយ១០០ថ្ងៃទាំងអស់គ្នា ដើម្បីឱ្យប្រជាពលរដ្ឋយើងទូទាំងប្រទេសបានដឹងថាកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកូតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (32nd sea games) និងអាស៊ានប៉ារ៉ាហ្គេមទី១២(12th ASEAN Para Games)។»
NEWSROOM CAMBODIA បានព្យាយាមទាក់ទង់ទៅលោកវ៉ាត់ ចម្រើន ប៉ុន្តែការទាក់ទង់មិនទាន់អាចទាក់ទង់បានអំពីពត៌មានលំអិតនៅឡើយអំពីកម្ពុជាសម្រេចប្រើពាក្យ គុនខ្មែរ (KUN KHMER) ហើយលុបចោលនៅពាក្យ (MUAY)៕