លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កម្ពុជាជាប្រទេសដែលមានធនធានធម្មជាតិសម្បូរបែប និងអាកាសធាតុអំណោយផល ប៉ុន្តែនៅតែក្រព្រោះ កំហុសនយោបាយនៃការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ និងកង្វះធនធានមនុស្ស។
លោកហ៊ុន សែន បានថ្លែងសន្ទរកថានៅពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើន កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ថាយើងមានធនធានធម្មជាតិសម្បូរបែប និងស្ថានភាពអំណោយផលនៃធាតុអាកាស ពិនិត្យអំពើស្ថានភាពរបស់ប្រទេសរបស់យើង ភាពអនុគ្រោះមានច្រើនបើធៀបជាមួយនឹងប្រទេសដទៃ ក៏ប៉ុន្តែហេតុអីបានជាយើងក្រ គឺបណ្តាលមកពីបញ្ហានយោបាយដែលបានចាប់ផ្តើមឡើងនៅឆ្នាំ១៩៧០។
លោកបានបញ្ជាក់ថា៖ «កំហុសខាងនយោបាយនៃការសម្រេចចិត្តធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នាំអោយប្រទេសនេះ មិនត្រឹមតែមិនអាចអភិវឌ្ឍបានទេ ក៏ប៉ុន្តែប្រទេសនេះត្រូវបានបំផ្លាញឬសគល់តែម្តង»។
លោកបណ្ឌិតមាស នី អ្នកវិភាគឯករាជ្យបានមានប្រសាសន៍ថា ការទាញមូលហេតុនៃសង្រ្គាមយកមកដាក់ ជារឿងមួយត្រឹមត្រូវ ព្រោះសង្គ្រាមបានបង្ហិនបង្ហោចហ្នឹងមិនមែនត្រឹមតែក្នុងរបបលុន ណុលទេ។ មួយវិញទៀតតម្រូវការសង្គម តម្រូវការមនុស្សកាន់តែមានច្រើន ការបំផ្លាញ ឬការប្រើប្រាស់នូវធនធានធម្មជាតិខុសបែបបទកាន់តែច្រើនក៏ជាផ្នែកមួយផងដែរ។
លោកបណ្ឌិតបន្តថា៖ «ធម្មតាធនធានធម្មជាតិគឺសម្រាប់បំរើមនុស្ស យើងត្រូវគិតអំពីការសងគុណទៅធនធានធម្មជាតិវិញផងដែរ មិនមែនដឹងតែពីយកគ្នាមកប្រើ ដល់ពេលអស់មិនមែនធម្មជាតិវេទនាទេគឺមនុស្សទេដែលជាអ្នកវេទនា»។
លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា៖ «កម្ពុជាមានធនធានដ៏សំបូរបែបមែន ក៏ប៉ុន្តែប្រសិនយើងមានការធ្វេសប្រហេស ហើយយើងមិនមានការត្រួតពិនិត្យអោយបានត្រឹមត្រូវទេ របស់អស់ហ្នឹងវាមិននៅយូរប៉ុន្មានជាមួយយើងទេ […] ការប្រើប្រាស់ធនធានធម្មជាតិមិនមែនថាកុំទេ យើងប្រើ ក៏ប៉ុន្តែយើងត្រូវតែមានការត្រួតពិនិត្យ ហើយនិងមានការសិក្សាអោយច្បាស់លាស់»។
លោកបណ្ឌិតបានបញ្ជាក់ថា ធនធានធម្មជាតិខ្លះដូចជារ៉ែ ឬក៏ធនធានក្រោមដីមួយចំនួន វាជាធនធានដែលអត់វិលមកវិញទេតែប្រើអស់គឺអស់ ដូចដើមឈើ ព្រៃឈើយើងអាចកាប់ទៅវាអាចដុះវិញ ក៏ប៉ុន្តែរ៉ែនៅក្រោមដី ឬក៏ប្រេង ឬក៏មាស តែប្រើអស់គឺមិនអាចដុះឡើងវិញបានទេ ដូចនេះបើយើងបំផ្លាញដូចជាយើងកំពុងតែធ្វើការសម្លាប់នូវខ្មែរជំនាន់ក្រោយៗទៀត កុំគិតឆ្អែតពោះអ្នកបច្ចុប្បន្ន យើងនឹងជួបប្រទះនឹងភាពក្រីក្រហើយកូនចៅយើងជំនាន់ក្រោយ។
លោកបណ្ឌិតបានបញ្ជាក់បន្ថែមថា៖ «អញ្ចឹងបើនិយាយពីមូលហេតុសង្គ្រាមវាសមរម្យហើយ តែវាមានរឿងមួយទៀតដែរ ដែលពិភពលោកបច្ចុប្បន្នកំពុងប្រឈម នៅស្រុកខ្មែរយើងនេះក៏ប្រឈមនឹងគេដែរគឺការប្រទង់ប្រទាញគ្នារវាងការអភិវឌ្ឍ ហើយនឹងការរក្សានូវធនធានធម្មជាតិទាំងអស់ហ្នឹងអោយមានការប្រើប្រាស់»។
លោកបានសង្កត់ធ្ងន់ថា៖ «បើកាលណាធនធានធម្មជាតិនឹងទី១ បើយើងធ្វើមិនត្រូវរឿងវានឹងប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ វាធ្វើអោយពលរដ្ឋមិនពេញចិត្តមិនសប្បាយចិត្តជាមួយនឹងរដ្ឋាភិបាល ហើយអាហ្នឹងបើសេដ្ឋកិច្ចវាកើនប៉ុណ្ណាក៏ដោយ ក៏ប៉ុន្តែបើការប្រើប្រាស់ធនធានធម្មជាតិវាមានវិនាសកម្មសំរាប់ជីវិតមនុស្ស គឺពេលនោះមនុស្សមិនសប្បាយចិត្តនឹងសេដ្ឋកិច្ចទេ គឺវាអាចនឹងទៅខឹងរដ្ឋាភិបាលទៅលើការបំផ្លាញធនធានធម្មជាតិខុសបែបបទ។»
«ហើយទី២ទៀត ហើយយើងត្រូវរៀនសូត្រថាប្រទេសអ្នកមានមួយចំនួនដែលគេរៀបចំប្រទេសគេស្រួល ធនធានធម្មជាតិណាដែលវា គេអាចមកស្រាវជ្រាវនៅក្នុងប្រទេសណាដែលក្រីក្រ ព្រោះក្រីក្រងាយណាស់ អោយតែគេខ្ពស់បន្តិចដឹងតែលក់អោយគេហើយ ដល់ពេលថ្ងៃក្រោយទៅអាប្រទេសក្រីក្រហ្នឹងអស់រហេមរហាមទៅ គេនៅជាអ្នកមានដដែល គេនឹងចាប់ផ្តើមប្រើរបស់គេនេះជាភាពឆ្លាតវៃរបស់រដ្ឋាភិបាលរបស់ប្រទេសមួយណាចឹងទៅ»៕