ព្រះអង្គកួយ សៅណា បានចាកចេញពីស្រុកកំណើត បន្តការសិក្សាក្នុងទីក្រុងភ្នំពេញ ដោយមើលឃើញពីភាពលំបាក ការខ្វះខាតរបស់ប្រជាជន ព្រះអង្គបានបង្កើតកម្មវិធីអប់រំសីលធម៌ និងកម្មវីធីសប្បុរសធម៌ ឡើង។
ព្រះអង្គ មានព្រះជន្ម ២៨វស្សា មកពីខេត្តកំពង់ស្ពឺ សព្វថ្ងៃ ព្រះអង្គស្នាក់នៅវត្តថាន់ ក្នុងរាជធានីភ្នំពេញ ដោយបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រ។ ព្រះអង្គជានិស្សិតមកពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង និងពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ។
កត្តាជំរុញឱ្យមានការបង្កើតកម្មវិធីសប្បុរសធម៌នេះឡើង ក្នុងគោលបំណង បណ្ដុះផ្នត់គំនិតយុវជន ផ្សព្វផ្សាយសីលធម៌បែបពុទ្ធសាសនា ជួយជនចាស់ជរា គ្មានទីពឹង និងយល់ពីជីវិតពិតការរស់នៅតាមតំបន់ដាច់ស្រយាល ទោះបីជាគ្មានអ្នកជ្រោមជ្រែងការសិក្សារបស់ព្រះអង្គក៏ដោយ។
ព្រះអង្គ ជាកូនពៅនិងកំព្រាម្ដាយក្នុងចំណោមបងប្អូនចំនួន៦នាក់ បានរៀបរាប់ថា ព្រះអង្គត្រូវនិមន្តបិណ្ឌបាត្រដើម្បីបានបច្ច័យផ្គត់ផ្គង់ថ្លៃសាលា និងមធ្យោបាយធ្វើដំណើរ។
ព្រះអង្គបន្តថា «ជីវិតរៀនបណ្ដើរ ជួយការងារសង្គមបណ្ដើរមិនងាយស្រួលនោះទេ នៅពេលបង្កើតកម្មវិធីម្ដងៗ ខ្ញុំព្រះករុណាត្រូវចំណាយបច្ច័យផ្ទាល់ខ្លួន ណាមួយត្រូវចំណាយពេលវេលារៀបចំកម្មវិធី»។
ប៉ុន្តែ បន្ទាប់ពីព្រះអង្គបានធ្វើកម្មវិធី នេះពីរបីដងរួចមក ក៏មានការគាំទ្រ ពីសំណាក់ ព្រះសង្ឃ និងញាតិញោម ជាហូរហែ។
ព្រះអង្គ មានសង្ឃដីការថា៖ «មុនពេលបង្កើតកម្មវិធី អ្វីដែលលំបាកនោះគឺ ការស្នើសុំរៀបចំតាមបែបប្រព័ន្ធរដ្ឋបាល ផលលំបាក ក្នុងការចំណាយម្ដងៗ […]ការលំបាកក្នុងការ ដឹកនាំ យុវជន និងយុវចាស់។»
ព្រះអង្គបានលើកឡើងថា ជីវិតមនុស្សម្នាក់ៗបើយើងរស់នៅដោយអត់មានបានធ្វើសេចក្ដីល្អទេ យើងរស់នៅគ្មានន័យទេ។
ព្រះអង្គបានបញ្ជាក់ថា ៖ «ការចែករំលែក មានតិចធ្វើតិច មានច្រើនធ្វើច្រើនតាមអ្វីដែលយើងអាចធ្វើទៅបាន តាម សទ្ធាជ្រះថ្លា យើងកុំទៅប្រកាន់អ្នកនេះអ្នកនោះចូលតិចឬច្រើនអី អាត្មាធ្លាប់បានរងសំដីគេនិយាយឌឺដងផ្លែផ្កាដល់ព្រះអង្គ ប៉ុន្តែក៏ នៅតែតស៊ូជម្នះគ្រប់បែបយ៉ាង ដើម្បីសង្គមជាតិមាតុភូមិរបស់យើងដែរ»។
កម្មវិធីសប្បុរសធម៌នេះ ព្រះអង្គបានធ្វើតាំងពីដើមឆ្នាំ២០១៧ បន្តមកដល់បច្ចុប្បន្ន។ ព្រះអង្គរំពឹងថា បន្ទាប់ពីកម្មវិធី ប្អូនៗ ញាតិញោម នឹងទទួលបានច្រើនអំពីការអប់រំ យល់ដឹងអំពីព្រះធម៌និងជីវិត។
ព្រះអង្គសំណូមពរថា៖ ខ្ញុំព្រះករុណាអាត្មាភាព សូមសំណូមពរទៅដល់ប្រជាពលរដ្ឋខ្មែរយើង ត្រូវចេះជួយប្រាស្រ័យគ្នាទៅវិញទៅមកក្នុងគ្រាលំបាក និងកាន់យកសីល៥ ជាមាគ៌ាដ៏ប្រពៃសម្រាប់មនុស្សគ្រប់រូបា មិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ ហើយចេះជួយរក្សាកេរ្តិ៍មរតក វប្បធម៌ដូនតារៀងទៅ៕