ក្រុមការងាររោងជាង និងអភិរក្សថ្ម និងសាលាបារាំងចុងបូព៌ា (EFEO) បានសាកល្បងយកព្រះហស្ដទាំងពីររបស់ព្រះបាទជ័យវម៌្មទី៧មកតភ្ជាប់ ដើម្បីបញ្ជាក់ពីសម្មតិកម្មនាពេលកន្លងមក។ នេះបើយោងតាមសេចក្តីជូនដំណឹងសារមន្ទីរជាតិ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។
សារមន្ទីរជាតិកម្ពុជាបានជម្រាបឲ្យដឹងថា បំណែករូបព្រះបាទជ័យវម៌្មទី៧ រកឃើញដោយលោក Henri Marchal ឆ្នាំ១៩២៤ ហើយបានយកមករក្សាទុកនៅអភិរក្សដ្ឋានអង្គរនៅឆ្នាំ១៩៣១និងបានដឹកយកមករក្សាទុកនៅសារមន្ទីរជាតិ និងផ្គុំឡើងវិញនៅចុងឆ្នាំ១៩៣៤ ដោយលោក Georges Groslier ។ ក្រោយមកលុះដល់ឆ្នាំ១៩៩៨ ក្រុមការងារអភិរក្ស និងជួសជុលនៃសារមន្ទីរជាតិសង្កេតឃើញថា ការផ្គុំភ្ជាប់ឡើងវិញនោះមិនត្រឹមត្រូវទេ ទើបសម្រេចរុះរើ និងអភិរក្សជួសជុលឡើងវិញតាមបទដ្ឋានបច្ចេកទេស រហូតបញ្ចប់ក្នុងឆ្នាំ១៩៩៩។
ក្នុងទំព័រហ្វេកប៊ុកផ្លូវការសារមន្ទីរជាតិដដែលបន្តថា បំណែកព្រះហស្តស្ថាំនៃរូបព្រះបាទជ័យវម៌្មទី៧ រកឃើញនៅក្នុងឆ្នាំ១៩៩០ ដោយឡែកបំណែកកំណាត់ដើមដៃឆ្វេងរកឃើញក្នុងឆ្នាំ១៩២៤ ប៉ុន្តែបំណែកទាំងពីរនេះ អ្នកស្រាវជ្រាវខ្មែរលោកបណ្ឌិតមីសែល ត្រាណេ បានផ្តល់សម្មតិកម្មដំបូងថាបំណែកទាំងពីរនេះជាបំណែកព្រះហស្ដរបស់ព្រះបាទជ័យវម៌្មទី៧។
សារមន្ទីរជាតិបានបញ្ជាក់ថា៖ «សម្មតិកម្មនេះ បានបញ្ជាក់ច្បាស់ពីក្រុមស្រាវជ្រាវបារាំងបានប្រើប្រាស់បច្ចេកវិទ្យា 3D ស្កេនសាកល្បងតភ្ជាប់ ការតភ្ជាប់ដោយបច្ចេកវិទ្យានេះ បង្ហាញថាបំណែកដៃទាំងពីរពិតជារបស់ព្រះបាទជ័យវម៌្មទី៧ពិតប្រាកដមែន ព្រោះស្នាមតំណដែលបែកបាក់នោះត្រួតស៊ីគ្នាល្អស្ទើរ១០០%»។