ព្រះភិក្ខុប៉ម សុខៃវណ្ណៈ បានធ្វើការបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់របស់ព្រះអង្គដើម្បីប្រកាសរកជំនួយឧបត្ថម្ភសំពត់ងូតចំនួន៦០ស្បង់ ដើម្បីយកទៅបំបួសដើមឈើនៅតំបន់អារ៉ែងនៅថ្ងៃទី២ ខែកុម្ភៈខាងមុខនេះ។
យោងតាមសង្ឃដីកាផ្ទាល់របស់ព្រះអង្គប៉ម សុខៃវណ្ណៈ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា ការធ្វើការបំបួសដើមឈើនៅតំបន់អារ៉ែងនេះមានការចូលរួមពីសំណាក់ក្រុមយុវជនចំនួន ២៥អង្គ/នាក់ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២-៥ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។
ព្រះអង្គមានសង្ឃដីកាបញ្ជាក់ផងថា៖ «ការបំបួសដើមឈើនេះធ្វើឡើងក្នុងគោលបំណងចង់ឲ្យដើមឈើទាំងនោះនៅគង់វង្សបានឃើញដល់កូនចៅជំនាន់ក្រោយ ហើយដើម្បីទប់ស្កាត់បទល្មើសព្រៃឈើក្នុងតំបន់នោះកំពុងតែកើតមាន និងដើម្បីជាចំណែកមួយផ្សារភ្ជាប់ធនធានធម្មជាតិជាមួយនឹងព្រះពុទ្ធសាសនាផងដែរ»។
ព្រះអង្គក៏បានបញ្ជាក់បន្ថែមថាដោយសារតែស្ថានភាពបច្ចុប្បន្នកំពុងតែមានការកាប់បំផ្លាញព្រៃឈើជាច្រើនពីសំណាក់អ្នកមានអំណាច ឬក៏ឈ្មួញនៅតំបន់នោះហើយទើបព្រះអង្គមានសង្ឃដីកាចង់អំពាវនាវទៅកាន់រដ្ធាភិបាលដូចជាមន្រ្តីថ្នាក់មូលដ្ធាននឹងចូលរួមល្បាតព្រៃឈើក៏ដូចជាចូលរួមការបំបួសជាមួយយើង ហើយក៏ចង់ឱ្យមហាជនទាំងអស់ស្រលាញ់ធនធានធម្មជាតិនៅតំបន់នោះ និងអ្នកដែលពាក់ព័ន្ធទាំងអស់ឱ្យមានការចូលរួមថែរក្សាដើម្បីកុំឱ្យមានការកាប់បំផ្លាញនៅតំបន់នោះទៀតដោយសារតែពេលកន្លងមកយើងធ្វើការចុះទៅផ្ទាល់៤-៥លើកមកហើយនៅតែមានការកាប់បំផ្លាញព្រៃឈើដដែល៕