ស្ថាបនិកនៃគម្រោង Ladies in Tech បានលើកទឹកចិត្តឱ្យស្ដ្រីនិងក្មេងស្រី ចូលរួមក្នុងវិស័យបច្ចេកវិទ្យាឱ្យបានច្រើន ដើម្បីសម្របនឹងបដិវត្តឧស្សាហកម្ម៤.០។
កញ្ញាកៅ ម៉េងហ័ង ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុនសែនពាមជីកង ជាស្ថាបនិកនៃគម្រោង Ladies in Tech ដែលជាគម្រោងមួយដែលជួយជម្រុញឱ្យស្ត្រី និងក្មេងស្រីចូលរួមក្នុងវិស័យបច្ចេកវិទ្យា។
ក្នុងឆ្នាំ២០២០ កញ្ញាបានចូលរួមក្នុងកម្មវិធី Technovation Girls Cambodia ហើយក៏បន្តចូលរួមក្នុងកម្មវិធីនេះ ៣ឆ្នាំជាប់ៗគ្នារហូតដល់ឆ្នាំ ២០២២ កញ្ញាក៏ទទួលបានជ័យលាភីឯកផ្នែក Senior។ កញ្ញាបានបង្កើតកម្មវិធីទូរស័ព្ទដៃ ៣ខុសៗគ្នាដើម្បីជួយដល់សហគមន៍របស់កញ្ញា ព្រមទាំងធ្លាប់ចូលរួមក្នុងកម្មវិធី The 11th E-icon World Contest ដែលសហការជាមួយសមាជិកក្រុមនៅប្រទេសកូរ៉េ ដែលបានបង្កើតកម្មវិធីទូរស័ព្ទដៃមួយដើម្បីជួយកាត់បន្ថយបញ្ហាបម្រែបម្រួលអាកាសធាតុ និងបានចូលរួមកម្មវិធីជាច្រើនទៀត។
កញ្ញាបានបន្តថា៖ «វិស័យបច្ចេកវិទ្យា បានរួមចំណែកដ៏ធំមួយក្នុងការផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ដោយបានផ្តល់នូវចំណេះជំនាញជាច្រើនដល់ខ្ញុំ ក្នុងការវិភាគដោះស្រាយបញ្ហា ការគិតបែបច្នៃប្រឌិត និងជំនាញក្នុងការបង្កើតថ្មីផងដែរ»។
កញ្ញាបានជួបនឹងបញ្ហាប្រឈមមួយចំនួនដូចជា ការគ្រប់គ្រងពេលវេលា បញ្ហាកម្រិតចំណេះជំនាញបច្ចេកវិទ្យា តែទោះបី មានពេលតិចតួច ក៏កញ្ញាខិតខំកំណត់ គោលដៅ ផែនការ ច្បាស់លាស់ និងចំណាយពេលសិក្សា តាម Internet។
កញ្ញាបន្ថែមថាវិស័យនេះពិតជាមានសារៈសំខាន់ ក្នុងសង្គមសព្វថ្ងៃ យ៉ាងហោចណាស់ត្រូវតែមានចំណេះជំនាញបច្ចេកវិទ្យាក្នុងខ្លួនបន្តិចបន្តួច ដើម្បីសម្របនឹងសង្គមបច្ចុប្បន្ន។
ជាចុងក្រោយកញ្ញាបាន ផ្តាំផ្ញើរទៅកាន់ប្អូននារីៗទាំងអស់ថា៖ «វិស័យបច្ចេកវិទ្យាគឺមិនមែនសម្រាប់តែក្មេងប្រុសនោះទេ វាគឺសាកសមទាំងចំពោះក្មេងប្រុស និងក្មេងស្រី។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាស្រឡាញ់ចូលចិត្តក្នុងវិស័យនេះ អ្នកទាំងអស់គ្នាត្រូវកំណត់គោលដៅឱ្យច្បាស់ ហើយសូមដើរតាមក្តីសុបិនរបស់អ្នកទាំងអស់គ្នា ទោះបីជាជួបឧបសគ្គយ៉ាងណាក៏ដោយ។ ខ្ញុំជឿថាអ្នកអាចធ្វើបាន»៕