អង្គការតម្លាភាពអន្ដរជាតិបានរកឃើញថាអំពើពុករលួយនៅប្រទេសកម្ពុជានៅក្នុងឆ្នាំ២០២២ មានការថយចុះជាងឆ្នាំ២០២១។
នៅថ្ងៃអង្គាទី៣១ ខែមករាឆ្នាំ២០២៣នេះ អង្គការតម្លាភាពអន្ដរជាតិបានរកឃើញថាអំពើពុករលួយនៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២២ មានភាពល្អប្រសើជាងឆ្នាំ២០២១ តែស្ថិតនៅក្នុងក្រុមប្រទេសដែលមានអំពើពុករលួយច្រើនដដែល នេះបើតាមលទ្ធផលស្រាវជ្រាវប្រចាំឆ្នាំស្ដីពីអំពើពុករលួយនៅទូទាំងពិភពលោក។
លទ្ធផលបានរកឃើញថា៖ «ប្រទេសកម្ពុជានៅក្នុងឆ្នាំ២០២២មាន ២៤ពិន្ទុកើនឡើងមួយពិន្ទុ បើធៀបទៅនឹងឆ្នាំ២០២១ កម្ពុជាមាន ២៣ពិន្ទុ ហើយនៅឆ្នាំ២០២១ កម្ពុជាឈរនៅលេខរៀងទី១៥៧ ក្នុងចំណោមប្រទេស១៨០ហើយនៅក្នុងឆ្នាំ២០២២ប្រទេសកម្ពុជាឈរនៅលេខរៀងទី១៥០ក្នុងចំនោមប្រទេស១៨០»។
បើប្រៀបធៀបទៅនឹងប្រទេសក្បែរខាងកម្ពុជាមានដូចជា ថៃ ឡាវ វៀតណាម ប្រទេសកម្ពុជានៅតែមានអំពើពុករលួយច្រើនជាងគេដ៏ដែល ដោយប្រទេសថៃមាន ៣៦ពិន្ទុ ឡាវមាន៣១ពិន្ទុ វៀតណាមមាន៤២ពិន្ទុ តែបើប្រៀបធៀបប្រទេសនៅក្នុងតំបន់អាស៊ានវិញ ប្រទេសកម្ពុជាមានភាពប្រសើជាងប្រទេសមីយ៉ាន់ម៉ា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានប្រាប់NewsroomCambodia ថាលោកពិតជាទទួលស្គាល់ថាមានអំពើពុករលួយ ហើយលោកថាកម្ពុជាក៏មានច្បាប់ប្រឆាំងនឹងអំពើពុករលួយដែលលោកថារដ្ឋាភិបាល ក៏មានវិធានការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ កែទំរង់ផ្នែករដ្ឋបាល ផ្នែកហិរញ្ញវត្ថុ កិច្ចកែទំរង់គណនេយ្យភាព និងតម្លាភាពដែលជាមួលដ្ឋានគ្រឹះប្រឆាំងអំពើពុករលួយ។
លោកថាការបង់លុយមួយចំនួនគឺធ្វើឡើងតាមប្រពន្ធ័អេលិចត្រូនិច ឬធនាគារ។ លោកលើកឡើងថា៖ «ចំពោះអង្គការតម្លាភាពអន្ដជាតិនោះគេនិយាយតែអំពីបរិមាណ និយាយតែចំនួនពុករលួយ និយាយតែចំណាត់ថ្នាក់អំពើពុករលួយ ក៏ប៉ុន្តែគេអត់បានបង្ហាញអំពីវិធីសាស្រ្ដក្នុងការស្វែងរកអំពើពុករលួយ អាហ្នឹងយើងមិនអាចយល់ស្របតាម ឬមិនអាចវាយតម្លៃថាមិចទេ»។
តែយ៉ាងណាលោកថារដ្ឋាភិបាលធ្វើយ៉ាងមានប្រសិទ្ធភាពរួចស្រេចទៅហើយ លោកថានៅឆ្នាំ២០២៣នេះ ការប្រឆាំងនឹងអំពើពុករលួយ និងល្អប្រសើឡើងបន្តិចម្ដងៗ។
លោកបន្ថែម៖ «ជាមួយគ្នានោះដែលអង្គភាពប្រឆាំងអំពើពុករលួយហ្នឹងក្រៅតែពីកំណែទំរងឈរនៅលើតម្លាភាពហ្នឹងគណនេយ្យភាព[…] ក្រសួងសេដ្ឋកិច្ចកែទំរង់យ៉ាងស្រាក់ស្រាំទៅតាមប្រព័ន្ធ»៕