ក្រសួងអប់រំយុវជននិងកីឡា និងក្រសួងប្រៃសណីយ៍កម្ពុជា បានដាក់ឱ្យប្រើវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ ដែលមាន QR Code ស្តង់ដារ។
យោងតាមសេចក្តីជូនដំណឹងអន្តរក្រសួង ដែលបានចេញរួមគ្នា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការដាក់ឱ្យប្រើវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៥ ធ្នូ ២០២២ ដែលមានដាក់QR Code ស្តង់ដារ ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh បញ្ជាក់ថា សញ្ញាបត្របណ្តោះអាសន្នមាន QR Code នេះ អាចផ្ទៀងផ្ទាត់អំពីយថាភូតភាព បូរណភាព និងសុពលភាព តាមរយ:ថ្នាលផ្ទៀងឯកសារ verify.gov.kh ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍។
សេចក្តីជូនដំណឹងរបស់អន្តរក្រសួងដដែលបញ្ជាក់ថា៖ «សិស្សានុសិស្សអាចប្រើវិញ្ញាបនបត្រនេះ ដើម្បីដាក់ពាក្យស្នើសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដោយពុំចាំបាច់តម្រូឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងវិញ្ញាបនបត្របណ្តោះអាសន្នក្នុងទម្រង់ជាក្រដាស ហើយគ្រឹះស្ថានឧត្តមសិក្សាទាំងអស់អាចស្កេន QR Code ស្តង់ដារ ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រតាមរយៈថ្នាលផ្ទៀងផ្ទាត់ឯកសារ verify gov.kh»។
ក្រសួងបន្តថា ការដាក់ឱ្យប្រើវិញ្ញាបនបត្រនេះ គឺជាការវិវឌ្ឍថ្មីមួយក្នុងការប្រើប្រាស់បច្ចេកទេសឌីជីថល ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណ:កាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ដែលជាជំហានថ្មីក្នុងការជំរុញការធ្វើបដិវត្តន៍កម្មឌីជីថល ក្នុងក្រសួងស្ថាប័នរដ្ឋ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា។
ក្រសួងបន្ថែមថា សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្រនេះបាន ដោយចូលទៅឆាណែលតេឡេក្រាម (Telegram Channel) ឈ្មោះវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ (http://t.me/TemporaryBacIICertificateBot) ឬទំនាក់ទំនងដោយផ្ទាល់នៅមន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្ត៕