មេដឹកនាំសហជីពកាស៊ីណូណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ទទួលបានពានរង្វាន់អ្នកការពារសិទ្ធិមនុស្សប្រចាំឆ្នាំ២០២២ ក្នុងចំណោម១០នាក់ជុំវិញសកលលោក ពីក្រសួងការបរទេសសហរដ្ឋអាមេរិក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកចេញនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាក់ថា កញ្ញា ឈឹម ស៊ីថរ គឺជាបុគ្គលទីមួយនៃប្រទេសកម្ពុជាដែលបានពានរង្វាន់មួយនេះ ដែលទទួលស្គាល់ពីបុគ្គលក្លាហានទាំងឡាយបង្ហាញពីភាពក្លាហានយ៉ាងពិសេស និងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិដើម្បីលើកកម្ពស់ និង ការពារសិទ្ធិមនុស្សដែលគេទទួលស្គាល់ជាសកល និងសេរីភាពជាមូលដ្ឋាន។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលនោះបានស្រង់សម្តីរបស់លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថា៖ «យើងអបអរចំពោះការទទួលស្គាល់ដល់កញ្ញា ស៊ីថរ ជាអ្នកការពារសិទ្ធិមនុស្សឆ្នាំ២០២២ម្នាក់ កញ្ញាគឺជាថ្នាក់ដឹកនាំសហជីពការងារដ៏ក្លាហាននឹងអត់ធ្មត់ ដែលតស៊ូមតិដោយសន្តិវិធីដើម្បីសិទ្ធិរបស់កម្មករកម្ពុជា»។
កញ្ញា ឈឹម ស៊ីថរ ជាអ្នកដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍។ ចាប់តាំងពីចុងឆ្នាំ២០២១ កញ្ញាបានដឹកនាំបុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើកូដកម្មដោយសន្តិវិធី អំពាវនាវឱ្យមានប្រាក់ខែខ្ពស់ និងទទួលយកបុគ្គលិកជាសមាជិកសហជីពរាប់រយនាក់ ដែលជឿថាពួកគេត្រូវបានបណ្តេញចេញពីការងារទាំងអយុត្តិធម៌ ដោយរាប់ទាំងថ្នាក់ដឹកនាំសហជីពចំនួនជាង១០រូប កំពុងប្រឈមនូវការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌទាក់ទងនឹងរឿងកូដកម្មនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា ទោះបីជាមានការបៀតបៀនរូបកាយ និងការចាប់ខ្លួនកាលពីខែមករា ឆ្នាំ ២០២២ ក្នុងពេលកូដកម្មណាហ្គាវើលដ៍ កញ្ញា ស៊ីថរ បានបន្តចេញមុខនិយាយអំពីសិទ្ធិការងារ។ ក្រោយពីអាជ្ញាធរដោះលែងកញ្ញា ស៊ីថរ ជាថ្មីម្តងទៀត ពួកគេក៏បានចាប់ខ្លួននាងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ដោយចោទថាបានរំលោភនូវលក្ខខណ្ឌនៅក្រៅឃុំ ដោយសារធ្វើដំណើរទៅក្រៅប្រទេសចូលរួមសន្និសីទទាក់ទងនឹងសហជីព។
បើតាមសេចក្តីប្រកាសព័ត៌មាន កញ្ញា ស៊ីថរ មិនអាចធ្វើដំណើរទៅចូលរួមទទួលពានរង្វាន់នៅរដ្ឋធានីវ៉ាស៊ីងតោនជាមួយអ្នកទទួលពានដទៃទៀតបាន ព្រោះត្រូវបន្តឃុំខ្លួនដោយរង់ចាំការកាត់ទោសដែលមិនទាន់កំណត់ពេល៕