ក្រសួងការបរទេសកម្ពុជាលើកឡើងថា ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សដែលសហរដ្ឋអាមេរិកផ្តល់ឱ្យមេដឹកនាំសហជីពកាស៊ីណូណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ គឺជាការផ្តល់ជូនបុគ្គលល្មើសច្បាប់កម្ពុជា។
យោងតាមសេចក្តីថ្លែងការណ៍ព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ចេញនៅថ្ងៃទី២ ខែកុម្ភៈ និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះបញ្ជាក់ថា ពានរង្វាន់ជារឿយៗគឺសម្រាប់ទទួលស្គាល់បុគ្គលដែលតស៊ូដើម្បីសន្តិភាព ភាពសុខដុមរមនា និងការបង្រួបបង្រួមជាតិ ការកាត់បន្ថយសព្វាវុធ ការលុបបំបាត់ការរើសអើង អំពើហិង្សា និងការស្អប់ខ្ពើមជាតិសាសន៍ ឬក៏បង្កើតស្នាដៃណាមួយសម្រាប់សង្គម។
ក្រសួងបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននោះថា៖ «ការប្រកាសរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនតំណាងឱ្យបំណងប្រាថ្នាពិតប្រាកដនៃប្រជាពលរដ្ឋកម្ពុជាភាគច្រើនទេ ព្រោះទង្វើបែបនេះគឺជាសារជំរុញផ្តល់កម្លាំងដល់ក្រុមជាក់លាក់ដែលបានត្រៀមខ្លួនរួចជាស្រេច កេងយកប្រយោជន៍ពីស្ថានការណ៍ ដើម្បីបម្រើរបៀបវារៈលាក់ពុតរបស់ខ្លួន ដែលពួនជ្រកក្រោមស្លាកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»។
ក្រសួងការបរទេសកម្ពុជាបន្ថែមថា ពានរង្វាន់នេះមិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួននៅក្នុងតុលាការរបស់ប្រទេសណាមួយឡើយ។ មធ្យោបាយស្របច្បាប់គឺ ការចូលរួមក្នុងដំណើរការកាត់ក្ដី និងផ្តល់ទឡ្ហីករណ៍ផ្លូវច្បាប់ជាមួយភស្តុតាងរឹងមាំដើម្បីដោះបន្ទុកនៅក្រោមច្បាប់ និងនីតិវិធីតុលាការរបស់រដ្ឋពាក់ព័ន្ធ។
សេចក្តីប្រកាសព័ត៌មាននោះបន្ថែមថា៖ «ចំណាត់ការផ្លូវច្បាប់ចំពោះបុគ្គលរូបនោះ ពុំពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ឬក៏វិវាទការងារទេ ប៉ុន្តែគឺដោយសារការបំពានជាក់ស្តែងលើបម្រាម មិនឱ្យចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ខណៈពេលកំពុងស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ»។
ការចេញសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសផ្តល់បានរង្វាន់សិទ្ធិមនុស្សដល់កញ្ញា ឈឹម ស៊ីថរ ខណៈដែលកញ្ញាកំពុងស្ថិតក្នុងពន្ធនាគារ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបញ្ជាក់ថា ពានរង្វាន់នេះទទួលស្គាល់ពីបុគ្គលក្លាហានទាំងឡាយណាដែលបង្ហាញពីភាពក្លាហានយ៉ាងពិសេស និងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្សដែលគេទទួលស្គាល់ជាសកល និងសេរីភាពជាមូលដ្ឋាន។ កញ្ញា ឈឹម ស៊ីថរ គឺជាជនជាតិខ្មែរដំបូងគេដែលទទួលបានពាននេះ។
កញ្ញា ឈឹម ស៊ីថរ ត្រូវបានឃុំខ្លួន បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនកញ្ញាកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពេលកញ្ញាបានត្រឡប់មកពីប្រទេសអូស្ត្រាលីវិញ។ តុលាការបានចោទកញ្ញាពីបទរំលោភលើលក្ខខណ្ឌនៃការបានស្ថិតនៅក្រៅឃុំ ប៉ុន្តែក្រុមសិទ្ធិមនុស្សលើកឡើងថា ទាំងកញ្ញា ឈឹម ស៊ីថរ និងមេធាវីរបស់កញ្ញាមិនបានទទួលការជូនដំណឹងពីតុលាការអំពីបម្រាមការធ្វើដំណើរចេញក្រៅប្រទេសនោះទេ៕