VOD ជាស្ថានប័នសារព័ត៌មានមួយក្នុងចំណោមស្ថាប័នសារព័ត៌មានជាច្រើនក្នុងសាកលលោក និងមានឯករាជ្យភាពត្រឹមត្រូវ មិនចូលបក្សសម្ព័ន្ធណាមួយឡើយ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានពិត ដល់ពលរដ្ឋ និង អ្នកធ្វើសេចក្តីសម្រេចផ្នែកនយោបាយ។
ដោយចាប់ផ្តើមចេញពីភាពមិនច្បាស់លាស់ និងមិនទាន់មានស្ថេរភាព ឬមូលនិធិគ្រប់គ្រាន់ ស្របពេលនឹងសម្ពាធន៍នយោបាយ សម្ពាធន៍នៃការគ្រប់គ្រង់ ការគំរាមកំហែងរាប់មិនអស់ ទាំង CCIM និង VOD នៅតែអាចឈរជើងបាន២០ឆ្នាំ នេះបើយោងតាមទំព័រហ្វេសបុករបស់លោកហ៊ុន កុសល ដែលស្និតនឹងលោកកឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ។
លោកបានបានផូសកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយសំឡេងប្រជាធិបតេយ្យ VOD បានបណ្តុះបណ្តាលអ្នកសារព័ត៌មានរាប់មិនអស់ មានបងប្អូនអ្នកសារព័ត៌មានជាច្រើនបានប្រកបអាជីពនេះដើម្បីបម្រើការងារនៅតាមស្ថាប័ននានាក្នុងនោះមានក្នុងជួររដ្ឋាភិបាលផងដែរក្រោយពីបានឆ្លងកាត់ការរៀនសូត្រ និងស្រូបយកបទពីសោធន៍ពីកន្លែងមួយនេះ។
លោកហ៊ុន កុសល បាននិយាយថា មានសមិទ្ធិផលច្រើនទៀតដែលមិនអាចរាប់អស់ក្រោមវត្តមានរបស់លោកប៉ា ងួនទៀង ប្រធាន CCIM ដែលពេលនេះកំពុងរស់នៅក្រៅប្រទេស ព្រោះគាត់ជាគំរូមួយដែលអ្នកជំនាន់ក្រោយគូរៀនសូត្រ និងយកគំរូតាម។
តាមរយៈ កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសំឡេងប្រជាធិបតេយ្យ បានចុះផ្សាយមុននេះបន្តិចថា VOD មានបេសកកម្មតែមួយគត់ គឺផ្តល់ពត៌មានឯករាជជូនប្រជាពលរដ្ឋកម្ពុជា ដោយក្នុងនោះ វី អូ ឌី បានពង្រឹង និងពង្រីកមាតិកាព័ត៌មាន និងកម្មវិធីផ្សព្វផ្សាយកាន់តែសម្បួរបែប ស៊ីជំរៅ និងទូលំទូលាយ ដើម្បីបេសកកម្មរបស់ខ្លួនឆ្ពោះទៅមុខជានិច្ច និងឈានដល់គោលដៅជួយឱ្យសង្គមកម្ពុជា ជាទីកន្លែងដែលពលរដ្ឋគ្រប់រូប ត្រូវបានពង្រីកភាពអង់អាច ចំណេះដឹង និងការត្រិះរិះពិចារណា តាមរយៈកាលទទួលបានព័ត៌មានឯករាជ្យ គ្រប់ជ្រុងជ្រោយ ពិតឥតលំអៀង និងដោយគ្មានភាពភ័យខ្លាច។
យោងតាម Vod English VOD ត្រូវបានគ្រប់គ្រងដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ(CCIM) ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃក្នុងខែមិថុនា ឆ្នាំ២០០៧ ដើម្បីគ្រប់គ្រង់ VOD។ បើរាប់ចាប់តាំងពីឆ្នាំ២០០៧មក វីអូឌី បានពង្រីកប្រតិបត្តិការណ៍របស់ខ្លួនក្នុងការផលិតព័ត៌មាន និងវីដេអូសម្រាប់វេទិកាឌីជីថល ក៏ដូចជាវិទ្យុ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយ CCIM បំពេញបេសកកម្មរបស់ខ្លួនក្នុងការលើកកំពស់អភិបាលកិច្ច និងបរិយាកាសឯករាជ្យ និងនិរន្តភាពសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ។
លោកប៉ា ង៉ួន ទៀង បាននិយាយប្រាប់ Newroom Cambodia ថាបុគ្គលិករបស់ VOD មានបទពិសោធន៍ក្នុងការផលិតព័ត៌មានវិទ្យុ លក្ខណៈពិសេស ការសម្ភាសន៍ និងការស៊ើបអង្កេត ជាពិសេសបន្ទប់ផ្សាយព័ត៌មាន និងស្តូឌីយោរបស់ វីអូឌី ត្រូវបានបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើប បង្កើតឡើងដើម្បីការងារប្រកបវិជ្ជាជីវៈសារព័ត៌មានតែប៉ុណ្នោះ។
CCIM បានផ្សព្វផ្សាយព័ត៌មានដល់សង្គមកម្ពុជា ដោយមានគោលបំណងរួមបញ្ចូលជូនប្រជាពលរដ្ឋក្នុងវីស័យសារព័ត៌មាន និងបង្កើតអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងចំណោមយុវជន ផ្តល់ការបណ្តុះបណ្តាលនិងការគាំទ្រ និងតស៊ូមតិសម្រាប់សមភាពយេនឌ័រ យុត្តិធម៌បរិស្ថាន និងយុត្តិធម៌សង្គម៕