សមាគមប្រតិបត្តិករទូរគមនាគមន៍(ស.ទ.ប.ក) បានចេញសេចក្តីជូនដំណឹងមួយកាលពីថ្ងៃទី២២ ខែ១២ ឆ្នាំ២០២២ ថា ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តនឹងផ្លាស់ប្តូរកញ្ចប់គម្រោងដែលសាធារណជនកំពុងប្រើបច្ចុប្បន្នទៅជាកញ្ចប់គម្រោងថ្មីចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ សមាគមប្រតិបត្តិករទូរគមនាគមន៍អះអាងថា គម្រោងនេះធ្វើឡើងដើម្បីផ្តល់តម្លាភាពជូនដល់អតិថិជន ដោយមានការបែងចែកទំហំទិន្នន័យអ៊ីនធើណិតច្បាស់លាស់ ចំនួននាទីសម្រាប់ការហៅចេញ និងចំនួនសារជាអក្សរក្នុងប្រព័ន្ធ។
សមាគមប្រតិបត្តិករទូរគមនាគមន៍បានបញ្ជាក់ថា ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តទាំងអស់ និងបញ្ឈប់សេវាកម្មគម្រោងប្តូរប្រាក់ជាមុននៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ ហើយអតិថិជនទាំងអស់អាចអញ្ជើញទៅកាន់សាខាផ្តល់សេវាទូរស័ព្ទចល័តដើម្បីផ្លាស់ប្តូរទៅកាន់គម្រោងថ្មី។ ចំពោះអតិថិជនដែលមិនបានទៅផ្លាស់ប្តូរគម្រោងថ្មីនេះមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ប្រតិបត្តិករផ្តល់សេវាទូរស័ព្ទចល័តរបស់លោកអ្នក និងផ្លាស់ប្តូរទៅកាន់គម្រោងថ្មីដោយស្វ័យប្រវត្តិនៅមុនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។
ប្រជាពលរដ្ឋចំនួន៦នាក់បានផ្តល់បទសម្ភាសន៍ដល់ Newsroom Cambodia អំពីមតិរបស់ពួកគេជុំវិញ សេចក្តីជូនដំណឹងរបស់សមាគមប្រតិបត្តិករទូរគមនាគមន៍ទាក់ទងជាមួយការផ្លាស់ប្តូរសេវាទូរស័ព្ទចល័តពីកញ្ចប់គម្រោងប្រើបច្ចុប្បន្នទៅកញ្ចប់គម្រោងថ្មី។
លោក កុសល ពិសិដ្ឋ អ្នកកាត់តវីដេអូបានលើកឡើងថា តាមបទពិសោធន៍របស់លោករយៈពេលដែលចេះប្រើទូរស័ព្ទមកនៅឆ្នាំ២០០៥ ពេលនោះមិនទាន់មានគម្រោងប្តូរលុយទេ ហើយការប្រើប្រាស់គឺបានតិចណាស់។ លោកថា ចាប់តាំងពីមានគម្រោងប្តូរលុយមកការតេក្នុងប្រព័ន្ធការប្រើប្រាស់ទៅលើសេវាកម្មនានាមានភាពងាយស្រួលជាងមុន និងមិនសូវកាត់លុយដូចពីមុនឡើយ។
លោកបានបន្ថែមថា ប្រសិនបើគោលការណ៍ថ្មីនេះគឺធ្វើឡើងដើម្បីលុបបំបាត់ការកេងចំណេញពីអតិថិជនគឺលោកគាំទ្រព្រោះជាទូទៅនៅពេលដែលលោកបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទតែងតែមានការកាត់ដោយមិនដឹងមូលហេតុហើយប្រសិនបើក្រសួងមានគោលការណ៍ដាក់អតិ្ថភាព យកអតិថិជនជាគោលដៅធំមានន័យថាអាចជួយសម្រួលអតិថិជន កុំឱ្យក្រុមហ៊ុនកេងចំណេញបានតទៅទៀត។
លោកបានបន្តថា៖ «ជាមួយកញ្ចប់សេវាប្រើប្រាស់ទាក់ទងនិងប្រព័ន្ធទូរស័ព្ទ អាហ្នឹងខ្ញុំគិតថាខ្ញុំប្រើរាល់ថ្ងៃដូចជាមិនជាបញ្ហាចោទអីធំទេ ហើយណាមួយឥឡូវអាចតេក្នុងប្រព័ន្ធអីស្រួល តែគ្រាន់តែមានបញ្ហាសេវាទូរស័ព្ទ ដោយសារតែឥឡូវហ្នឹងគឺប្រើប្រាស់អត់ដូចមុនទេគឺប្រើទាល់តែរកទីតាំងដែលត្រឹមត្រូវមិនចឹងទេបើក្នុងបុរីគឺអត់មានសេវាប្រើប្រាស់ពិបាកមែនទែន តែបើពាក់ព័ន្ធជាមួយកញ្ចប់សេវាកម្មប្រើប្រាស់គឺមិនមានបញ្ហាទេ»។
លោក គេច សុគន់ ពេទ្យសត្វនៅរាជធានីភ្នំពេញយល់ថា៖ «ក្នុងនាមជាអ្នកប្រើប្រាស់សេវាកម្មទូរស័ព្ទ ចំពោះគោលនយោបាយនេះមានលក្ខណៈផ្លាស់ប្ដូរ ឬកំណែទម្រង់ថ្មីដ៍ធំមួយដែរ។ ខ្ញុំកំពុងរងចាំមើល និងសង្ឃឹមថាការផ្លាស់ប្ដូរ ឬកំណែទម្រង់នេះនឹងនាំឱ្យការផ្ដល់សេវាទូរស័ព្ទរបស់ក្រុមហ៊ុនកាន់តែល្អប្រសើរ»។
កញ្ញា ចិត្ត ស្រីយ៉ា ដែលជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានយល់ឃើញថា៖ «វានឹងល្អប្រសិនបើក្រុមហ៊ុនទូរស័ព្ទទាំងអស់ហ្នឹង គាត់កំណត់យកការដូរលុយគម្រោងតែមួយ។ ឧទាហរណ៍១ដុល្លារដូរបានប៉ុន្មាន គាត់ប្រាប់អតិថិជនមកថា ១ដុល្លារដូរគម្រោងនេះបានប៉ុណ្ណោះ ហើយអ៊ីនធឺណិតបានប៉ុននេះ សារបានប៉ុននេះ តែមួយមុខអ៊ីចឹកមកបានហើយ។ ព្រោះនៅពេលដែលមានគម្រោងច្រើនអ៊ីចឹង ខ្ញុំជាអ្នកប្រើក៏មានអារម្មណ៍ថារញ៉េរញ៉ៃក្នុងការប្រើ គួរយកមួយណាគួរអត់មួយណា»។
កញ្ញា ចិត្ត ស្រីយ៉ា ក៏បានសំណូមពរឱ្យក្រុមហ៊ុនផ្ដល់សេវាទូស័ព្ទគិតគូរពីទិន្នន័យអ៊ីនធឺណិត ទិន្នន័យសារ ទិន្នន័យខល ធ្វើយ៉ាងណាឱ្យសមរម្យ និងគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់។
លោក សុវណ្ណឡេងឡេង ជាសិល្បៈករខាងចាប៉ីដងវែងមួយរូបបានលើកឡើងថា៖ «បើតាមគំនិតរបស់ខ្ញុំបើសិនជាប្តូរគម្រោងលក្ខណៈមានតម្លាភាពត្រឹមត្រូវឧទាហរណ៍ថាក្រុមហ៊ុននេះផ្លាស់ប្តូរក្នុងមួយដុល្លារដូរបាន1G or 500MB គឺឲ្យបានដូចគ្នាហើយមានសុពលភាពត្រឹមត្រូវ»។
លោកបានបន្តថា៖ «ហើយបើប្តូរទៅជាគម្រោងជាក់លាក់នៅថ្ងៃ២៨នឹងមែនគឺខ្ញុំពិតជាពេញចិត្តបើសិនជាទៅតាមលក្ខខណ្ឌហើយច្បាស់លាស់»។
លោកសុវណ្ណឡេងឡេង បន្ថែមថា លោកបានសង្កេតឃើញថា កន្លងមកអ្នកប្រើប្រាស់សេវាទូរស័ព្ទតែងតែជួបបញ្ហាកាត់លុយក្រោយពេលបញ្ចូលហើយ ដោយសារគម្រោងផ្សេងៗក្រៅពីគម្រោងប្ដូរលុយ ជាហេតុនាំឱ្យខ្វះលុយមិនអាចប្ដូរបាន។ លោកបានសំណូមពរឱ្យក្រុមហ៊ុនទូរស័ព្ទផ្ដល់តែសេវាប្ដូរលុយដែលមានតម្លាភាព មិនបញ្ឈប់ការផ្ដល់គម្រោងក្រៅដើម្បីជៀសវាងបញ្ហាកាត់លុយ។
តាមរយៈកិច្ចសម្ភាសន៍តាមតេលេក្រាម កញ្ញា ស៊ុន ស្រីណៃ អ្នកសម្របសម្រួលការរៀនសូត្រ និងអភិវឌ្ឍន៍យុវជននៃសមាគមបណ្ដាញយុវជនកម្ពុជាបានបង្ហាញចំណាប់អារម្មណ៍ចំពោះគម្រោងនៃការផ្លាស់ប្តូរនេះថាប្រសិនបើប្រព័ន្ធនៃការដូរលុយមានភាពល្អប្រសើរជាងមុន វាមានភាពងាយស្រួលជាងមុន នេះជារឿងដែលល្អសម្រាប់យើងក្នុងនាមជាអតិថិជនប្រើប្រាស់ប្រព័ន្ធនានារបស់ក្រុមហ៊ុនសេវាទូរស័ព្ទនៅកម្ពុជាផ្ទាល់។
កញ្ញាថា៖ «ប្រសិនជាការផ្លាស់ប្តូរគម្រោង ផ្តល់ភាពងាយស្រួលទៅដល់អតិថិជនដែលជាអ្នកប្រើប្រាស់ ហើយបើសិនជាគម្រោងហ្នឹងប្តូរលុយទៅធ្វើអោយនៅតែរក្សាចំនួនលុយឬក៏រក្សានូវចំនួនការកាត់សាច់ប្រាក់នៅពេលដែលយើងប្រើប្រាស់អ៊ីនធឺណែត នៅពេលដែលយើងប្រើប្រាស់ការខលហៅ ឬការផ្ញើសារទៅកាន់ដៃគូរផ្សេងទៀត នៅតែរក្សាការកាត់ចំនួនលុយហ្នឹងដដែលក្នុងចំនូនតិច គម្រោងហ្នឹងបងគិតថាល្អ ប៉ុន្តែបើស្របពេលនៃការផ្លាស់ប្តូរគម្រោងដូរលុយហ្នឹង ឧទាហរណ៍ថាប្តូរពីចំនួនពីប៉ុន្មានទៅប៉ុន្មានអញ្ចឹង»។
កញ្ញាក៏បានបន្ថែមថា៖ «ប៉ុន្តែនៅពេលដែលអតិថិជនប្រើអ៊ីនធឺណេត នៅពេលដែលគាត់ខល ចេញ ឬក៏គាត់ផ្ញើរសារ មានការកាត់ថវិការច្រើនហើយធ្វើអោយការប្រើប្រាស់ប្រព័ន្ធ អ៊ីនធឺណិតមានភាពយឺតយ៉ាវ ឬបញ្ហាផ្សេងៗ វានឹងជារឿងមួយមិនល្អសម្រាប់ការផ្លាស់ប្តូរនូវគម្រោងការដូរលុយ ហ្នឹងហើយមួយទៀតហ្នឹងគឺអ្នកប្រើប្រាស់ក៏មានភាពធុញទ្រាន់ ភាពមិនពេញចិត្តនៅក្នុងការប្តូរគម្រោងហ្នឹងដែរ»។
យុវជន គីម ជីលីន និស្សិតសង្គមវិទ្យានៅសាកលវិទ្យាភូមិន្ទភ្នំពេញបានផ្តល់បទសម្ភាស៍ថា នៅពេលដែលក្រសួងប្រៃសនីយ៍បានរៀបចំធ្វើកំណែទម្រង់លើសេវាទូរស័ព្ទនៃក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទនៅកម្ពុជាបែបនេះ វាជាផ្នែកមួយនៃការលើកកម្ពស់ទៅលើតម្លាភាពនៃគម្រោងថវិការរបស់អតិថិជនក្នុងការប្រើប្រាស់សេវាទូរស័ព្ទនៅកម្ពុជា ។
លោកថា៖ «នៅពេលដែលក្រសួងចាប់ផ្តើមពង្រឹងស្តង់ដាសេវាទូរស័ព្ទអីទាំងអស់ហ្នឹង ខ្ញុំអាចប្រើប្រាស់សេវាទូរស័ព្ទសម្រាប់ការរៀនសូត្រខ្ញុំបានល្អប្រសើរទៀត ហើយអ្វីដែលសំខាន់ចុងក្រោយនោះគឺខ្ញុំអាចសន្សំសំចៃថវិកាខ្លះផងដែរ ពីព្រោះកន្លងទៅនៅពេលដែលក្រសួងមិនទាន់បានរឹតបន្តឹងក្នុងចំណុចហ្នឹង ខ្ញុំប្រើសេវាទូរស័ព្ទទាំងអស់ហ្នឹង អស់លុយពីមួយខែទៅមួយខែចន្លោះពី៥ដុល្លារទៅ៦ដុល្លារ ឬក៏ឈានចូលជិត១០ដុល្លារទៅតាមតម្រូវការ តែនៅពេលកំណត់បែបនេះខ្ញុំគិតថាវានឹងជួយសន្សំសំចៃថវិកា ទាំងខ្ញុំផ្ទាល់ជានិស្សិត និង ពលរដ្ឋផ្សេងទៀតដែលទទួលសេវាកម្មទូរស័ព្ទបែបហ្នឹងដែរ»។
យុវជនរូបនេះបន្តថា៖ «ខ្ញុំនៅតែលើកទឹកចិត្តឱ្យក្រសួងបន្តរឹតបន្តឹងទៀតហើយជួយព្យាយាមជម្រុញយ៉ាងណាឱ្យសេវាទូរស័ព្ទអាចដើរលឿននៅគ្រប់ទីតាំង គ្រប់ទីកន្លែងនៃប្រទេសកម្ពុជា ជាពិសេសដល់ទីជនបទ ដើម្បីឱ្យប្រជាជនដែលនៅទីជនបទអាចទទួលបានសេវាទូរស័ព្ទក្នុងការរៀនសូត្រ ក្នុងការប្រើប្រាស់ក្នុងការទាក់ទងជាដើម»៕