លោក រ៉ុង ឈុន គឺជាប្រធានសហភាពសហជីពកម្មករកម្ពុជា និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានចូលរួមយ៉ាងសកម្មនាពេលកន្លងមកក្នុងការតស៊ូទាមទារការតម្លើងប្រាក់ខែជូនគ្រូបង្រៀន មន្ត្រីរាជការ ព្រមទាំងសិទ្ធិសេរីភាព លក្ខខណ្ឌការងារ និងការតម្លើងប្រាក់ខែជូនកម្មករ កម្មការិនីនៅទូទាំងប្រទេស។ កាលពីថ្ងៃទី១ ខែកុម្ភៈ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានធ្វើធម្មយាត្រាពីរាជធានី ទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីលើកកម្ពស់សីលធម៌សង្គម។
ខាងក្រោមនេះគឺជាការផ្តល់បទសម្ភាសរបស់លោក រ៉ុង ឈុន ជាមួយ លោក ខាត់ ណាក់ និង លោក ហ៊ែល កំសាន មកពី Newsroom Cambodia៖
Q. សូមជម្រាបសួរលោក រ៉ុង ឈុន ។
A. បាទ!សូមជម្រាបសួរ ។
Q. តើក្បួនធម្មយាត្រាដែលសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហែពីរូបសំណាកលោកយាយពេញ ទៅខេត្តពោធិ៍សាត់ដើម្បីលើកកម្ពស់សីលធម៌សង្គម ប្រើរយៈពេលប៉ុន្មានថ្ងៃដែរលោក ?
A. បាទ! ក្បួនធម្មយាត្រារបស់យើងប្រើរយ:ពេល៧ថ្ងៃ គិតពីថ្ងៃទី១ ខែកុម្ភៈ និងបានបិទបញ្ចប់នៅម៉ោង១២:៣០នាទីថ្ងៃត្រង់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ។
Q. ក្នុងរយៈពេល៧ថ្ងៃនៃការហែក្បួនធម្មយាត្រានេះ តើក្បួនជួបនូវបញ្ហាអ្វីខ្លះពាក់ព័ន្ធទៅនឹងការហូបចុកក៏ដូចជាកន្លែងសម្រាក ?
A. យើងដើររយ:ពេល៧ថ្ងៃនេះឃើញថាថ្ងៃទី១យើងមានបញ្ហាកន្លែងស្នាក់នៅបន្តិច តែវាមិនជាបញ្ហាអីធំដុំទេ គ្រាន់តែអាជ្ញាធរស្រុកពញាឮ ឃុំវិហារហ្លួង គាត់បានបញ្ជាប្រជាការពារមករាំងក្បួនដែលយើងបានសុំព្រះសង្ឃដើម្បីសម្រាក ព្រះចៅអធិការលោកអនុញ្ញាត ប៉ុន្តែលោកសុំឱ្យមានការយល់ព្រមពីសាលាឃុំ ឯឃុំរុញទៅស្រុកដោយឃើញថា ព្រលប់ទៅហើយយើងក៏បានទៅស្នាក់នៅឯផ្ទះរបស់ប្រជាពលរដ្ឋដែលគាត់យល់ព្រមឱ្យស្នាក់នៅមានចម្ងាយប្រហែល៥គីឡូពីទីនោះ។
Q. តើការធ្វើធម្មយាត្រានេះមានសមាសភាពចូលរួមពីខាងណាខ្លះ ហើយមានចំនួនប្រហែលប៉ុន្មាននាក់ ?
A. សមាសភាពចូលរួមក្បួនធម្មយាត្រានេះមានគ្រូបង្រៀន សមាជិកសមាគមគ្រូបង្រៀនឯករាជ្យ មានមេសហជីព មានក្រុមយុវជនរួមជាមួយប្រជាពលរដ្ឋមួយចំនួន ហើយថ្ងៃដំបូងមានចំនួនជាង៥០នាក់។
Q. ក្នុងការធ្វើធម្មយាត្រានេះតើប្រជាពលរដ្ឋនៅតាមដងផ្លូវលោកមានឆ្ងល់ទេ ហើយមានទទួលស្វាគមន៍ ផ្តល់ជាទឹកសុទ្ធ អាហារឬកន្លែងសម្រាកអីដែរទេលោក?
A. ប្រជាពលរដ្ឋចេញមកស្វាគមន៍ច្រើន ពួកគាត់បានជូនជាភេសជ្ជៈ ជូនជាទឹកសុទ្ធ ជូនជាបច័្ចយ ជាហូរហែនៅតាមដងផ្លូវ។
Q. តាំងពីចាប់ផ្តើមចេញដំណើរ រហូតដល់ឆ្លងកាត់ព្រំប្រទល់ខេត្តនីមួយៗ តើមានការយាយីរំខានពីសំណាក់អាជ្ញាធរដែរឬទេ ឬមានការសហការល្អនៅតាមតំបន់នីមួយៗ?
A. យើងមានការរំខានខ្លះកាលពីថ្ងៃទី១ដំបូងគេ ដោយអាជ្ញាធរស្រុកពញាឮ មានការរាំង សួរនាំ និងរុញដាក់គ្នាពីការសម្រាក ឬស្នាក់នៅនេះ។ បន្ទាប់ពីនោះមកចូលដល់ខេត្តកំពង់ស្ពឺក៏អត់មានអីទេ ការហែទៅបានរលូនរហូតទៅដល់កំពង់ឆ្នាំងត្រូវបានអាជ្ញាធរសហការបានល្អ ជួយធ្វើចរាចរណ៍ និងបានដាក់កម្លាំងនគរបាលឱ្យមកគេងជាមួយបងប្អូនដែលចូលរួមហែក្បួនរហូតដល់ទឹកដីពោធិ៍សាត់ក៏មិនមានអីដែរ ប៉ុន្តែយើងសោកស្តាយនៅថ្ងៃបញ្ចប់ដោយសារតែប្រជាពលរដ្ឋលោកមកចូលរួមច្រើនក្នុងការប្រារព្ធពិធីសាសនាតែត្រូវបានអាជ្ញាធរខេត្តមករារាំងមិនឱ្យចូលរួមវាជារឿងមួយដែលមិនគួរកើតមានក្នុងរយ:ពេលនៃថ្ងៃចុងក្រោយនេះ។
Q. លោកមានអ្វីជាប្រសាសន៍ចុងក្រោយពាក់ព័ន្ធនឹងធម្មយាត្រានេះ ?
A. ជុំវិញធម្មយាត្រារយ:ពេល៧ថ្ងៃនេះយើងឃើញថាមានការចាប់អារម្មណ៍ច្រើន ហើយយើងគិតថាការដង្ហែនេះបានបញ្រ្ជាបទៅដល់ជួរថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋឱ្យចាប់ផ្តើមគិតអំពីសីលធម៌ឡើងវិញមុននឹងធ្វើសុន្ទរកថា ឬមួយផ្ញើសារទៅកាន់ប្រជាពលរដ្ឋក្តី ចៀសវាងប្រើពាក្យអសុរោះមិនគួរប្បីដែលជាគំរូអាក្រក់នៅក្នុងសង្គម៕
Q. សូមអរគុណលោក រ៉ុង ឈុន!
A. បាទ សូមអរគុណ!