យុវជនដែលដាក់សៀវភៅអានដោយឥតគិតថ្លៃនៅសួនសាធារណៈមុខវត្តបុទុមវតី នៅតែបន្តប្ដេជ្ញាចិត្ដដាក់សៀវភៅដើម្បីឱ្យយុវជនដទៃទៀតបានអានទោះបីមានការហាមឃាត់ពីអាជ្ញាធរក៏ដោយ។
កញ្ញា ឆែម ស្រីគា អាយុ២០ឆ្នាំ ជានិស្សិតរៀននៅសាកលវិទ្យាល័យមួយនៅក្នុងរាជធានីភ្នំពេញបានប្រាប់ Newsroom Cambodia នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ កញ្ញាបានយកសៀវភៅទៅដាក់នៅសួនច្បារខាងមុខវត្តបុទុមវតីដើម្បីឱ្យសាធារណជនអានដោយឥតគិតថ្លៃ តែត្រូវបានហាមឃាត់ដោយអាជ្ញាធរសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ។ កញ្ញាបន្តថា អាជ្ញាធរបានលើកហេតុផលថាជា នេះជាបញ្ជារបស់អភិបាលខណ្ឌដូនពេញ និងថា ការដាក់សៀវភៅឱ្យអាននៅលើសួននេះ ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
កញ្ញាលើកឡើងថា៖ «គាត់ [អាជ្ញាធរ] បានប្រាប់ថាឱ្យខ្ញុំរើចេញជាដាច់ខាត បើសិនជាខ្ញុំអត់ព្រមរើទេគាត់នឹងយកសៀវភៅហ្នឹងទៅហើយ […] ខ្ញុំក៏សុំឱ្យអ្នកទៅអានហ្នឹងជួយរើ បើសិនជាអត់រើទេសៀវភៅមានតែគេយកទៅ»។
កញ្ញា ស្រីគា ថា ការដែលដាក់សៀវភៅឱ្យសាធារណជនអាន មិនមានផលប៉ះពាល់អ្វីដល់សណ្ដាប់ធ្នាប់សាធារណៈនោះទេ ហើយក៏មិនខុសច្បាប់នោះដែរ។ កញ្ញាថា នៅតាមសួនសាធារណៈ កញ្ញាតែងឃើញមានសកម្មភាពអសីលធម៌មួយចំនួនដូចជាការផឹកស្រានៅទីសាធារណៈជាដើម ប៉ុន្តែបែរជាអាជ្ញាធរមិនចាប់អារម្មណ៍ទៅវិញ។
កញ្ញាបន្ត៖ «នៅលើសួនហ្នឹងមិនមែនមានតែយុវជនហើយនិងមនុស្សចាស់ទេ មានទាំងកុមារៗផងដែរ ដែលគាត់ទៅលេងសួនហ្នឹង បើគាត់ឃើញទិដ្ឋភាពបែបអសីលធម៌អីបែបហ្នឹងនៅក្នុងសង្គមអាចឱ្យពួកគាត់យកគំរូតាម។ ខ្ញុំគ្រាន់តែចង់បង្វែរចំណាប់អារម្មណ៍ពួកគាត់ឱ្យមកចាប់អារម្មណ៍លើសៀវភៅវិញ»។
Newsroom Cambodia មិនអាចសុំការឆ្លើយតបពី លោក ជា ខេមា អភិបាលខណ្ឌដូនពេញបានទេ គិតត្រឹមល្ងាចថ្ងៃពុធនេះ។
ចំណែកអ្នកនាំពាក្យក្រសួងអប់រំលោក រស់ សុវាចា មិនលើកទូរស័ព្ទ។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានប្រាប់ Newsroom Cambodia ថា ការដាក់បណ្ណាល័យចល័តនេះ គឺសម្រាប់លើកទឹកចិត្ដយុវជន និងពលរដ្ឋដែលខ្វះធនធានសម្រាប់ទិញសៀវភៅយកមកអានឱ្យបានអានគ្រប់ៗគ្នា។ អ្នកស្រីថា អាជ្ញាធរគួររៀបចំកន្លែងណាមួយឱ្យយុវជនដាក់សៀវភៅទាំងនោះ ប្រសិនបើគិតថាខ្វះសណ្ដាប់ធ្នាប់។
អ្នកស្រីលើកឡើងថា៖ «យើងដឹងហើយប្រទេសយើងវប្បធម៌ការអានវាតិចតួចណាស់។ កន្លងមកក្រសួងអប់រំក្ដីព្យាយាមលើកកម្ពស់វប្បធម៌ការអានមែនទែន ដូចមានប្រារព្ធទិវាអំណានជាតិអីជាដើម រឿងមួយដែលយើងទាំងអស់គ្នាចូលរួមចំណែកថែមទៀត ហើយខ្ញុំគិតថាគំនិតផ្ដួចផ្ដើមយុវជនយើងទាំងអស់គ្នាគួរចូលរួមសាទរហើយគួរតែចូលរួមគាំទ្រ»៕