កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ដែលនឹងប្រារព្ធនៅកម្ពុជាចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយមានកីឡាករពីប្រទេសនានាមកចូលរួម និងការប្រកួតកីឡាប្រភេទផ្សេងៗគ្នា។
យុវជនចំនួនប្រាំពីររូបបានផ្ដល់បទសម្ភាសន៍ដល់ Newsroom Cambodia អំពីការយល់ឃើញលើកីឡាស៊ីហ្គេមនេះ។
លោក លែក ឡែន ជានិសិ្សតនីតិសាស្រ្តលើកឡើងថា លោកចំណាប់អារម្មណ៍លើកីឡាស៊ីហ្គេម ព្រោះជាព្រឹត្តិការណ៍មួយដ៏ល្អបំផុតសម្រាប់ប្រទេសកម្ពុជាក្នុងតំបន់អាស៊ី ជាពិសេសតាមបណ្តាប្រទេសដែលជាសមាជិកអាស៊ាន និងធ្វើឱ្យកម្ពុជាអាចបង្ហាញមុខមាត់ជាថ្មីម្តងទៀតនៅលើឆាកអន្តរជាតិ។
លោកថា៖ «កម្ពុជាអាចធ្វើបាន ម្យ៉ាងវិញទៀតកម្ពុជាក៏អាចចំណេញទៅលើវិស័យទេសចរណ៍ផងដែរ គឺធ្វើឲ្យអន្តរជាតិស្គាល់កាន់តែច្បាស់អំពីកម្ពុជា ជាពិសេសកម្ពុជាក៏អាចបង្ហាញថាខ្លួនមាន អត្តពលិកគ្រប់គ្រាន់ក្នុងការប្រគួតប្រជែងក្នុងកីឡាស៊ីហ្គេមមួយនេះ និងកីឡាផ្សេងៗទៀត»។
លោក សឹង រតនៈ ជានិសិ្សតផ្នែកនីតិសាស្រ្តនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច លើកឡើងថា៖ «កម្មវិធីស៊ីហ្គេមជាកម្មវិធីដ៏ល្អជាពិសេសកម្ពុជា ម្យ៉ាងឆ្នាំនេះកម្ពុជាគឺជាម្ចាស់ផ្ទះ វាល្អសម្រាប់កីឡាទូទៅគ្រប់មុខ ដូចជាពេលថ្មីៗនេះ ល្បុកតោ គុនខ្មែររបស់យើងក៏បានដាក់ចូលស៊ីហ្គេមដែល នេះអាចធ្វើឱ្យគេ [អន្តរជាតិ] ស្គាល់ខ្មែរដែរ គឺអាចផ្សព្វផ្សាយកីឡារបស់យើងទៅជុំវិញពិភពលោក»។
លោក ផល សុផានីត ជានិស្សិតថ្នាក់អនុបណ្ឌិតផ្នែកវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យ INALCO ប្រទេសបារាំងលើកឡើងថា ស៊ីហ្គេមជាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតសម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ខលោករីករាយដែលប្រទេសយើងអាចរៀបចំព្រឹត្តការណ៍នេះ មិនត្រឹមតែធ្វើឱ្យពិភពលោកស្គាល់ប្រទេសរបស់យើងកាន់តែច្បាស់តាមរយៈចំនួនភ្ញៀវទេសចរដែលមកទស្សនាការប្រកួត និងផ្សព្វផ្សាយកីឡាកាន់តែច្រើនដល់កម្ពុជា។
លោកថា៖ «ខ្ញុំរំភើប ហើយគ្រោងនឹងទៅទស្សនាការប្រកួតហែលទឹកមួយចំនួនផងដែរ»។
លោក ផល សុផានីត បន្ថែមថា ស៊ីហ្គេមនឹងនាំភ្ញៀវទេសចរណ៍មកលេងប្រទេសកម្ពុជា ដូចនេះអាចរួមចំណែកបង្កើនប្រាក់ចំណូលដល់វិស័យបដិសណ្ឋារកិច្ច។ បន្ទាប់ពីការប្រកួតនេះ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលកំពុងត្រូវបានអភិវឌ្ឍអាចផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងការប្រើប្រាស់ដូចជា កីឡដ្ឋាន ផ្លូវថ្នល់ ភូមិ ហើយស៊ី ហ្គេម និងបន្សល់ទុកនៅកន្លែងកីឡាដូចជាអាងហែលទឹក ទីលានកីឡាជាដើម។
លោកថា៖ «ខ្ញុំសង្ឃឹមថាក្រោយការប្រកួត ខ្ញុំអាចទៅហែលទឹកនៅទីនោះបានពេលខ្លះ»។
លោកបន្ថែមថា៖ «ការប្រកួតនេះគឺជាផលប្រយោជន៍រយៈពេលវែងរបស់កម្ពុជា និងប្រជាជនកម្ពុជា ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ ភ្ញៀវទេសចរនឹងស្វែងយល់ពីប្រទេស និងវប្បធម៌ ពេលត្រឡប់ទៅប្រទេសគេវិញ គេនឹងចែករំលែកដល់អ្នកដទៃ ដូចនេះយើងអាចទាក់ទាញភ្ញៀវទេសចរណ៍ចូលមកទស្សនាប្រទេសយើងកាន់តែច្រើនឡើងនាពេលអនាគត»។
លោកបញ្ជាក់ថា កម្ពុជាអាចយកមេដៃណាមួយបានក្នុងការប្រកួតកីឡាស៊ីហ្គេម ព្រោះយើងមានបេក្ខជនល្អក្នុងវិស័យប្រដាល់ ហែលទឹក និងបាល់ទះ លោកគាទ្រនិងសង្ឃឹមថាពួកគេអាចឈ្នះ និងទទួលបានមេដៃមួយចំនួន។
កញ្ញា ឌន កនិកា ជានិស្សិតឆ្នាំទីមួយនៅវិទ្យាស្ថានស៊ីតិច (SETEC Institute) បង្ហាញចំណាប់អារម្មណ៍ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមដែលនឹងធ្វើឡើងនៅកម្ពុជាក្នុងពេលខាងមុខនេះ កញ្ញារំភើបរីករាយយ៉ាងខ្លាំង ព្រមទាំងមានមោទកភាពដែលប្រទេសកម្ពុជាយើងបានធ្វើជាម្ចាស់ផ្ទះ ហើយកីឡាស៊ីហ្គេមមានផលប្រយោជន៍សម្រាប់កម្ពុជាច្រើនខ្លាំង ព្រោះអាចបង្ហាញនូវកិត្យានុភាពរបស់អត្តពលិកកម្ពុជា ជាពេលកម្ពុជាមានមុខមាត់នៅអន្តរជាតិជាងមុន។
កញ្ញាលើកឡើងថា៖ «មិនថាតែផ្នែកកីឡាទេ តែក៏បានផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ សិល្បៈ និងវិស័យទេសចរណ៍ផងដែរ ម្យ៉ាងវិញទៀតនោះកម្ពុជាបានផ្តល់ឱកាសឲ្យយុវជនបានចូលរួមចំណែកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ តាមការបើកឲ្យចូលរួមធ្វើការងារស្ម័គ្រចិត្តផងដែរ»។
កញ្ញាបន្ថែមថា៖ «ចំពោះក្តីសង្ឃឹមរបស់ខ្ញុំ ខ្ញុំគិតថាកម្ពុជាអាចដណ្ដើមយកមេដៃជូនជាតិបាន ព្រោះអត្តពលិករបស់យើងគឺបានធ្វើការហ្វឹកហាត់ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតនាពេលខាងមុខនេះ»។
កញ្ញា ឌន កនិកា បញ្ជាក់ចុងក្រោយថា កញ្ញាសូមសំណូមពរឲ្យអត្តពលិកខ្មែរទាំងអស់ ថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្តឲ្យល្អដើម្បីត្រៀមខ្លួនក្នុងការចូលរួមប្រកួត ។
កញ្ញាបញ្ជាក់ថា៖ «សូមកុំមានការបាក់ទឹកចិត្ត ឬបោះបង់ ព្រោះការប្រកួតតែងតែមានឈ្នះ និងចាញ់ ត្រូវចាំថាពាក្យថាចាញ់នេះ មិនមែនមានន័យថាយើងគ្មានសមត្ថភាពទេ ហើយក៏មិនមែនមានន័យថាយើងធ្វើមិនបានល្អដែរ»។
លោក យឿន សៅភា ជាតំណាងចែកចាយលក់ផលិតផលស្ករត្នោតខ្មែរជាផលិតផលនៅខេត្តកំពង់ឆ្នាំងលើកឡើងថា ចំពោះស៊ីហ្គេមដែលប្រព្រឹត្តនៅកម្ពុជានាពេលខាងមុខនេះ។
លោកថា៖ «ខ្ញុំពិតជារំភើបសប្បាយរីករាយ ដែលប្រទេសកម្ពុជាយើងសព្វថ្ងៃមានវិស័យកីឡាដែលកំពុងរីកចម្រើនស្គុះស្គាយ ទាំងគុនខ្មែរ កីឡាប្រដាល់ ប្រភេទទោចក្រយាន្ត ជាកីឡាករពិសេសដែលខ្ញុំពេញចិត្ត […] មានផ្លូវសម្រាប់ប្រកួត មានស្តាតក៏ធំ គឺជាស្តាតមរតតេជោដែលកម្ពុជាមានសព្វថ្ងៃអាចដាក់ទស្សនិកជន និងកីឡាករបានច្រើន ហើយលក្ខណៈទំនើបមែនទែន»។
លោក រំចង់ សំណាង ជានិស្សិតបានប្រាប់NewsroomCambodiaថាលោកក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមព្រឹត្តការណ៍ស៊ីហ្កេមទៅតាមអ្វីដែលអាចធ្វើទៅបានក្នុងនាមជាយុវជនជាម្ចាស់ផ្ទះ លោកថាស៊ីហ្គេមនេះមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ជាតិ និងវប្បធម៌របស់កម្ពុជា កម្ពុជាមានឱកាសសម្រាប់បង្ហាញវប្បធម៌ និងអ្វីៗដែលយើងមានល្អទៅកាន់ពិភពលោកឱ្យស្គាល់ប្រទសសខ្មែរកាន់តែច្រើនឡើង។
លោកលើកឡើងថា៖ «ប្អូនជឿជាក់និងសង្ឃឹមយ៉ាងមុតមាំទៅលើកីឡាករកម្ពុជាយើងហើយប្អូនជឿជាក់ថាកម្ពុជាហ្នឹងទទួលបានមេដៃច្រើននៅក្នុងការធ្វើជាម្ចាស់ផ្ទះ»។
លោក សែម ពុធបញ្ញា និស្សិតសាកលវិទ្យាបញ្ញាសាស្រ្ដកម្ពុជាបានប្រាប់ Newsroom Cambodia ថាចំពោះកីឡាស៊ីហ្គេមលោកសប្បាយចិត្ដ និងរំភើបដោយសារលោកចូលចិត្ដមើល ចូលចិត្ដលេងកីឡា និងការប្រកួតប្រជែងក្នុងវិស័យកីឡាសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣ ជាឱកាសល្អសម្រាប់កម្ពុជាផ្សព្វផ្សាយវប្បធម៌អរិយធម៌ប្រពៃណីទំនៀមទម្លាប់នយោបាយសេដ្ឋកិច្ចផ្សព្វផ្សាយដល់អ្នកវិនិយោគ។
លោកលើកឡើងថា៖ «ខ្ញុំជឿជាក់ខ្ពស់ថា កម្ពុជាយើងហ្នឹងទទួលបានលិទ្ធិផលល្អក្នុងការដណ្តើមមេដៃជួនជាតិគ្រប់កីឡាទាំងអស់ បើតាមខ្ញុំដឹងខាងសហពន្ធ័គេជ្រើសរើសវឹកហាត់[កីឡាករ]យូមកហើយ ហើយត្រៀមខ្លួនដើម្បីទទួលបានមេដៃ ខ្ញុំជឿជាក់ថាហ្នឹងទទួលបានមេដៃច្រើនតែមេដៃមាសយើងនៅមានកំរិត ប៉ុន្តែនិយាយជារួមមេដៃសំរិតមេដៃប្រាក់អីផ្សេងៗកម្ពុជាហ្នឹងទទួលបានច្រើនជាងគេ និយាយជារួមប៉ុន្តែមេដៃមាសខ្ញុំគិតថាមិនទទួលបានច្រើននោះទេ»៕