សិទ្ធិមនុស្ស ត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់កម្ពុជា និងក្នុងច្បាប់អន្តរជាតិផ្សេងៗទៀតដែលកម្ពុជាបានផ្តល់សច្ចាប័ន។ ទោះយ៉ាងណាគេឃើញថា បញ្ហាសិទ្ធិមនុស្សនៅតែត្រូវបានលើកឡើងថា មិនទាន់អាចអនុវត្តបានពេញលេញនៅឡើយ។
Newsroom Cambodia បានសម្ភាសន៍លោក រស់ សារ៉ាត់ មន្ត្រីសម្របសម្រួលគម្រោងបង្កើនការគោរពសិទ្ធិនៅកម្ពុជា ពាក់ព័ន្ធជាមួយបញ្ហាសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងស្ថាប័នដែលមានសមត្ថកិច្ចពាក់ព័ន្ធ។
Q៖ ជម្រាបសួរលោក! ខ្ញុំបាទ ស៊ុន រតនៈ ជាសិក្ខាកាមរបស់ Newsroom Cambodia។
A៖ បាទ! ជម្រាបសួរ។
Q៖ តើលោកយល់ឃើញបែបណាដែរចំពោះសេរីភាពនៃការអនុវត្តសិទ្ធិនៅកម្ពុជា?
A៖ បើយើងមើលពីសេរីភាពនៃការអនុវត្តសិទ្ធិ វាហាក់ដូចនៅមានកម្រិតនៅឡើយ ជាពិសេសដូចជានៅមួយរយៈនេះដូចយើងឃើញហើយ ដូចជាមានការធ្វើកូដកម្មក្រុមណាហ្គាវើល៍អីជាដើមហ្នឹង យើងឃើញថាមានការរិតត្បិតជាច្រើន ហើយសូម្បីតែយើងបានដឹងហើយថាគណនេយ្យធនាគាររបស់គាត់ដែលទទួលយកជំនួយសម្រាប់គាត់ធ្វើប្រតិបតិ្តការហ្នឹង ត្រូវបានបង្កក ត្រូវបានរាំងស្ទះ ហើយមេដឹកនាំរបស់គាត់ត្រូវបានចាប់ឃុំខ្លួនក្រោមបទចោទថាគាត់បានបំពានបំរាមរបស់តុលាការ អាហ្នឹងយើងមើលឃើញថាវានៅមានកម្រិតមែនទែន ហើយសូម្បីតែមានប្រតិកម្មជាច្រើន តាំងពីមេធាវីរបស់គាត់ តាំងពីអ្នកដែលធ្វើការខាងវិស័យសិទ្ធិមនុស្ស ថានេះជាការធ្វេសប្រហែសរបស់តុលាការខ្លួនឯងដែលមិនបានចេញការជូនដំណឹងណាមួយ អំពីបម្រាមទៅលើគាត់ ហើយទាល់តែពេលគាត់ធ្វើដំណើរអីបានមានការចាប់ចងគាត់អីឡើងវិញនេះគ្រាន់តែជាផ្នែកមួយនៃការអនុវត្តសិទ្ធិដែលយើងមើលឃើញ ដែលជាប្រធានបទក្តៅនាពេលបច្ចុប្បន្ននេះ។
Q៖ ចំពោះសេរីភាពបញ្ចេញមតិវិញ តើលោកយល់ឃើញបែបណាដែរក្នុងបរិបទបច្ចុប្បន្ន?
A៖ ចំពោះសេរីភាពបញ្ចេញមតិ យើងឃើញថានៅតែមានចំណុចដែលគួរឱ្យកត់សម្គាល់ ដូចជាមួយរយៈចុងក្រោយនេះយើងឃើញមានកិច្ចប្រជុំអាស៊ានជាដើម ដូចជាឃើញមានការបែងចែកបក្ខពួករវាងអ្នកចូលយកព័ត៌មាន ឃើញថាក្រុមខ្លះទៅក៏អាចចូលយកព័ត៌មានបាន ក្រុមខ្លះទៅក៏មានការរឹតត្បិតលើការចូលទៅយកព័ត៌មានជាដើម។
យើងឃើញរដ្ឋាភិបាលបង្កើតឱ្យមានការជួបជុំជាមួយអ្នកសារព័ត៌មានវាជាចំណុចមួយដែលល្អ ហើយបានអនុវត្តក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយឃើញថាក៏នៅមានអ្នកសារព័ត៌មានដែលគាត់មិនមានក្រមសីលធម៌ មិនមានវីជ្ជាជីវៈមួយចំនួននៅតែមានដំណើរការនៅស្រុកខ្មែរ ប៉ុន្តែចំពោះអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈហាក់ដូចជានៅមានការគាប់សង្កត់នៅមានការរឹតត្បិតជាដើម។
កាលពីខែ១១ ចុងឆ្នាំ២០២២ ខាងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក៏បានចេញផ្សាយនូវរបាយការណ៍មួយដែរ យើងបានផ្តោតទៅលើសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មានបានចងក្រងករណីតាមរយៈការសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សផ្ទាល់ជាមួយនឹងការឃ្លាំមើលសារព័ត៌មានទាក់ទងជាមួយការរឹតត្បិត និងការរំលោភបំពានសេរីភាពសារព័ត៌មាននេះ យើងក៏ឃើញមានការគាបសង្កត់ជាមួយអ្នកសារព័ត៌មាន។ ឧទាហរណ៍ករណីចុងក្រោយដែលក្តៅហ្នឹង ដូចជាមានការចាប់ខ្លួនអ្នកសារព័ត៌មានវីអូឌីពេលដែលគាត់ចុះទៅយកព័ត៌មាននៅភ្នំតាម៉ៅជាដើម នេះគឺជារូបភាពមួយដែលបង្ហាញថាសេរីភាពសារព័ត៌មាននៅតែមានភាពមិនទាន់ប្រសើរឡើងនៅឡើយ បើយើងមើលទាក់ទងជាមួយចំណាត់ថ្នាក់សេរីភាពសារព័ត៌មានពិភពលោកយើងក៏នៅមានកម្រិតទាបនៅឡើយដែរ។
Q៖ តើមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានចូលរួមយ៉ាងណាខ្លះក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា?
A៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាយើងបានចូលរួមចំណែកមួយចំនួនតាមរយៈគម្រោងដែលយើងមានដូចជាការធ្វើការផ្សព្វផ្សាយទាក់ទងជាមួយនឹងសិទ្ធិមនុស្ស បញ្ហច្បាប់ បញ្ហាសិទ្ធិមនុស្សផ្សេងៗ ដូចជាកម្មវិធីវិទ្យុជាផ្នែកមួយដែលយើងធ្វើការផ្សព្វផ្សាយអំពីសិទ្ធិ អំពីសេរីភាពជាផ្នែកមួយដែលយើងបញ្ជ្រាបទៅដល់សាធារណៈជនអំពីសិទ្ធិនិងសេរីភាពដែលប្រជាពលរដ្ឋយើងមាន។
យើងក៏មានកម្មវិធីផ្សេងៗដូចជា ការជួបជាមួយយុវជនដើម្បីធ្វើការផ្សព្វផ្សាយអំពីសិទ្ធិសេរីភាពជាមូលដ្ឋាន ដែលផ្តោតទៅលើសេរីភាពខាងការបញ្ចេញមតិ សេរីភាពជួបប្រជុំ និងសេរីភាពខាងសមាគមយើងក៏មានកម្មវិធីដូចជាការឃ្លាំមើលសវនាការ យើងក៏មានការចេញផ្សាយអំពីរបកគំហើញដាក់នៅក្នុងរបាយការណ៍របស់យើង។
យើងក៏មានការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំទាក់ទងជាមួយនឹងការឃ្លាំមើលសេរីភាពជាមូលដ្ឋាន សម្រាប់របាយការណ៍ជាក់លាក់គឺទាក់ទងជាមួយនឹងស្ថានភាពសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាននិងសិទ្ធិទទួលព័ត៌មាន យើងចេញផ្សាយប្រចាំឆ្នាំសម្រាប់របាយការណ៍ឃ្លាំមើលសេរីភាពមូលដ្ឋានគឺជារបាយការណ៍ដែលយើងមើលសេរីភាពជារួមនៃប្រទេសកម្ពុជាហើយនៅពេលដែលយើងចេញផ្សាយយើងក៏មានអនុសាសន៍សម្រាប់រដ្ឋាភិបាលសម្រាប់ភាគីពាក់ព័ន្ធដើម្បីគាត់យកទៅពិចារណា។
ក្រៅពីនោះយើងធ្វើការលើកកម្ពស់ទៅលើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា យើងក៏មានបើកវគ្គបណ្តុះបណ្តាលសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ដែលផ្តោតទៅលើនិស្សិត ហើយក៏មានបង្រៀនពួកគាត់ពីរបៀបចូលទៅស្តាប់សវនាការជាដើម។
Q៖ តើអ្វីដែលជាដំណោះស្រាយដែលត្រឹមត្រូវនៅពេលដែលច្បាប់ពីមានភាពប្រទាញប្រទង់គ្នា?
A៖ ជាទូទៅនៅពេលដែលមានការខ្វែងគំនិតគ្នាទៅលើច្បាប់ជាពិសេសឃើញមាន NGO បកស្រាយផ្សេងហើយខាងរដ្ឋាភិបាលគាត់បកស្រាយផ្សេង ដែលជាទូទៅច្បាប់គេតែងតែទុកចន្លោះឱ្យមានការបកស្រាយ ប៉ុន្តែជារួមយើងយល់ថាដើម្បីឱ្យមានភាពស៊ីសង្វាក់គ្នានៅពេលដែលធ្វើច្បាប់អ្វីមួយ រដ្ឋាភិបាល ឬអ្នកធ្វើសេចក្តីព្រាង គាត់គួរតែប្រមូលយកធាតុចូលពីភាគីពាក់ព័ន្ធនានា ក្នុងនោះមានទាំងអង្គការសង្គមស៊ីវិល មានទាំងអង្គការអភិវឌ្ឍនានាដើម្បីគាត់ផ្តល់ធាតុចូលថាតើច្បាប់នោះវាយ៉ាងម៉េច នៅពេលដែលអនុវត្តទៅដើម្បីកុំឱ្យមានភាពខ្វែងគំនិតគ្នា ជាគោលការណ៍ច្បាប់គឺត្រូវតែឱ្យស្របរដ្ឋធម្មនុញ្ញ។
Q៖ តើស្ថាប័នដែលមានសមត្ថកិច្ចគួរតែមានវិធានការណ៍បែបណា ដើម្បីពន្យល់ពលរដ្ឋឱ្យបានយល់ពីសិទ្ធិ និងព្រំដែននៃការអនុវត្តសិទ្ធិរបស់ខ្លួន?
A៖ ជាទូទៅនៅពេលដែលច្បាប់អនុម័តហើយ ជាកាតព្វកិច្ចរបស់រដ្ឋគឺគាត់ត្រូវតែផ្សព្វផ្សាយ ហើយកន្លងមកយើងឃើញមានអង្គការសង្គមស៊ីវិលគាត់បានចូលរួមធ្វើការផ្សព្វផ្សាយច្រើនទាក់ទងជាមួយច្បាប់ជាពិសេសទាក់ទងជាមួយគោលការណ៍សិទ្ធិមនុស្សជាដើម ទាក់ទងជាមួយការផ្សព្វផ្សាយ យើងយល់ថារដ្ឋាភិបាលគាត់គួរតែពង្រឹងបន្ថែមទៀត។ ឧទាហរណ៍ដូចជាឥឡូវយើងឃើញប្រជាពលរដ្ឋខ្មែរចាប់ផ្តើមប្រើបណ្តាញសង្គមនានា ដែលជាកន្លែងមួយដែលរដ្ឋគួរតែផ្សព្វផ្សាយឱ្យបានទូលំទូលាយបន្ថែមទៀតអំពីច្បាប់ ជាពិសេសច្បាប់ដែលអនុម័តហើយថ្មីៗ ហើយយើងឃើញថារដ្ឋមានប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយជាងខាងអង្គការសង្គមស៊ីវិល ជាងខាងដៃគូរអភិវឌ្ឍផ្សេងៗ។ អញ្ចឹងគាត់គួរតែយកស្ថាប័នផ្សព្វផ្សាយទាំងនោះដើម្បីធ្វើការផ្សព្វផ្សាយគោលការណ៍ហើយនិងបទបញ្ញត្តិនានាទាក់ទងជាមួយច្បាប់មិនថាច្បាប់សិទ្ធិមនុស្ស ឬក៏ច្បាប់អីទេ គឺឱ្យតែគោលការណ៍ច្បាប់គួរតែធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ អញ្ចឹងមានទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយអីផ្សេងៗទៀត ហើយបើសិនជាអាចគួរតែធ្វើការផ្សព្វផ្សាយទៅដល់មូលដ្ឋានផ្ទាល់តែម្តង។
Q៖ តើលោកមានអនុសាសន៍បែបណាដើម្បីឱ្យសិទ្ធិមនុស្សនៅកម្ពុជាអនុវត្តទៅប្រកបដោយភាពល្អប្រសើរ?
A៖ ដើម្បីឱ្យស្ថានភាពសិទ្ធិមនុស្សបានល្អប្រសើរ នៅពេលដែលអង្គការសង្គមស៊ីវិលគាត់បានចេញអ្វីមួយ ជាទូទៅយើងតែងតែឃើញមានខាងរដ្ឋាភិបាលគាត់ច្រានចោល មិនថាតែសង្គមស៊ីវិលទេនៅពេលដែលមានអ្នកឯករាជ្យ ឬពលរដ្ឋផ្សេងៗមើលឃើញបញ្ហាសិទ្ធិមនុស្សកំពុងតែកើតមាន មានការរំលោភបំពាន មានការរឹតត្បឹត គេតែងតែផ្តល់ជាអនុសាសន៍ ហើយលើកឡើងពីបញ្ហាហ្នឹង។
ជាយោបល់របស់ខ្ញុំ ខ្ញុំគិតថារដ្ឋាភិបាលគួរតែសិក្សាឱ្យបានច្បាស់លាស់ ថាតើបញ្ហានោះវាពិតជាមានមែន ឬក៏យ៉ាងណា ហើយបើសិនជាពិតជាមានមែនក៏គួរតែទទួលអនុសាសន៍នានា ទទួលយកបញ្ហានោះមកដាក់លើតុដើម្បីជជែករកដំណោះស្រាយថាតើមានដំណោះស្រាយអ្វីមួយដែលគួរតែដោះស្រាយ គួរតែធ្វើការកែប្រែដើម្បីឱ្យស្ថានភាពប្រសើរ។ ហើយយើងបានឃើញហើយ សហគមន៍អន្តរជាតិគាត់បានដាក់ទណ្ឌកម្មប្រទេសកម្ពុជាតាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ជាដើមគឺដោយសារតែគេយល់ថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកំពុងតែជួបបញ្ហាដែលតម្រូវឱ្យកម្ពុជាធ្វើការដោះស្រាយដើម្បីឱ្យមានភាពល្អប្រសើរឡើង។
ជាដំណោះស្រាយរួមខ្ញុំយល់ថានៅពេលដែលខាងអង្គការស៊ីវិលនៅពេលដែលមជ្ឈដ្ឋានអន្តរជាតិ នៅពេលដែលអ្នកឯករាជ្យគាត់បានលើកឡើងពីបញ្ហាអ្វីមួយ ជាពិសេសកម្ពុជាបញ្ហាសិទ្ធិមនុស្សកំពុងតែមានការរំលោភបំពានរងការរឹតត្បិតអ្វីបែបហ្នឹង អញ្ចឹងរដ្ឋាភិបាលគាត់គួរតែធ្វើម៉េចយកបញ្ហាហ្នឹងមកដោះស្រាយដើម្បីឱ្យមានភាពល្អប្រសើរឡើង។
Q៖ បាទ! ខ្ញុំសូមអរគុណសម្រាប់ចំណាយពេលវេលារបស់លោកក្នុងការផ្តល់បទសម្ភាសន៍ សូមជម្រាបលា!
A៖ បាទអរគុណច្រើន ជម្រាបលា!៕