ក្រសួងកសិកម្មគ្រោងអនុវត្តឃុំចំនួន១០ ដើម្បីឆ្ពោះទៅការបង្កើត ឃុំកសិកម្មគំរូនៅទូទាំងប្រទេសដែលមានមន្រ្តីកសិកម្មនៅប្រចាំការក្នុងឃុំជួយដល់ប្រជាកសិករលើបញ្ហាទីផ្សារ និងបច្ចេកទេសនៃការដាំដុះ។
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រាប់ Newsroom Cambodia នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ឃុំកសិកម្មគំរូ គឺជាឃុំដែលមានមន្រ្តីកសិកម្មនៅប្រចាំការក្នុងឃុំដើម្បីជួយដល់ប្រជាកសិករលើបញ្ហាទីផ្សារ និងបច្ចេកទេសនៃការដាំដុះ។
លោកបានបន្ថែមថា៖ «ដើម្បីក្លាយជាឃុំកសិកម្មគំរូនេះបាន ប្រជាកសិករនៅឃុំនោះត្រូវតែជាឃុំដែលមានអ្នកជំនាញកសិកម្មធ្វើការប្រចាំការដើម្បីបម្រើកសិករ និងចាប់ផ្តើមពី១០ឃុំ ហើយពង្រីកបន្តបន្ទាប់ទូទាំងប្រទេស ដោយចាប់ផ្តើមពីស្រុកជើងព្រៃ ខេត្តកំពង់ចាមមុនគេ។ ការបង្កើតឃុំកសិកម្មគំរូនេះ និងជួយដោះស្រាយ បញ្ហាបច្ចេកទេស ពង្រឹងការសហការគ្នារវាងកសិករ សម្របសម្រួល ដោះស្រាយបញ្ហាទីផ្សារ-ល-»។
លោក ញិល ភាព មន្ត្រីសម្របសម្រួលសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានប្រាប់ Newsroom Cambodia នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា លោកគាំទ្រគម្រោងនៃការបង្កើតឃុំគំរូនេះប្រសិនជាដំណើរការទៅបានដោយមានការគាំទ្រពីរដ្ឋាភិបាលដោយមិនឆ្លងកាត់ប្រព័ន្ធនៃការគ្រប់គ្រងមានភាពស្មុគស្មាញច្រើន។
លោកបន្ថែមថា៖ «យើងអត់ដឹងទេថា បណ្ឌិត យ៉ង សាំងកុមារ គាត់មានកញ្ចប់អ្វីហើយគាត់ទទួលបានការគាំទ្រពីក្រសួងអភិវឌ្ឍន៍ជនបទ ឬក៏ក្រសួងកសិកម្មដែរឬអត់ ប៉ុន្តែយើងត្រូវដឹងថាការបង្កើតឃុំកសិកម្មគំរូនឹងវាត្រូវការប្រាក់ ត្រូវការទុនច្រើន ជាពិសេសនៅក្នុងការស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រ ការគិតគូរអំពីទុន ការគិតគូរអំពីពូជបច្ចេកទេស ឬក៏និរន្តរភាពទីផ្សារជាដើម។
លោក ញិល ភាព បន្ថែមថា ការបង្កើតឃុំគំរូនេះនឹងអាចជួយដល់កសិករបាន ប៉ុន្តែលោករំពឹងថា នឹងអាចជួយដល់កសិករជាទូទៅ ដែលនឹងមិនមែនតែមួយចំនួនណានោះ។
លោកបញ្ជាក់ថា៖ «បើបង្កើតនៅក្នុងឃុំហើយឃុំនិងមានប្រជាពលរដ្ឋ១០០០គ្រួសារ ឬ២០០០គ្រួសារ ហើយគាត់ធ្វើជាលក្ខណ:ក្នុងឃុំតែម្តង ឬក៏លក្ខណ:ជ្រើសរើសដូចកាលគាត់នៅធ្វើការនៅសេដាក មានតែកសិករគំរូដែលក្នុងមួយភូមិ ឬពីរភូមិ មានម្នាក់ឬពីរនាក់ជាកសិករគំរូដែលដាំបន្លែដាំអីដោយខ្លួនឯងជាលក្ខណ:គ្រួសារ អាហ្នឹងគឺវាអត់អាចជួយទៅដល់ឃុំទាំងមូលបានទេគឺអាចជួយបានជាលក្ខណ:បុគ្គលៗខ្នាតតូចៗតែប៉ុណ្ណោះ»។
ការប្រកាសពីការបង្កើតឃុំគំរូ ធ្វើឡើងខណៈដែលវិស័យកសិកម្មនៅកម្ពុជាតែងតែប្រឈមនឹងបញ្ហាដដែលៗស្ទើរាល់ឆ្នាំ ដូចជាកង្វះទីផ្សារសម្រាប់កសិករ និងកង្វះយន្តការក្នុងការបណ្តុះបណ្តាលកសិករជាដើម៕