ការ​ជួញដូរស្រ្តី នៅ​តែជាបញ្ហា​ដែល​ធ្វើ​ឱ្យ​មាន​ផលប៉ះពាល់​​ដល់សាម៉ី​ខ្លួនរបស់ពួកគេ គ្រួសារ ក៏ដូចជាសង្គម ។ បញ្ហា​ទាំងនេះ​នៅតែ​បន្ត​កើតឡើង​ជា​ហេតុ​ដែល​ធ្វើឲ្យ​ខាង​រាជរដ្ឋាភិបាល ​និង​អង្គការ​ខាងស្រ្តី​និង​កុមារ​នៅ​តែ​បន្ត​ទប់ស្កាត់ ​និង​ចេញ​វិធានការ ​ក៏​ដូចជា​វគ្គបណ្តុះបណ្តាលជារឿយៗ​ក្នុង​រឿង​នេះ។

ខាងក្រោមនេះ​ជា​កិច្ចសម្ភាសន៍​រវាង​អ្នកស្រី ​មាស សាអ៊ីម អនុប្រធាន​ផ្នែក​សិទ្ធិ​ស្រ្តី ​និង​កុមារ​នៃសមាគមកាពារសិទ្ធិមនុស្សអាដហុក និងកញ្ញា អ៊ួក ចាន់ធីដា ​ដែល​ជា​សិក្ខាកាម Newsroom Cambodia  កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ អំពីការជួញ​ដូរ​ស្រ្តី​នៅកម្ពុជា៖

Q: ជម្រាបសួរ​ អ្នកស្រី​សាអ៊ីម!

A: ចា៎!​ ជម្រាបសួរ!

Q: តើ​ការ​ជួញដូរ​ស្រ្តី​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ការ​កើនឡើង​ឬ​ថយចុះ? មូលហេតុ​អ្វី?

A: ដោយសារ​ខ្ញុំ​អត់​ទាន់​បាន​ផ្ទៀង​តួលេខ​ជាក់លាក់ ​ប៉ុន្តែ​យើង​ក៏​ឃើញ​មាន​រូបភាព​នៃ​ការ​បង្ខំ​រៀបការ​ទៅ​ចិន​ និង​រូបភាព​នៃ​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ទៅ​ប្រទេសម៉ាឡេស៊ី និង​ប្រទេសថៃ​​មួយ​ចំនួន​ដែរ។ នេះ​ជា​តួ​លេខ​ដែល​ខាង​ ADHOC យើង​ទទួលបាន ​និង​មាន​ចំនួន​ច្រើន​នៅឡើយ​សម្រាប់​ការ​បង្ខំ​រៀបការ​ទៅ​ចិន ​និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ទៅ​ប្រទេស​ម៉ាឡេស៊ី។

Q: តើ​ការ​ជួញដូរស្រ្តី​កើតឡើង​ក្នុង​ទម្រង់​ ឬ​រូបភាព​បែប​ណាខ្លះ?

A: ភាគច្រើន​ទៅ​ធ្វើការ​ជា​សេវាកម្ម​សម្អាត clinic service ឬ ធ្វើ​ការងារ​តាមផ្ទះ ​និង​ខាង​សេវាកម្ម​សម្អាត​នៅ​ក្នុង​ប្រទេសម៉ាឡេស៊ី។ ​ដោយឡែក​នៅ​ក្នុង​ប្រទេសចិន​យើង​ឃើញ​មាន​រូបភាព​នៃ​អ្នករៀបការ​ជាមួយ​បុរស​ជនជាតិចិន​ចាញ់បោក​មេខ្យល់​ ឬ​អ្នកជិតខាង​ដែល​ជា​បណ្តាញ​​របស់​មេខ្យល់។ ហើយ​ភាគច្រើន​គឺ​គាត់​ទៅ​រៀបការ​ជាមួយ​បុរស​ជាជនជាតិចិន​ដើម្បី​ពពោះ ​និង​បង្កើត​កូន​ឲ្យ​ជនជាតិចិន​បន្ត​ពូជពង្សវង្សត្រកូល​ ហើយ​នៅ​ក្នុង​នឹង​វា​មាន​រូបភាព​នៃ​ការ​រំលោភបំពាន​កេងប្រវ័ញ្ច ​និង​បង្ខំ​នៅ​ក្នុង​នឹង​ដែរ​ បិទ​សិទ្ធិ​សេរីភាព​ពួកគាត់ ​ធ្វើ​ឲ្យ​ពួកគាត់​ពិបាក​ក្នុង​ការ​វិលត្រឡប់​មក​ស្រុក​វិញ។

Q : នៅពេល​ដែល​មាន​បញ្ហា​ជួញដូរស្រី្ត​នៅតែ​បន្ត​កើតឡើង វា​នឹង​នាំឱ្យ​មាន​ផលប៉ះពាល់​អ្វីខ្លះ​ចំពោះ​ពួកគេ និង​ចំពោះ​សង្គម?

A : ចា៎! នេះ​ជា​បញ្ហា​សង្គម​ដែល​រាជរដ្ឋាភិបាល ​និង​អង្គការ​សង្គមស៊ីវិល​មាន​ការ​ព្រួយបារម្ភ​ហើយ​នៅ​ក្នុង​ហ្នឹង​ដែរ ​វា​ជា​វិបត្តិ​សង្គម​មួយ​ដែល​យើង​ឃើញ​មាន​រូបភាព​ភាគ​ច្រើន​ ​ដែល​ភាគច្រើន​​ពេល​គាត់​ទៅ​គាត់​គិត​ថា​គាត់​នឹង​អាច​មាន​ជីវភាព​ប្រសើរ​ឡើង​ ​ប៉ុន្តែ​រូបភាព​ដែល​យើង​ឃើញ​ជាក់ស្តែង​គឺ​ពេល​គាត់​ត្រឡប់មក​វិញ​គឺ​គាត់​មាន​បញ្ហា​ដូចជា​សុខភាពផ្លូវកាយ ផ្លូវចិត្តអត់ល្អ​។ ហើយ​អ្នកខ្លះ​វិប្បល្លាស​ស្មារតី​ មាន​ការ​បាត់បង់​ការ​ចងចាំ ​ខ្លះ​ទៀត​សុខភាព​របស់​គាត់​បាក់ស្បាត​តែម្តង ​ឬ​មិន​អាច​ធ្វើ​ការងារ​ដោយ​កម្លាំង​ទៀត​តែម្តង។

ហើយ​បញ្ហា​ទាំងអស់​នេះ​ពេលខ្លះ​ទុក​កូនតូចៗ​ឲ្យ​រស់នៅ​ជាមួយ​ជីដូនចាស់ ​ហើយ​ខ្លះ​កូន​ចៅតូចៗ​ទាំងនោះ​អត់​បាន​ទៅ​សាលា។ ណាមួយ​ដូច​យើង​ឃើញ​ស្រាប់​ហើយ ​មួយ​រយៈ​មុនមាន​ក្មេងៗ​លង់ទឹក​ហើយ​ជីដូន​ចុះ​ទៅ​ជួយ​គាត់​ក៏​លង់ទឹក​ជាមួយ​ដែរ។ អ៊ីចឹង​វា​មាន​ការ​បាត់បង់​អាយុជីវិត​ក្មេង​ និង​អ្នក​នៅ​មើលថែ​ពួកគាត់។ ហើយ​នៅពេល​ដែល​គាត់​ត្រឡប់​មកវិញ​វា​ជា​បន្ទុក​សម្រាប់​សង្គម។ អ៊ីចឹង​វា​មាន​បញ្ហា​ជា​ច្រើនទៀត​ដែល​ក្មេងៗ​ខ្លះ​ត្រូវ​បាន​គេ​រំលោភ​បំពាន​​នៅ​មូលដ្ឋាន ​ខណៈ​ដែល​ម្តាយ​របស់​គាត់​ទៅ​ធ្វើ​ការ​ក្រៅប្រទេស​ដែល​ត្រូវ​បាន​គេ​ជួញដូរ ជួនកាល​សមាជិក​គ្រួសារ​របស់​ខ្លួនឯង​ហ្នឹង​រំលោភបំពាន​កូន​របស់​ខ្លួនឯងហ្នឹង​ទៀត។

 ហើយ​បញ្ហា​ខ្លះទៀត​គាត់​ថែម​ទាំង​ជាប់​បំណុល​ពីលើ​នឹង​ទៀត ខ្លះ​គាត់​ទៅ​គាត់​អត់​ដឹង​ថា​រក​មធ្យោបាយ​មកវិញ​របៀប​ណា​គាត់​ជួល​មេខ្យល់​នៅ​ក្នុង​តម្លៃ​ខ្ពស់ អ៊ី​ចឹង​ទាំងគាត់​ទាំងគ្រួសារ​ស្ថិត​នៅក្នុង​ស្ថានភាព​ជំពាក់​បំណុល​គេ​ អ៊ីចឹង​ប្រាក់ចំណូល​គាត់​អត់​រកបាន សុខភាព​ក៏​បាត់បង់​ថែម ទាំង​ជំពាក់បំណុល​គេ​ទៀត​ អ៊ីចឹង​វា​ជា​បញ្ហា​ធំ​មួយ​សម្រាប់​សង្គម​ដែរ ​ហើយ​ក៏​បញ្ហា​សម្រាប់​ខ្លួនគាត់ផ្ទាល់​ និង​គ្រួសារគាត់ទៀត។

Q: តើ​មាន​វិធីសាស្រ្ត​អ្វី​ដើម្បី​ជួយ​ជនរងគ្រោះ​ដែល​រងគ្រោះ​ដោយ​ប្រយោល ​និង​ដោយ​ផ្ទាល់​នឹង​ដែរ​ ឬ​យ៉ាង​ណា?

A: វិធីសាស្រ្ត​ដែល​ពួកខ្ញុំ​បាន​ធ្វើ​កន្លងមក យើង​មាន​ទាំងវគ្គផ្សព្វផ្សាយ វគ្គបណ្តុះបណ្តាល កម្មវិធីវិទ្យុ​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​សម្រាប់​ពួកគាត់។ យើង​មិន​ទប់ស្កាត់​មិន​ឲ្យ​ពួកគាត់​ធ្វើ​ចំណាក​ស្រុក​ទេ​តែ​យើង​ព្យាយាម​ឲ្យ​គាត់​ធ្វើ​ចំណាកស្រុក​ប្រកប​ដោយ​ទំនួលខុសត្រូវ និង​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​មុន​នឹង​សម្រេចចិត្ត​ធ្វើ​ចំណាកស្រុក។ ហើយ​យើង​ក៏​មាន​សកម្មភាព​តស៊ូមតិ ការ​ជួបប្រជុំ​ជាមួយ​អង្គការ​ដៃគូ​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស​និង​អាជ្ញាធរ​ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​សមស្រប​សម្រាប់​ពួកគាត់​។

ហើយ​ខាង​អាដហុក​យើង​ក៏​បាន​ជួបប្រជុំ​ជាមួយ​ស្ថានទូត ស្ថានកុងស៊ុល​ និង​ខាង​អង្គការ​នៅ​ក្រៅប្រទេស​ផងដែរ។ នៅ​ក្នុង​ហ្នឹង​យើង​ព្យាយាម​រក​មធ្យោបាយ​ក្នុង​ការ​សង្រ្គោះ ​និង​ផ្តល់​សេវា​ពាក់ព័ន្ធ​មួយ​ចំនួន​ដូចជា​សេវាប្រឹក្សា​ការពារ​ផ្នែក​ច្បាប់ ​ដូចជា​មាន​មេធាវី​ការពារ​ពួកគាត់។ ហើយ​​មាន​​សេវា​ក្នុង​ការបញ្ជូន​ពួកគាត់​ត្រឡប់​មកវិញ​ និងបុគ្គលិក​សង្គម​ក្នុង​ការ​ជូន​ពួកគាត់​ត្រឡប់​ទៅ​មូលដ្ឋាន ​និង​សិក្សា​ពី​តម្រូវ​ការ​ជាក់ស្តែង​របស់​ពួកគាត់។ បុគ្គលិកសង្គម​របស់​យើង​មាន​ការ​ផ្តល់​សេវា​ដូចជា​ការ​ជូន​គាត់​ទៅ​ពេទ្យ​ព្យាបាល​​សុខភាព​ ហើយ​បើសិន​ជា​គាត់​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ យើង​នឹង​បញ្ជូន​ពួកគាត់​ទៅ​ពេទ្យ ​ឬ​អ្នកជំនាញ​សុខភាព​ផ្លូវចិត្ត។

យើង​ក៏​ជួយ​គាំទ្រ​ដល់​គ្រួសារ​របស់​ពួកគាត់​ទៀត បាន​ន័យ​ថា​យើង​មាន​សេវាកម្ម​តាំង​ពី​បើក​រហូត​ដល់​ចប់​ករណី និង​ព្យាយាម​កុំ​ឲ្យ​គាត់​ទៅ​ចំណាក​ស្រុក ​ឬ​ការ​សម្រេច​ចិត្ត​ទាំង​ប្រថុយ​ដែល​អាច​រងគ្រោះ​កម្លាំងពលកម្ម​ ឬ​ការ​រំលោភបំពាន​ដោយ​ប្រការ​ណាមួយ។

Q: តើ​រដ្ឋាភិបាល​គួរ​ធ្វើ​បែបណា​ដើម្បី​ទប់ស្កាត់ និង​លុបបំបាត់​ការ​ជួញដូរស្រ្តី?

A: ចា៎! ចំពោះ​បញ្ហា​ជួញដូរ​នេះ​គឺ​ទាក់ទង​ទៅ​នឹង​បញ្ហា​រាជរដ្ឋាភិបាល​នៃ​ប្រទេសដើម។ បាន​ន័យ​​ថា​ប្រទេស​យើង​នេះ​ជា​ប្រទេសសាម៉ី ហើយ​​និង​ប្រទេស​ដែល​ទទួល ឬ​ក៏​ប្រទេស​ដែល​ជន​រងគ្រោះ​គាត់​កំពុង​រងគ្រោះ។ អ៊ីចឹង តួនាទី​របស់​រដ្ឋាភិបាល​ធ្វើ​ម៉េច​ជំរុញ​ឱ្យ​មាន MOU (អនុស្សារណៈយោគយល់គ្នា) ដែល​អាច​ជួយ​គាំទ្រ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង​មាន​បុគ្គលិក​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ឆ្លើយតប សង្គ្រោះ និង​អន្តរាគនម៍​ជួយ​ជនរងគ្រោះ។

ឧទាហរណ៍​ថា បើ​ជនរងគ្រោះ​គាត់​កំពុង​រងគ្រោះ​នៅ​តំបន់​ណាមួយ​ច្រើន យើង​គួរ​មាន​បុគ្គលិក​ប្រចាំការ​ដែល​ទទួលខុសត្រូវ​ផ្ដល់​សេវាសង្គ្រោះ និង​ប្រឹក្សាយោបល់​ជូន​គាត់​ទាន់​ពេលវេលា។ ហើយ​រដ្ឋាភិបាល​ខ្លួនឯង​ត្រូវមាន​កញ្ចប់ថវិកា​ក្នុង​ការ​ជួយ​ជ្រោមជ្រែង និង​ជួយ​ដោះស្រាយ​បញ្ហា​ទាំងអស់​ហ្នឹង ហើយ​ត្រូវ​ហ៊ាន​លើក​យក​បញ្ហា​ទាំងអស់ហ្នឹង​ដល់​ប្រទេស​គោលដៅ បានន័យថា ដល់​ប្រទេស​ដែល​ទទួល។

ហើយ​មួយទៀតដែរ គឺ​ជា​ការ​ជំរុញដែរ រដ្ឋាភិបាល​ត្រូវមាន​កញ្ចប់ថវិកា​ក្នុង​ការ​ផ្ដល់សេវា​ផ្លូវ​ច្បាប់​​ជូន​ពួកគាត់ និង​កញ្ចប់សំណង​របស់​រដ្ឋ​ដើម្បី​ជួយ​ពួកគាត់។ ប្រសិនជា​រដ្ឋាភិបាល​គាត់​មាន​កញ្ចប់ថវិកា​ហ្នឹង យើង​អាច​ផ្ដល់ជូននៅក្នុង​ករណី​ដែល​គាត់​ជា​ជនរងគ្រោះ​ក្នុង​អំពើ​ជួញ​ដូរ។ អ៊ីចឹង​រដ្ឋ​អាច​មាន​កញ្ចប់ថវិកា​ហ្នឹង​ដើម្បី​ជួយ​គាត់​នៅក្នុង​ការ​សម្រួល​ឱ្យ​គាត់​មាន​ការងារ​ធ្វើ មាន​ជីវភាព​សមរម្យ ប្រកបរបរ​នៅក្នុង​ស្រុក ។

ពេលខ្លះ​រដ្ឋាភិបាល​យើង​ក៏​មាន​ការ​ពិបាក ប៉ុន្តែ​យើង​គួរមាន​យន្តការ​ជាក់លាក់​នៅក្នុង​ការ​ចាត់​វិធានការ​ចំពោះ​ជនប្រព្រឹត្ត​ដែល​ក្រៅប្រទេស។ អ៊ីចឹង​រវាង​រដ្ឋ ​និង​រដ្ឋសហការ​គ្នា​ដើម្បី​វែកមុខ​ជនប្រព្រឹត្ត​នៅ​ខាងក្រៅប្រទេស​ដើម្បី​ចាប់​មេខ្យល់ និង​ជនសង្ស័យ​ទាំងអស់នោះ​មក​សួរ​ចម្លើយ និង​មក​ដាក់​ទោសទាន់ ហើយ​ប្រសិន​ជា​អត់មាន​វិធានការ​ទាំងអស់ហ្នឹងទេ ជន​រងគ្រោះ​នៅតែ​បន្ត​រងគ្រោះ និង​ការ​ជួញដូរ​នៅតែ​បន្ត​កើតមាន​ឡើង​ជាបន្តបន្ទាប់។

Q: ចាស៎! មកទល់ឥឡូវ តើ​រាជរដ្ឋាភិបាល​គាត់​បាន​សង្គ្រោះ​ការជួញដូរ​ស្រ្តី​​ប្រហែលជា​ប៉ុន្មាន​ករណីដែរ?

A: យើងឃើញ​មាន​ច្រើនដែរ តែ​ការ​ជួយ​ទាំងអស់នោះ ចង់​មិនចង់​វា​មាន​ពាក់ព័ន្ធ​នឹង​រដ្ឋាភិបាល​នៅក្នុង​ការ​ជួយ​ដែរ។ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ គឺ​កញ្ចប់ថវិកា​ទាំងអស់នោះ​គឺ​ចេញពី​អង្គការ​អភិវឌ្ឍ​ និង​សង្គមស៊ីវិល យើង​អត់ទាន់​ឃើញ​កញ្ចប់ថវិកា​មកពី​ខាង​រដ្ឋ​ក្នុងការ​ជួយ​ផ្ដល់​សេវា​ពេញលេញ ហើយនិង​មាន​ការ​ខ្វះ​ធនធាន​មនុស្ស​នៅក្នុង​ការ​ជួយសង្គ្រោះ និងអន្តរាគមន៍​សេវា​ពេញលេញ។

យើង​ចង់​ឃើញ បានន័យ​ថា​ជា​របស់​រដ្ឋ​តែម្ដង​ទាំងមណ្ឌល​ទាំងការជួយផ្ដល់​សេវា​អីផ្សេងទៀត ហើយនិង​ការប្រឹក្សាយោបល់​ដោយ​ក្រមសីលធម៌វិជ្ជាជីវៈហ្នឹង យើង​មិនទាន់​ឃើញ​មាន​ពេញ​លេញទេ។ ប៉ុន្តែ​យើង​ឃើញមាន​ការប្ដេជ្ញាចិត្ត​របស់​ពួកគាត់​ដែរ។ ប៉ុន្តែ​ការ​ប្ដេជ្ញាចិត្ត​វា​ត្រូវ​ឆ្លើយតប​នឹង​ការអនុវត្ត​ជាក់ស្ដែង មាន​ធនធាន និង​មាន​មនុស្ស​ក្នុង​ការ​ធ្វើ​ការ​ជាក់លាក់​ដែរ។

Q: ចា៎! អរគុណ​អ្នកស្រី ​សាអ៊ីម ​សម្រាប់​ការ​ផ្តល់​កិច្ចសម្ភាស!

A: ចា៎! អរគុណ​ច្រើន៕