ព្រោះតែកត្តាជីវភាព យុវជន២រូបមកពីមកគ្រួសារក្រីក្រ ក្នុងខេត្តកំពង់ចាម បានសម្រេចចិត្តជ្រើសរើសជំនាញវីជ្ជាជីវៈផ្នែកកាត់សក់ រហូតជំរុញឱ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ ដែលអាចបើកអាជីវកម្ម រកស៊ីដោយខ្លួនឯង ដោយមិនពឹងផ្អែកការជួយពីឪពុកម្ដាយដូចមុនទៀតឡើយ ហើយថែមទាំងអាចជួយទំនុកបម្រុងត្រលប់ទៅគ្រួសារវិញបានទៀតផង។
លោក វឹង រត្ននៈ ជាយុវជនម្នាក់ក្នុងចំណោមយុវជនពីរនាក់ដែលធ្លាប់តែដើរលែង និងសុំលុយម្ដាយចាយ តែបានកែខ្លួន រហូតក្លាយជាជាងកាត់សក់ដែលមានស្នាដៃល្អម្នាក់ បានលើកឡើងថា ជំនាញដែលលោកមានដូចសព្វថ្ងៃនេះ គឺរូបគេត្រូវចំណាយពេលជាងកន្លះឆ្នាំ ទើបអាចសម្រេចក្តីសុបិនមួយនេះបាន។ លោកបន្តថា ពីមុន រូបគេជាមនុស្សដែលគ្មានគោលដៅច្បាស់លាស់ទេ ហើយតែងពឹងផ្អែកទាំងស្រុងនូវការចាយវាយប្រចាំថ្ងៃពីឪពុកម្តាយ។ ប៉ុន្តែនៅពេលនេះ មិនដូច្នេះឡើយ គឺរូបគេអាចមានលទ្ធភាពបើកហាងកាត់សក់ដោយខ្លួនឯងបាន។
មានដើមកំណើតនៅស្រុកកោះសុទិន ខេត្តកំពង់ចាម រត្ននៈ និយាយថា មុននឹងក្លាយជាជាងកាត់សក់ដ៏ប៉ិនប្រសប់ម្នាក់នៅពេលនេះ ស្ថិតក្នុងភាពជាយុវវ័យ រូបគេគិតតែពីសប្បាយជាមួយមិត្តភក្តិ ទាំងក្រុមគ្រួសារមានភាពក្រីក្រ មានពេលខ្លះសឹងថារកអង្ករច្រកឆ្នាំងគ្មានផង។ តែពេលនេះ អ្វីៗបានផ្លាស់ប្តូរ ហើយរូបគេក៏សប្បាយចិត្តណាស់ដែរ ដែលជីវិតបានកែប្រែមកដូចសព្វថ្ងៃ ដោយការប្រឹងប្រែង និងកើតចេញពីសមត្ថភាពផ្ទាល់របស់ខ្លួន។
លោកបន្តថា៖ «ព្រោះតែគ្រួសារខ្ញុំខ្សត់ខ្សោយ អ៊ីចឹងទៅធ្វើឱ្យខ្ញុំរៀនលែងកើត ក៏ឈប់រៀន។ ស្រឡាញ់ខាងហ្នឹងដែរយូរ ក៏អ៊ីចឹងទៅសុំម៉ែមករៀន ទៅក៏ម៉ែស្គាល់សាលារៀនហ្នឹងទៅ ក៏ម៉ែជួយមករៀន ស៊ីសងខ្លួនឯងខំរៀនដែរ រយៈពេល៤ ទៅ ៥ខែ ទើបអាចបើកខ្លួនឯងបាន។»
លោកបន្តថា៖ «សុំលុយអ្នកផ្ទះរាងពិបាក រកលុយអត់សូវបាន អ៊ីចឹងទៅយើងរកការងារធ្វើខ្លួនឯងអ៊ីចឹងស្រួល អ្នកផ្ទះជួយគាត់បានជួយ។ លោកក៏បានសំណូមពរឱ្យពួកគាត់ កុំដើរលេង កុំអី រកមុខរបរអីមួយ ច្បាស់លាស់ ចំណេះខ្លួនឯង អាចធ្វើការបាន អ៊ីចឹបង»។
ហាក់មិនខុសគ្នាទេ ជាយុវតីកំពុងសិក្សាឆ្នាំទី៤ និងមិនទាន់មានការងារធ្វើ កញ្ញា ឆុង គីកឈៀក លើកឡើងថា ដោយមើលឃើញទីផ្សារការងារកាន់តែចង្អៀត និងពិបាកស្វែងរកការងារធ្វើផងនោះ រូបគេសម្រេចចិត្តចូលរៀនជំនាញសហគ្រិនវ័យក្មេងវិញម្តង ដើម្បីអាចមានទុនសម្រាប់បន្តដំណើរជីវិតទៅមុខទៀត។
មានទីលំនៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម កញ្ញា ឆុង គីកឈៀក បន្ថែមថា វគ្គសិក្សាសហគ្រិនវ័យក្មេងនេះ គឺបណ្តុះបណ្តាលយុវជនឱ្យចេះជំនាញគ្រប់គ្រង ហិរញ្ញវត្ថុ និងរដ្ឋបាល។ ការសិក្សានេះទៀតសោត ក៏មិនតម្រូវឱ្យសិស្សបង់ថវិកាដែរ។ ផ្ទុយទៅវិញ វគ្គអប់រំនេះ គឺដើម្បីលើកកម្ពស់ឱ្យយុវជនមានជំនាញមួយដោយពិតប្រាកដសម្រាប់ថ្ងៃអនាគត។
កញ្ញាបន្តថា៖ «ដោយសារតែខ្ញុំចូលរួមវគ្គបណ្តុះបណ្តាលទាក់ទងសហគ្រិនវ័យក្មេង ដោយសារតែខ្ញុំឃើញថាវគ្គនេះពិតជាល្អ មែនទែន ដោយសារតែអ្វីខ្ញុំចង់បាន ហើយគឺវគ្គនេះចូលមក បង្រៀនយុវជនយើង ដោយមិនគិតថ្លៃអីទេ ចាស៎! បន្ទាប់ពីក្រុមរបស់ខ្ញុំដែលចូលរួមរួចហើយមានការរីកចម្រើន រួមទាំងខ្ញុំផងដែរ។ ទាក់ទងទី១ ចេះចាត់ចែងថវិកា ចាស៎! ដោយសារតែការលក់ដូរ គឺថាយើងរាងក្មេង មិនទាន់មានបទពិសោធច្រើន អ៊ីចឹងយើងអាចវ៉ល់ជាមួយថវិកា លុយទុកដាក់ រៀបរយល្អអ៊ីចឹង»។
ជុំវិញរឿងនេះ លោក ឃ្លាំង ប៊ុនចាន់ ប្រធានការិយាល័យទំនាក់ទំនងទីផ្សារស្រាវជ្រាវ និងការអភិវឌ្ឍ នៃវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ចាម បានឆ្លើយតបថា នៅវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម មានការបណ្តុះបណ្តាលជំនាញបច្ចេកទេសទៅដល់យុវជនដោយឥតគិតថ្លៃ។ មិនតែប៉ុណ្ណោះ គ្រឹះស្ថានសិក្សាមួយនេះក៏បានជួយស្វែងការងារ ដោយមានទីកន្លែងស្នាក់នៅ និងដោះស្រាយជីវភាពជាអាហារប្រចាំថ្ងៃផង។
លោកបន្តថា៖ «សម្រាប់វិទ្យាស្ថាន ជួយពួកគាត់ ទី១ ឱ្យមានជំនាញច្បាស់លាស់ ទី១ បាទ! និយាយថា នៅពេលគាត់ដាក់ពាក្យចូលរៀននៅវិទ្យាស្ថាន គឺពួកគាត់ទទួលបានជំនាញវិជ្ជាជីវៈមួយដ៏ច្បាស់លាស់ ពិតប្រាកដ។ បើថារៀនចប់ អាចធ្វើការងារបាន។ ទី២ វិទ្យាស្ថានជួយរកការងារឱ្យគាត់ធ្វើ ក្នុងករណីដែលពួកគាត់រៀនចប់ មិនទាន់មានការងារធ្វើ វិទ្យាស្ថានជួយ។ ចំពោះខ្ញុំដែលជាអ្នកធ្វើការងារក្នុងវិស័យអប់រំបច្ចេកទេសបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមអំពាវនាវដល់ប្អូនៗដែលមិនទាន់មានជំនាញ និងប្អូនៗដែលប្រលងធ្លាក់សញ្ញាបត្របាក់ឌុប អ្នកជាប់ក៏បាន ទទួលបានទាំងអស់ អ៊ីចឹងសូមប្អូនមកទទួលអាហារូបករណ៍ ១០០%» ។
បើតាមលោក ឃ្លាំង ប៊ុនចាន់ កាលពីឆ្នាំ២០២១ វិទ្យាស្ថានបច្ចេកទេសខេត្តកំពង់ចាម បានបណ្តុះបណ្តាលឱ្យយុវជនមានជំនាញ វិជ្ជាជីវៈ បានប្រមាណ ៣៦០នាក់ ក្នុងនោះមានអ្នកធ្លាក់មធ្យមសិក្សាទុតិយភូមិ ជាង៦៥នាក់ ក្នុងនោះមានស្រី៣៩នាក់ ក៏បានមកសិក្សាក្នុងកម្រិតបរិញ្ញាបត្ររង លើមុខជំនាញដូចជា ព័ត៌មានវិទ្យា អគ្គិសនី និងជំនាញសំណង់ស៊ីវិល ជាដើម។ ចំពោះការសិក្សានៅទីនេះ គឺសាលាមិនតម្រូវពួកឱ្យគេបង់លើថ្លៃសិក្សាអ្វីនោះទេ។
លោកបន្តថា ទិសដៅរបស់សាលាធ្វើយ៉ាងណា ជំរុញឱ្យយុវជនទទួលបានកម្រិតជំនាញមួយដ៏ពិតប្រាកដ។ ហើយសាលាក៏បានបានតម្រង់ទិស តាមរយៈការផ្តល់អាហារូបករណ៍ ១០០ភាគរយ ដល់យុវជនដែលមានបំណងបង្កើនជំនាញវិជ្ជាជីវៈ សម្រាប់ទុកធ្វើជាទុននៅថ្ងៃខាងមុខដែរ។
ដោយឡែក នាយករង នៃអង្គការអភិវឌ្ឍន៍សមាគម ដែលហៅកាត់ថា ណាស់ (NAS) លោក ហាន សេងហួរ ឱ្យដឹងដែរថា ក្នុងនាមស្ថាប័នមិនមែនរដ្ឋាភិបាល គាំទ្រឱ្យយុវជនចាប់យកជំនាញវិជ្ជាជីវៈឱ្យបានច្រើនគ្នា ទោះប្រឡងជាប់ និងអ្នកដែលប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិក្ដី។
លោកបន្តថា ការទទួលបានកម្រិតជំនាញវិជ្ជាជីវៈមួយដោយពិតប្រាកដ វានឹងជួយឱ្យពួកគេងាយនឹងទទួលបានការងារធ្វើ និងដោះបន្ទុកទាំងគ្រួសារផង និងរដ្ឋផង។ លើសពីនេះទៀត តាមរយៈគោលនយោបាយបាយផ្តល់អាហារូបករណ៍ ១០០ភាគរយ ដល់សិស្សក្រក្រី ការជួយនេះគួរផ្តល់ឱ្យបានចប់ចុងចប់ដើមដល់ពួកគេ វាកាន់តែជាមធ្យោបាយមួយដ៏ប្រសើរ ថែមទាំងបូករួមទាំងទីកន្លែងស្នាក់នៅ និងអាហារហូបចុកផង។
លោកបន្តថា៖ «នៅមណ្ឌលនេះ គេមានអាហារូបករណ៍សម្រាប់ពួកគាត់ អ៊ីចឹងខ្ញុំគិតថា យ៉ាងណាៗ វាគឺជាចំណុចមួយល្អ ដើម្បីទី១ យើងលើកកម្ពស់ធនធានមនុស្សដែរ។ ហើយទី២ យើងជួយសម្រាលដល់ក្មេងដែលគាត់មិនមានលទ្ធភាពស្វែងរកការសិក្សានៅសាកលវិទ្យាល័យផ្សេងៗ គាត់អាចមានលទ្ធភាពដើម្បីបន្តអនាគតគាត់បានអ៊ីចឹងណា។ តាមខ្ញុំដឹង ការគាំទ្រមិនទាន់មានច្រើនប៉ុន្មានទេ អ៊ីចឹងបើសិនជាអាច គួរតែបន្ថែមការគាំទ្រផ្នែកថវិកាមួយចំនួនទៀត ដើម្បីឱ្យពួកគាត់មានលទ្ធភាព ព្រោះថា នៅក្នុងនោះ គេឱ្យតែអាហារូបករណ៍ និងកន្លែងស្នាក់នៅអីទេ ប៉ុន្មានទេ អ៊ីចឹងទេណា! សម្រាប់ហូបចូក ចុះធ្វើការកន្លងមក អាហារហូបចូក ជាដើម អត់មានទេ»។
សេចក្ដីប្រកាសរបស់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម សម្រាប់ឆ្នាំសិក្សា២០២២ និង២០២៣ បញ្ជាក់ថា វិទ្យាស្ថានពហុបច្ចេកទេស ត្រូវការជ្រើសរើសសិស្សជាប់បាក់ឌុប ធ្លាក់បាក់ឌុប ឬអ្នកបោះបង់ការសិក្សា ឱ្យចូលរៀនចំនួន៥១០នាក់ សម្រាប់បង្កើនជំនាញវិជ្ជាជីវៈ ទាំងការផ្តល់អាហារូបករណ៍សុទ្ធ១០០ភាគរយ និងផ្តល់ទីកន្លែងស្នាក់នៅផង។
វិលមកកាន់លោក វឹង រត្ននៈ វិញ ក្នុងនាមជាយុវជនដែលទទួលបានជោគជ័យក្នុងជីវិត តាមរយៈការកែប្រែខ្លួន រូបគេអំពាវនាវ ឱ្យយុវជនផ្សេងទៀតដែលកំពុងតែជួបបញ្ហាក្នុងជីវិត ឬអ្នកដែលគ្មានទីពឹងអ្វីសោះ អាចជ្រើសរើសយកជំនាញណាមួយឱ្យប្រាកដ ដូចជារូបគេជាដើម វាមិនត្រឹមកសាងខ្លួនឱ្យទៅជាពលរដ្ឋល្អម្នាក់ទេ ថែមទាំងអាចជួយដោះបន្ទុកក្នុងគ្រួសារ និងជំរុញឱ្យសង្គមសម្បូរទៅដោយធនធានមនុស្សកាន់តែច្រើន៕
អត្ថបទដោយលោក សុខ ហេង