យុវជនលើកឡើងខុសៗគ្នា ជុំវិញការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី ដោយពួកគេចាត់ទុកថា ការបិទប្រព័ន្ធផ្សព្វផ្សាយមួយនេះ វាហាក់ដូចជាការបំបាត់សំឡេងពលរដ្ឋដែលរងគ្រោះនៅតាមសហគមន៍នានាជាច្រើន ហើយក៏ធ្វើឱ្យវិស័យសារព័ត៌មាននៅកម្ពុជា ដែលឈរនៅកណ្ដាល ត្រូវបាត់សំឡេងដែរ ខណៈក្រុមអង្គការមិនមែនរដ្ឋាភិបាលលើកឡើងពីការខាតប្រយោជន៍ដែលរដ្ឋាភិបាលត្រូវទទួលបានពីជ្រុងម្ខាងទៀត នៃដំណឹងក្នុងការកែលម្អសម្រាប់អនុវត្តទៅលើគោលនយោបាយរបស់ខ្លួន។
យុវតី ដាំ ស្រីនាង យល់ឃើញថា ក្នុងនាមជាយុវជនម្នាក់ដែលរស់នៅក្នុងប្រទេសកម្ពុជា នៅពេលដែលដឹងថា រដ្ឋាភិបាលសម្រេចបិទស្ថាប័ន វីអូឌី ពិតជាមានការសោកស្តាយ។ ស្ថិតក្នុងវ័យប្រមាណ២២ឆ្នាំ យុវតីរូបនេះបន្ដថា ស្ថាប័ន វីអូឌី បានមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មាននៅមូលដ្ឋាន ដែលរដ្ឋាភិបាលមិនបានដឹង ដូចជា បញ្ហាដីធ្លី និងបញ្ហាអសកម្មរបស់មន្រ្ដីមួយចំនួន។ មិនតែប៉ុណ្ណោះ វីអូឌី បានដើរតួនាទីក្នុងការរួមចំណែកផ្ដល់ព័ត៌មានពិតអំពីបញ្ហាសង្គមទៅដល់រដ្ឋាភិបាល ដើម្បីបានជាធាតុចូលក្នុងការពិចារណាដែរ។
កញ្ញាបន្តថា៖ «សម្រាប់ខ្ញុំជាយុវជនម្នាក់ ក៏ដូចជាពលរដ្ឋម្នាក់ និងជាម្ចាស់សំឡេងឆ្នោតនៅពេលខាងមុខឆាប់ៗនេះ ខ្ញុំចង់ឱ្យរដ្ឋាភិបាលផ្ដល់អាជ្ញាបណ្ណជូនវិទ្យុ វីអូឌី វិញបង ដោយសារតែខ្ញុំចង់ឃើញសំឡេងរបស់ប្រជាពលរដ្ឋនៅតែមាន និងដំណោះស្រាយផ្សេងៗតាមរយៈវីអូឌី»។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅនេះ លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចចិត្តបិទ វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី ក្រោយពីស្ថាប័ននេះរងការចោទប្រកាន់ពីរដ្ឋាភិបាល បន្ទាប់ពីបានផ្សាយព័ត៌មានពាក់ព័ន្ធនឹងជំនួយប្រមាណ១០ម៉ឺនដុល្លារអាមេរិក ដែលរដ្ឋាភិបាលកម្ពុជាផ្ដល់ទៅដល់ប្រទេសតួកគី អំពីគ្រោះរញ្ជួយដី។ ការដែលរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យក្រសួងព័ត៌មាន ដកអាជ្ញាបណ្ណវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី នេះ ដោយលោកនាយករដ្ឋមន្រ្តីចាត់ទុកថា ស្ថាប័នព័ត៌មានមួយនេះបានផ្សាយដំណឹងដែលនាំដល់ការប្រេះឆាផ្ទៃក្នុង និងប៉ះពាល់កិត្តិយសរបស់លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោក។
ស្រដៀងគ្នានេះដែរ យុវជនម្នាក់ទៀតគឺ លោក គឹម ជីលីន ដែលមានវ័យ២៣ឆ្នាំ និងជាយុវជនម្នាក់ដែលតែងតែចូលរួមកិច្ចការសង្គម រិះគន់ថា ការបិទវិទ្យុ វីអូឌី នេះ វាជារឿងមួយដែលមិនត្រឹមត្រូវនោះទេ វាគួរដោះស្រាយតាមនីតិវិធីច្បាប់ និងជាជំហានៗវិញ ទើបអាចចាត់ទុកថាបានផ្តល់យុត្តិធម៌សម្រាប់ស្ថាប័នព័ត៌មានមួយនេះខ្លះ។ ជាងនេះទៀត គួរទុកឱ្យអង្គភាព វីអូឌី កែតម្រូវ និងចេញលិខិតឆ្លើយតប ប្រសិនបើពិតជាមានកំហុសពិតមែន។
បើតាមយុវជន គឹម ជីលីន ស្ថាប័ន វីអូឌី គឺជាស្ថាប័នមួយដែលផ្សាយព័ត៌មានឯករាជ្យ និងយុត្ដិធម៌ និងបានផ្សាយសំឡេងជនរងគ្រោះ ជាដើម។
លោកបន្ដថា៖ «ខ្ញុំពិតជាមានការសោកស្ដាយនៅពេលបិទវីអូឌីបែបហ្នឹង ព្រោះវីអូឌីបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ខ្ញុំសង្ឃឹមថា វីអូឌីគួរត្រូវបានរដ្ឋាភិបាលពិចារណាឡើងវិញ និងគិតពីគុណតម្លៃរបស់វីអូឌី ហើយអនុញាតឱ្យវីអូឌីនៅតែបន្ដ ដើម្បីជំរុញអភិបាលកិច្ចរបស់រដ្ឋាភិបាលឱ្យកាន់តែប្រសើរឡើង»។
វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី ជាស្ថាប័នផ្សព្វផ្សាយមិនរកប្រាក់កម្រៃ ហើយត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៣ ក្រោមការគ្រប់គ្រងពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ នៅឆ្នាំ២០០៧ ក្រោយពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបំបែកខ្លួនចេញ ស្ថាប័ន វីអូឌី បានរៀនរស់បន្ត ក្រោមឆ័ត្រនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យវិញម្តង រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃត្រូវបិទទ្វារជាស្ថាពរ។
នាយកប្រតិបត្តិសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី សុខា ថ្លែងថា អង្គភាពព័ត៌មាន គឺជាស្ថាប័នសំខាន់ ជាពិសេសស្ថាប័នព័ត៌មានឯករាជ្យ ដែលមិនចំណុះឱ្យរដ្ឋ ឬក៏គណបក្សនយោបាយ។ មិនតែប៉ុណ្ណោះ វាក៏ជាកន្លែងដែលផ្ដល់ព័ត៌មានពិតដល់សាធារណជន និងយុវជនដែលត្រូវទទួលបានពីការផ្សព្វផ្សាយ ដោយឈរលើគោលការណ៍ឯករាជ្យ និងជឿទុកចិត្ត។ លើសពីនេះទៀត លោកបន្តថា ពួកគាត់ក៏ចង់បានព័ត៌មានពិត ក្នុងគោលបំណងដើម្បីយកទៅថ្លឹងថ្លែង និងតាមដានស្ថានភាពសង្គម គឺជារឿងសំខាន់សម្រាប់យុវជន។
លោកបន្ដថា៖ «ខ្ញុំគិតថា ការបិទ វីអូឌី នេះ វាអាចនឹងប៉ះពាល់ទៅដល់វិស័យការទទួលបានព័ត៌មានមួយ ដែលគេហៅថាព័ត៌មានពិត។ ក្រោយពីបិទសារព័ត៌មានឯករាជ្យមួយចំនួន យើងឃើញថា នៅសល់តែ វីអូឌី មួយនេះទេ នៅតែបន្ដការផ្សព្វផ្សាយដល់យុវជន និងសាធារណជនឱ្យបានដឹងពីបញ្ហាដែលកំពុងកើតឡើងរាល់ថ្ងៃ»។
បើតាមលោក នី សុខា ការបិទវិទ្យុ វីអូឌី នេះ វាស្របពេលនៅសល់តែប៉ុន្មានខែទៀតខាងមុខនេះ រដូវកាលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ ក៏ឈានមកដល់។ លោកបន្តថា ពលរដ្ឋត្រូវការស្ថាប័នព័ត៌មានដែលឯករាជ្យ ជួយផ្តល់ដំណឹងពីដំណើរការបោះឆ្នោតនោះ ហើយប្រសិនបើគ្មានវិទ្យុ វីអូឌី ទេ ដូច្នេះមានន័យថា ប្រភពព័ត៌មានអំពីដំណើរការបោះឆ្នោតនោះក៏ត្រូវបាត់បង់ដែរ។
លោកបន្ដថា៖ «ក្នុងនាមជាអង្គការសង្គមស៊ីវិល សង្ឃឹមថារដ្ឋាភិបាលនឹងពិចារណាឡើងវិញ ជាពិសេសបើកឱ្យស្ថាប័ន វីអូឌី ដំណើរការក្នុងពេលឆាប់ៗ»។
បើទោះជាបែបណា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញមុខថ្លែងការពារម្តងជាពីរដងហើយថា ការបិទវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី នេះ មិនធ្វើឱ្យប៉ះពាល់ទៅដល់លំហសេរីភាពសារព័ត៌មាននៅកម្ពុជាទេ។ ផ្ទុយទៅវិញ ការបិទស្ថាប័នមួយនេះ វាបានជួយពង្រឹងផ្នែកវិជ្ជាជីវៈសាព៌តមានកាន់តែល្អជាងមុនថែមទៀតផង។
ក្រោយស្ថាប័នព័ត៌មាននេះបិទ ស្ថានទូតនានាប្រចាំកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍បន្តបន្ទាប់គ្នា រិះគន់ និងថ្កោលទោសរដ្ឋាភិបាល ដោយចាត់ទុកថា នេះជាចេតនាធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ និងស្នើឱ្យរដ្ឋាភិបាលកម្ពុជាបើកវិទ្យុ វីអូឌី នេះឡើងវិញ។
ស្របពេលជាមួយគ្នានេះ ក្រុមអង្គការសង្គមស៊ីវិលប្រមាណ៤០ស្ថាប័នផ្សេងទៀត ក៏បានសេចក្ដីថ្លែងការណ៍រួមគ្នា ដោយចាត់ទុកការបិទស្ថាប័ន វីអូឌី នេះថា គឺជាការរឹតត្បិតសិទ្ធិសេរីភាព។
ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា រាល់បញ្ហាសង្គមជាតិ គឺយុវជនគួរមានតួនាទីក្នុងការរួមចំណែក និងតាមដានសិក្សាឈ្វេងយល់។ លោកបន្តថា មិនត្រឹមតែយុវជននោះទេ ដែលត្រូវឈឺឆ្អាលនឹងកិច្ចការសង្គម សូម្បីពលរដ្ឋដែលជាម្ចាស់ឆ្នោត ក៏មានសិទ្ធិតាមដាន និងឃ្លាំមើលអំពីដំណើរពីភាពអសកម្មមួយចំនួនក្នុងសង្គមកម្ពុជាដូចគ្នាដែរ។
លោកបន្តថា៖ «រាល់បញ្ហាសង្គមទាំងអស់ គឺយុវជនត្រូវតែចូលរួមតាមដានក្នុងនាមជាធនធានរបស់សង្គមប្រជាធិបតេយ្យ ដូចជាការបិទវិទ្យុ វីអូឌី ជាដើម។ អានេះ វាបញ្ហាទាំងអស់គ្នា។ ការបិទ វីអូឌី គឺជាការបាត់បង់ព័ត៌មានមួយយ៉ាងធំដល់ប្រជាពលរដ្ឋដែលចង់ទទួលបានព័ត៌មានឯករាជ្យមួយផងដែរ»។
សម្រាប់លោក ប៉ិច ពិសី ក្នុងនាមស្ថាប័នមិនមែនរដ្ឋាភិបាល លោកចង់ឱ្យស្ថាប័នមួយនេះរស់ឡើងវិញ និងអាចប្រតិបត្តិការផ្សាយព័ត៌មានដូចដើមឡើងវិញ ដើម្បីបានជាប្រយោជន៍សម្រាប់សាធារណជន។
ស្របពេលដែលលោក ហ៊ុន សែន ប្រកាសពីការបើកទ្វារស្វាគមន៍ឱ្យអតីតបុគ្គលិកវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី បានចូលបម្រើការងារនៅក្នុងក្របខណ្ឌរដ្ឋ សហគមន៍ជាតិ និងអន្តរជាតិ បានរិះគន់ថា ចំណាត់ការរបស់រដ្ឋាភិបាលនេះ គឺជាការរុញឱ្យសេរីភាពសារព័ត៌មានឯករាជ្យនៅកម្ពុជា កាន់តែបន្តធ្លាក់ចុះបន្ថែមទៀត នៅក្នុងដំណាក់កាលចុងក្រោយនេះ៕