យុវតីដែលមកពីគ្រួសារក្រីក្រនៅខេត្តព្រះសីហនុម្នាក់ កំពុងទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន តាមរយៈឃ្លីបវីដេអូរបស់នាងត្រូវបានគេចែកចាយជាបន្តបន្ទាប់នៅលើបណ្តាញសង្គម ទាក់ទងសកម្មភាពនៃការបង្រៀនសិស្សជំនួសគ្រូបន្ទុកថ្នាក់ ពេលគ្រូអវត្តមាន ដែលកត្តានេះត្រូវគេចាត់ទុកថាជាគំរូដល់សិស្សដទៃទៀតគួរពង្រឹងសមត្ថភាពឱ្យគ្រប់គ្រាន់ ដើម្បីផ្តល់ឱកាសសម្រាប់ខ្លួនឯងផង និងជួយដល់សិស្សរួមថ្នាក់ផ្សេងទៀតផង។
កញ្ញា ណុប គន្ធា ដែលមានវ័យទើប១៦ឆ្នាំនៅឡើយ នៅពេលនេះ នាងកំពុងដើរតួជាគ្រូបង្រៀនផង និងជាសិស្សឆ្នើមប្រចាំថ្នាក់ទី៨សេ ផង។ ជាកូនទី២ នៅក្នុងគ្រួសារដែលមានបងប្អូន៣នាក់ គន្ធា និយាយថា រូបគេតែងតែចំណាយពេលបង្រៀនមិត្ដរួមថ្នាក់របស់ខ្លួន ក្នុងគោលបំណងចែករំលែកគ្នាជាប្រចាំ។ មួយវិញទៀត នេះអាចរាប់បានជាការពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមផង និងជួយគ្រូពេលអវត្តមាន ដូចជាប្រជុំម្ដងម្កាល ជាដើម។
ប្រភពបន្ដថា៖ «ខ្ញុំចង់ក្លាយជាធនធានមួយសម្រាប់សង្គមជាតិ និងឱ្យយុវជនផ្សេងទៀតកុំចំណាយពេលធ្វើរឿងឥតប្រយោជន៍ ដោយមកផ្ដោតលើការសិក្សាវិញ»។
គន្ធា បន្ដថា បើនិយាយពីជីវភាពមិនសូវជាធូរធារប៉ុន្មាននោះទេ ប៉ុន្ដែដោយសារក្តីស្រឡាញ់ការសិក្សា ទោះបីយ៉ាងណាក៏ត្រូវខំប្រឹងដែរ។ បើតាម ណុប គន្ធា មុខវិជ្ជាដែលខ្លួនតែងតែបង្រៀនដល់មិត្ដរួមថ្នាក់ គឺពិជគណិត ជាមុខវិជ្ជាដែលខ្លួនពូកែជាងគេ។ យ៉ាងណា យុវតីរូបនេះបានបង្ហាញក្ដីស្រមៃថា ខ្លួនចង់ក្លាយជាគ្រូបង្រៀនម្នាក់ ដើម្បីបន្ដសកម្មភាព និងផ្ដល់ចំណេះដឹងដល់យុវជនក្នុងសង្គមសម្រាប់ថ្ងៃអនាគត។
ប្រភពបន្ដថា៖ «ខ្ញុំចង់ក្លាយជាគ្រូបង្រៀន ពីព្រោះសង្គមយើងកំពុងខ្វះធនធានមនុស្ស។ ខ្ញុំបង្រៀនពួកគាត់ ពេលថ្ងៃណាខ្ញុំរវល់ ពួកគាត់អាចជួយបង្រៀនជំនួសខ្ញុំបាន»។
កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ មន្ទីរអប់រំ យុវជន និងកីឡា ខេត្ដព្រះសីហនុ បានបង្ហោះរូបភាពជាឃ្លីបវីដេអូ ដែលបង្ហាញពីសកម្មភាពនៃការបង្រៀនរបស់យុវតី ណុប គន្ធា ទៅដល់មិត្ដរួមថ្នាក់ ហើយឃ្លីបវីដេអូនោះកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន និងសរសើរពីការលះបង់របស់នាង។
វិទ្យាល័យវាលរេញ ដែលស្ថិតនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ គឺជាវិទ្យាល័យមួយដែលគេចាត់ទុកថាជាគ្រឹះស្ថានសិក្សាមានស្តង់ដារ និងបរិស្ថានល្អ។ កញ្ញា ណុប គន្ធា ឱ្យដឹងថា រាល់ថ្ងៃ រូបគេត្រូវធ្វើដំណើរមកសាលារៀនដោយម៉ូតូ ក្នុងចម្ងាយផ្លូវប្រមាណ១គីឡូម៉ែត្រ។
របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា នៅក្នុងឆ្នាំសិក្សា២០២១-២០ ២២ អត្រាសិស្សដែលបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ ឬកម្រិតវិទ្យាល័យ មានប្រមាណ ១៨,៥% និងអត្រាត្រួតថ្នាក់ ១,១%។
ចំណែកអត្រាសិស្សបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ ឬកម្រិតអនុវិទ្យាល័យ មានចំនួន ១៦,៦% និងអត្រាសិស្សត្រួតថ្នាក់មាន ១,២%។ ចំណែកមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បញ្ជាក់ថា ការបោះបង់ការសិក្សារបស់សិស្សនេះ គឺបណ្ដាលមកពីកត្តាបុគ្គល និងកត្តាមួយចំនួនទៀតដែលរួមផ្សំ។
នាយកវិទ្យាល័យវាលរេញ ក្រុងព្រះសីហនុ លោក ងៀម ស៊ីតារា លើកឡើងថា យុវតី គន្ធា គឺជាមនុស្សម្នាក់មានអត្ដចរិតស្លូតបូត និងឧស្សាហ៍ព្យាយាមក្នុងការសិក្សា ទោះបីជាជីវភាពមិនសូវជាធូរធារក៏ដោយ បញ្ហានេះមិនមែនជាឧបសគ្គដល់នាងឡើយ។
លោកបន្តថា ក្រោយពីសាលាបានរៀបចំកម្មវិធីមួយដែលតម្រូវឱ្យសិស្សរៀនពូកែ ត្រូវបង្រៀនមិត្ដរួមថ្នាក់រៀនមិនសូវពូកែ លោកក៏បានមើលឃើញពីសកម្មភាពរបស់យុវតីវ័យ១៦ឆ្នាំរូបនេះ ជាសិស្សល្អ ដោយបានបង្រៀនមិត្ដរួមថ្នាក់ ទើបលោកសម្រេចឱ្យយុវតីនេះបន្ដបង្រៀនបន្ថែមទៀត។
លោកបន្ដថា៖ «ខ្ញុំសប្បាយចិត្ដនៅពេលឃើញកូនៗបានក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គមជាតិ។ ខ្ញុំចង់ឱ្យយុវជនផ្សេងទៀត យកគន្ធាធ្វើជាគំរូសម្រាប់អភិវឌ្ឍន៍ខ្លួនឯង»។
ណុប គន្ធា កើតក្នុងគ្រួសារដែលមានជីវភាពមិនសូវជាធូរធារប៉ុន្មាន រូបគេបានត្អូញត្អែថា នៅចំពោះមុខនេះ អ្វីដែល គន្ធា បារម្ភបំផុតនោះ គឺខ្លាចរៀនមិនបានចប់ចុងចប់ដើម។ ដោយឱពុកជាទាហានចូលនិវត្តន៍ និងជាជនដែលមានពិការភាពដោយសារបានបន្សល់ស្លាកស្នាមតាំងពីសម័យសង្រ្គាមមកផង យុវតីរូបនេះលើកឡើងថា សព្វថ្ងៃនេះ គឺមានតែម្ដាយម្នាក់គត់ដែលជាអ្នករកចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ តាមរយៈការលក់ដូរបន្តិចបន្តួចនៅនឹងផ្ទះ។
កញ្ញាបន្តថា៖ «ខ្ញុំខ្លាចតែខ្ញុំរៀនអត់ចប់ថ្នាក់ទី១២ ព្រោះគ្រួសារខ្ញុំអត់សូវធូរធារអីប៉ុន្មានទេ។ តែខ្ញុំចប់ថ្នាក់ទី១២ មិនដឹងថាខ្ញុំអាចរៀនបន្ដបានអត់? ខ្ញុំព្រួយបារម្ភចំណុចអស់ហ្នឹង»។
ដោយឡែក អ្នកស្រី ផាន់ សុខុម ដែលមានវ័យ៥២ឆ្នាំទៅហើយ និងមានកូនក្នុងបន្ទុកចំនួន៣នាក់ ឱ្យដឹងថា ណុប គន្ធា គឺជាកូនទី៣ នៅក្នុងគ្រួសារ និងជាសិស្សដែលរៀនពូកែនៅក្នុងថ្នាក់ទៀតផង។ អ្នកស្រីបន្ថែមថា តាំងពីកុមារភាព គន្ធា មិនដែលធ្វើឱ្យឱពុកម្តាយពិបាកចិត្តព្រោះតែឥរិយាបថរបស់នាងនោះឡើយ។ ជាកូនស្រីដែលតែងស្តាប់បង្គាប់ ការទូន្មានជាដរាប។ ជាងនេះទៀត ក្នុងនាមជាឪពុកម្តាយមានតែបារម្ភទៅវិញ នៅពេលដែលឃើញកូនប្រឹងរៀនសូត្រ ដោយមិនយកពេលទំនេរសម្រាប់ធ្វើកិច្ចការដែលគ្មានប្រយោជន៍ដូចក្មេងដទៃទៀត។
បើតាមអ្នកស្រី ផាន់ សុខុម ដោយមើលឃើញពីការប្រឹងប្រែងរបស់កូន បើទោះជាត្រូវលំបាកដោយការខ្វះមុខខ្វះក្រោយបែបណាក្តី ក៏អ្នកស្រីក្នុងនាមជាបង្អែកដ៏ធំក្នុងគ្រួសារសម្រាប់រកចំណូល ក៏ត្រូវប្តេជ្ញាឱ្យកូនរៀន និងសម្រេចក្តីសុបិនរបស់គេដែរ។
អ្នកស្រីបន្ដថា៖ «ខ្ញុំបានរៀបចំកម្មវិធីនេះ ដើម្បីជំរុញឱ្យសិស្សៗប្រឹងរៀន និងចេះចែករំលែកគ្នា។មិនមែនយើងខ្វះគ្រូទេបង គ្រាន់ពេលខ្លះពួកគាត់ជាប់ប្រជុំអ៊ីចឹងទៅ ដើម្បីត្រៀមពេលអវត្ដមានគ្រូ។ ខ្ញុំសង្ឃឹមថា យុវជនផ្សេងអាចក្លាយជាធនធានល្អសម្រាប់សង្គមជាតិយើង»។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ អ្នកស្រី អ៊ុច សោភា ថ្លែងថា សកម្មភាពទាំងអស់នេះជាការមើលឃើញរបស់មន្ទីរអប់រំខេត្ដ ក្នុងគោលបំណងចង់ឱ្យយុវជនចេះជួយគ្នា និងចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមក។
អ្នកស្រីបន្តថា ការអនុញ្ញាតឱ្យយុវតី ណុប គន្ធា បង្រៀនជំនួសគ្រូបន្ទុកថ្នាក់នេះ មិនមែនមានន័យថា សាលាខ្វះគ្រូទេ ប៉ុន្តែនេះជាការបង្កើតសកម្មភាពសម្រាប់សិស្សដែលរៀនពូកែ ជួយសិស្សដែលមានការយល់ដឹងមិនទាន់បានទូលំទូលាយ។ មិនតែប៉ុណ្ណោះ ការអនុវត្តដូច្នេះ ក៏ជាផ្តល់ឱកាសសម្រាប់សិស្សទទួលបាននូវបទពិសោធ មុននឹងឈានទៅរកជំនាញមួយដ៏ពិតប្រាកដសម្រាប់ថ្ងៃអនាគតបន្ត។
អ្នកស្រីបន្តថា៖ «ចង់ឱ្យយុវជនផ្សេងទៀតគួរតែអភិវឌ្ឍខ្លួនដូចយុវតី គន្ធា នេះដែរ។ អ្នកស្រីបានបញ្ជាក់ថា មិនមែនគ្រូបង្រៀននៅវិទ្យាល័យហ្នឹងខ្វះគ្រូទេ គឺមានគ្រប់គ្រាន់ តែពេលខ្លះគ្រូបង្រៀនអាចរវល់ប្រជុំ និងមានកម្មវិធីផ្សេងៗទៀត ទើបខាងមន្ទីរបានរៀបចំកម្មវិធីសិស្សបង្រៀនសិស្សនេះឡើង ណាមួយវាក៏បង្កើតចំណេះដឹងពួកគាត់បន្ថែមទៀតដែរ»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បញ្ជាក់ថា ក្នុងនាមស្ថាប័នអប់រំ ពិតជាមានចិត្តសោមនស្ស ពេលដែលឃើញយុវជនចេះជួយគ្នា តាមរយៈការចែករំលែកចំណេះដឹងបែបនេះ ហើយនេះក៏ជាការបង្កើនឱ្យមានធនធានមនុស្សកាន់តែច្រើននៅក្នុងសង្គម។ ប្រភពដដែលបន្ថែមថា សព្វថ្ងៃនេះ កម្ពុជាកំពុងត្រូវការធានមនុស្សបែបនេះច្រើនទៀត ហេតុនេះ យុវជនគួរពង្រឹងសមទ្ធភាពរបស់ខ្លួនបន្ថែមទៀត ក្រៅពីជួយខ្លួនហើយ ក៏អាចជួយដល់សិស្សផ្សេងទៀតដែរ។
លោកបន្ដថា៖ «ខ្ញុំសប្បាយចិត្ដ ក្នុងនាមជាក្រសួងអប់រំ ពេលឃើញយុវជនរីកចម្រើនដូច្នេះ។ ខ្ញុំសង្ឃឹមថា ពួកគាត់នឹងក្លាយជាធនធានមនុស្សដ៏ល្អ»។
ចំណែកប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកស្រី អ៊ុក ឆាយយ៉ាវី មានប្រសាសន៍ថា ក្នុងនាមជាអង្គការសង្គមស៊ីវិល សាទរចំពោះសកម្មភាពរបស់សិស្សដូចយុវតី ណុប គន្ធា នេះជាដើម។ ប៉ុន្តែលោកស្រីនៅតែទទូចឱ្យយុវជនដែលមានសមត្ថភាព និងធនធានចំណេះដឹង គួរបន្តជួយអភិវឌ្ឍប្រទេស ដោយផ្អែកលើគោលការណ៍ និងមនសិការជាតិជាមូលដ្ឋាន។
លោកស្រីបន្ដថា៖ «ខ្ញុំគាំទ្រគ្រប់សកម្មភាពរបស់យុវជនក្នុងវិស័យអប់រំ។ តែកុំអាងច្រើន ខ្លួនរៀនបានខ្ពស់ ហើយមិនបានយកមកបម្រើសង្គមជាតិ អាហ្នឹងក៏វាមិនល្អដែរ។ រៀនចប់ឪបណ្ឌិតក៏ដោយ ក៏គ្មានបានការអីដែរ»។ វិលមករកយុវតី ណុប គន្ធា ឯណេះវិញ បើទោះជានៅពេលនេះ គន្ធា អះអាងថា រូបគេជាសិស្សដែលរៀនបាននិទ្ទេសអេ និងជាសិស្សដែលពូកែជាងគេនៅក្នុងថ្នាក់ក្តី ក៏ក្តីបារម្ភថាអាចនឹងរៀនមិនចប់ចុងចប់ដើមព្រោះតែជីវភាព នៅតែដក់ជាប់នៅក្នុងអារម្មណ៍របស់នាងជានិច្ច៕