ក្រុមយុវជនចលនាមាតាធម្មជាតិ បានប្រមូលគ្នាធ្វើយុទ្ធនាការយកបាច់ផ្កាទៅដាក់នៅក្រសួងបរិស្ថាន នៅចំថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤កុម្ភៈ ជាការផ្ញើសារឱ្យស្ថាប័នជំនាញរបស់រដ្ឋមួយនេះ គួរផ្ដល់ការការពារ និងអភិរក្សធនធានធម្មជាតិ ដែលនៅសេសសល់ចុងក្រោយរបស់ប្រទេសកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយៗទៀត។
តំណាងក្រុមយុវជនចលនាមាតាធម្មជាតិ កញ្ញា ធួន ស្រីពៅ បានឱ្យដឹងថា ក្រុមយុវជនចលនាមាតាធម្មជាតិ ដែលមានគ្នាប្រមាណ ១២នាក់ បានធ្វើយុទ្ធនាការយកបាច់ផ្កាទៅដាក់នៅក្រសួងបរិស្ថាន សម្រាប់ទិវានៃក្តីស្រឡាញ់ ១៤កុម្ភៈ។ កញ្ញាបន្តថា ការជ្រើសរើស និងដាក់បាច់ផ្កា ឱ្យចំថ្ងៃទិវានៃក្តីស្រឡាញ់នេះ ដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ចំពោះក្រសួងបរិស្ថានផ្ទាល់ និងការពារធនធានធម្មជាតិ។ ប្រភពបន្តថា ការធ្វើយុទ្ធនាការនេះគ្រាន់តែចង់បង្ហាញអំពីការស្រឡាញ់ធនធានធម្មជាតិរបស់កម្ពុជាដែលនៅសេសសល់ប៉ុណ្ណោះ គឺគ្មានទិសដៅអ្វីផ្សេងពីនេះឡើយ។
កញ្ញាបន្តថា៖ «ពួកយើងចង់បង្ហាញពីក្តីស្រឡាញ់ ពួកយើងមិនត្រឹមតំណាងឱ្យកោះកុងក្រៅ និងធនធានធម្មជាតិនៃកោះកុងក្រៅទេ ប៉ុន្តែពួកយើងតំណាងធនធានធម្មជាតិទាំងអស់ មិនថាធនធានធម្មជាតិដែលបានបាត់បង់ហើយ ធនធានធម្មជាតិដែលកំពុងរងការបំផ្លាញ ឬធនធានធម្មជាតិដែលនៅសេសសល់ទេ។ ពួកយើងចង់បង្ហាញក្តីស្រឡាញ់នេះទៅកាន់មនុស្សគ្រប់គ្នា ជាពិសេសគឺក្រសួង រាជរដ្ឋាភិបាល ឱ្យគាត់យកចិត្តទុកដាក់ក្នុងការថែរក្សាធនធានធម្មជាតិបរិស្ថាន ព្រោះធនធានធម្មជាតិស្រឡាញ់ពួកយើង ហើយពួកយើងក៏ត្រូវស្រឡាញ់ធនធានធម្មជាតិវិញដែរ»។
កញ្ញាបន្ថែមថា៖ «ធនធានធម្មជាតិជាអ្នកផ្តល់ខ្យល់ដកដង្ហើម ខ្យល់អុកស៊ីសែនដល់យើង អ៊ីចឹង យើងដែលជាអ្នកទទួលផល យើងគួតែស្រឡាញ់អ្នកដែលផ្តល់ដង្ហើមឱ្យយើងដូចគ្នា»។
យុវតីដែលមកពីខេត្តសៀមរាប និងមានវ័យ២០ឆ្នាំរូបនេះ បានបញ្ជាក់បន្ថែមថា ដើម្បីកុំឱ្យធនធានធម្មជាតិរបស់កម្ពុជាក្លាយទៅជាការដាក់បណ្តាសា ឬវិនាសដោយហេតុណាមួយនៅថ្ងៃខាងមុខពលរដ្ឋ និងមន្រ្តីពាក់ព័ន្ធ ត្រូវពង្រឹងការគ្រប់គ្រង និងថែរក្សាធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវខ្ពស់។ ប្រភពបន្ថែមថា ទាំងនេះគឺជាកាតព្វកិច្ចចាំបាច់បំផុតសម្រាប់ក្រសួងបរិស្ថាននិងប្រជាជនខ្មែរទាំងមូល ចូលរួមថែរក្សា ការពារ និងអភិរក្ស ទាំងអស់គ្នា ដើម្បីចៀសវាងពីការប្រឈមនានាសម្រាប់ថ្ងៃអនាគត។
កញ្ញាបន្តថា៖ «បរិស្ថានវាកាន់តែហិនហោចទៅៗ ព្រោះកន្លងមក ឬក៏មកដល់ឥលូវ មានតែការវិនិយោគ ការផ្តល់ដីសម្បទានអ្វីផ្សេងៗ […] មួយរយៈនេះឃើញថាមានការរំលោភយកដីឆ្នេរ សមុទ្រ ជាដើម ទាក់ទងនឹងបញ្ហាបរិស្ថានហ្នឹង វាច្រើនមែនទែន។ ហើយទាក់ទងនឹងបញ្ហាកោះ កោះទន្សាយ កោះផ្សេងៗ សុទ្ធតែគ្រប់កោះត្រូវបានផ្តល់ការវិនិយោគទៅឱ្យបុគ្គលឯកជន ផ្តល់សិទ្ធិទៅបុគ្គលឯកជនក្នុងការអភិវឌ្ឍ ដែលស្ទើតែអត់បានផ្តល់ប្រយោជន៍ឱ្យប្រជាពលរដ្ឋដែលជាម្ចាស់ប្រទេសទាំងអស់ហ្នឹង»។
រដ្ឋបាលខេត្តកោះកុង បង្ហាញទិន្នន័យថា កោះនេះមានផ្ទៃដីប្រមាណ ៨០គ.ម២ និងកម្ពស់ប្រហែល ៤១០ម៉ែត្រ ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានពណ៌ខៀវស្រងាត់។ ម្យ៉ាងទៀត វាជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម និងជីវចម្រុះបាតសមុទ្រ មានឆ្នេរខ្សាច់សម្រាប់កម្សាន្ត ០៦កន្លែង។ សព្វថ្ងៃ តំបន់កោះកុងក្រៅនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ។
ក្រុមយុវជនចលនាមាតាធម្មតាជាតិ តែងតវ៉ាជាហូរហែ ដោយទាមទារឱ្យរដ្ឋាភិបាលដាក់តំបន់កោះកុងក្រៅនេះ ទៅជាតំបន់ឧទ្យានជាតិសមុទ្រ ក្រោយពីរដ្ឋាភិបាលផ្តល់សិទ្ធិវិនិយោគឱ្យក្រុមហ៊ុនឯកជនមួយឈ្មោះ កោះកុង អេស អ៊ី ហ្សិដ ខូអិលធីឌី (Koh Kong SEZ Co.Ltd) របស់លោកឧកញ៉ា លី យ៉ុងផាត ដែលជាសមាជិកព្រឹទ្ធសភា កូតាមកពីគណបក្សប្រជាជនកម្ពុជា ដើម្បីអភិវឌ្ឍន៍។
ស្រដៀងគ្នានេះដែរ យុវជនចលនាមាតាធម្មជាតិម្នាក់ទៀត គឺយុវជន ធី ថន បានឱ្យដឹងដែរថាលោកបានចូលរួមយុទ្ធនាការនេះផ្ទាល់ ក្នុងគោលបំណងបង្ហាញអំពីក្តីស្រឡាញ់ និងចង់ជំរុញឱ្យមន្រ្តីរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ដាក់តំបន់កោះកុងក្រៅជាឧទ្យានសមុទ្រ។ ប្រភពបន្តថា គោលបំណងនៃយុទ្ធនាការនេះ គឺចង់ដាក់កោះកុងក្រៅជាតំបន់ទេសចរណ៍ និងជាសម្បត្តិធនធានធម្មជាតិរបស់ខ្មែរ ហើយតំបន់ទេសចរណ៍នៃកោះកុងក្រៅនេះនឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ហើយក៏អាចរកប្រាក់ចំណូលចូលជាតិបាន។ មិនតែប៉ុណ្ណោះ កោះកុងក្រៅនេះដែរ វាក៏ជាផ្នែកមួយដែលអាចក្លាយជាតំបន់សេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សនៅក្នុងតំបន់អាស៊ីថែមទៀត។
លោកបន្តថា៖ «យើងមានគោលបំណងបីសំខាន់ៗ ទី១ គឺយើងចង់ឱ្យរដ្ឋាភិបាល និងក្រសួងបរិស្ថាន ជំរុញឱ្យពួកគាត់ដាក់កោះកុងក្រៅជាឧទ្យានសមុទ្រឱ្យបានឆាប់រហ័យ។ ទី២ គឺយើងចង់ឱ្យក្រសួងបរិស្ថាន និងរដ្ឋាភិបាលហ្នឹង ឈប់លាបពណ៌សកម្មជនឬយុវជនថាបម្រើនូវគណបក្សនយោបាយណាមួយ។ ហើយទី៣ គឺយើងចង់បង្ហាញនូវក្តីស្រឡាញ់ចំពោះបរិស្ថាន ជាពិសេសគឺយើងចង់បង្ហាញថា យើងចង់ធ្វើកិច្ចសហការជាមួយក្រសួងបរិស្ថាន និងរដ្ឋាភិបាល ក្នុងការការពារបរិស្ថានយើងដែរ»។
បើតាមលោក ធី ថន ដែលមានដើមកំណើតមកពីខេត្តខេត្តកណ្តាល បង្ហាញការព្រួយបារម្ភថា បរិស្ថាននៅប្រទេសកម្ពុជាកំពុងរងការប្រឈមនៃការបំផ្លិចបំផ្លាញពីសំណាក់អ្នកមានអំណាចមួយចំនួន យកធ្វើកម្មសិទ្ធិក្រោមរូបភាពវិនិយោគ។ ប្រភពបន្តថា បច្ចុប្បន្ននេះ ការប្រែប្រួលអាកាសធាតុ កំពុងតែគំរាមកំហែងទាំងជីវិតសត្វ និងមនុស្ស តាមរយៈការកាប់បំផ្លាញធនធានធម្មជាតិ។
លោកបន្តថា៖ «បញ្ហាបរិស្ថាននាពេលបច្ចុប្បន្នរងការគំរាមកំហែង មានការកាប់បំផ្លាញយ៉ាងធ្ងន់ធ្ងរផងដែរ ដែលយើងឃើញហើយថា បរិស្ថានយើងពីមួយឆ្នាំទៅមួយឆ្នាំ គឺមិនមានការកើនឡើងនោះទេ គឺមានតែថយចុះទៅវិញ។ នេះហើយជាកត្តាមួយដែលយើងឃើញថា បរិស្ថានយើងទៅថ្ងៃអនាគត នឹងមានការរងគ្រោះ និងមានការបំផ្លាញយ៉ាងធ្ងន់ធ្ងរពីសំណាក់មនុស្សមួយចំនួន»។
យ៉ាងណាមិញ លោកបានស្នើឱ្យរដ្ឋាភិបាល និងក្រសួងបរិស្ថាន ត្រូវបញ្ឈប់ការចោទប្រកាន់យុវជនថាជាក្រុមយុវជនបម្រើនិន្នាការនយោបាយឱ្យគណបក្សណាមួយតទៅទៀត ជាពិសេសក្រសួងបរិស្ថានគួរពន្លឿនការដាក់តំបន់កោះកុងក្រៅឱ្យទៅជាឧទ្យានសមុទ្រជាតិ។
លោកបន្តថា៖ «ក្រសួងបរិស្ថានឈប់លាបពណ៌យុវជនថាយុវជនហ្នឹងបម្រើផលប្រយោជន៍ឱ្យបក្សនយោបាយណាមួយទៅ។ ហើយសំណូមឱ្យក្រសួងបរិស្ថានហ្នឹង គាត់ធ្វើការឯករាជ្យ មិនលម្អៀងទៅខាងណា ហើយធ្វើការឱ្យសកម្មក្នុងការពារព្រៃឈើយើង ព្រោះអីព្រៃឈើយើងពីមួយឆ្នាំទៅមួយឆ្នាំ គឺមានការបាត់បង់ជាកំហិត។ អ៊ីចឹងខ្ញុំសំណូមឱ្យក្រសួងបរិស្ថានធ្វើការដោយឯករាជ្យ។ អ្វីដែលពិសេសនោះ ខ្ញុំចង់ឱ្យក្រសួងបរិស្ថានហ្នឹង ដាក់កោះកុងក្រៅជាឧទ្យានសមុទ្រឱ្យបានឆាប់រហ័សផងដែរ»។
ពាក់ព័ន្ធនឹងរឿងនេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ប្រតិកម្មថា យុទ្ធនាការរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ ដែលយកបាច់ផ្កាមកដាក់នៅខាងមុខក្រសួងបរិស្ថានកាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងទៅនេះ វាគ្រាន់តែជាការបម្រើឱ្យបរទេស ហើយក៏ជាការបញ្ជាដោយផ្ទាល់ពីក្រោយដោយបរទេសដែរ។
លោកបន្តថា៖ «ថ្ងៃ១៤កុម្ភៈ ជាថ្ងៃនៃសេចក្តីស្រឡាញ់ ខ្ញុំស្នើឱ្យប្អូនៗជាយុវជននៃចលនាមាតាធម្មជាតិ គួរលះបង់គំនិតទុច្ចរិត ឈប់ធ្វើសកម្មភាពនយោបាយជ្រកក្រោមស្លាកបរិស្ថាន និងកុំចាញ់បោកម្ចាស់ជំនួយដែលមានរបៀបវារៈនយោបាយ ត្រូវចេះរៀនធ្វើការដោយស្មោះត្រង់ចំពោះជាតិ ចេះស្រឡាញ់ជាតិដោយស្មោះត្រង់ និងកុំធ្វើសកម្មភាពទុច្ចរិតក្រោមបញ្ជាជនបរទេស ដូចជា អាឡិច ជាដើម ដែលជាមេគំនិតទុច្ចរិត ប្រឆាំងនឹងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ ពួកគេគួរគិតពីអនាគតរបស់ខ្លួន កុំដើរផុងខ្លួនក្នុងឧបាយកលបរទេស បំផ្លាញជាតិ និងបំផ្លាញជីវិតរបស់ខ្លួន»។
ដោយឡែក មន្ត្រីសម្របសម្រួលគម្រោងសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន ចាត់ទុកការធ្វើយុទ្ធនាការរបស់ក្រុមយុវជនចលនាមាតាធម្មជាតិ ដែលយកបាច់ផ្កាទៅដាក់នៅក្រសួងបរិស្ថាននេះថា ជាការបង្ហាញក្តីស្រឡាញ់ចំពោះក្រសួងផ្ទាល់ពីក្រុមយុវជន និងស្របតាមច្បាប់ដែរ។
លោកបន្តថា ក្នុងនាមជាអ្នកនាំពាក្យក្រសួងបរិស្ថាន មិនគួរណាភ្ជាប់សកម្មភាពរបស់ក្រុមយុវជន ទៅក្នុងហេតុណាមួយនោះទេ ក្នុងពេលដែលពួកគេធ្វើកិច្ចការទាំងនេះ ដើម្បីតែអភិរក្ស និងការពារធនធានធម្មជាតិប៉ុណ្ណោះ។
លោកបន្តថា៖ «វប្បធម៌ក្នុងការលាបពណ៌ វប្បធម៌ក្នុងការចោទប្រកាន់ថាជាការបម្រើបរទេស ជាការបម្រើក្រុមគណបក្សប្រឆាំងអ្វីជាដើមនោះ រាជរដ្ឋាភិបាលគួរតែលុបបំបាត់ ហើយងាកមកធ្វើការងារ សហការគ្នាដោយស្មើមុខស្មើមាត់ ធ្វើការងាររួមគ្នា ធ្វើការងារជាមួយគ្នា ដោយមិនប្រកាន់និន្នាការ»។
កោះកុង ឬអ្នកស្រុកនិយមហៅថា កោះកុងក្រៅ មានទីតាំងស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ដែលមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ។ សកម្មជនបរិស្ថានអះអាងថា កោះនេះមានផ្ទៃដី ១០៣គីឡូម៉ែត្រក្រឡា និងសម្បូរដោយធនធានធម្មជាតិចម្រុះ រួមមាន ព្រៃឈើ ឆ្នេរខ្សាច់សក្បុស ទឹកសមុទ្រថ្លាឈ្វេង កូនភ្នំ ទឹកជ្រោះ ព្រមទាំងសត្វព្រៃ និងសត្វសមុទ្រជាច្រើនប្រភេទ៕