ប្រជាសហគមន៍នៅមូលដ្ឋានដែលសកម្មក្នុងការឃ្លាំមើលពីការកាប់បំផ្លាញព្រៃឈើ បង្ហាញការព្រួយបាម្ភពីការធ្លាក់ចុះនៃការផ្សព្វផ្សាយករណីកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃអភិរក្ស ក្រោយពេលរដ្ឋាភិបាលបានបិទស្ថាប័នព័ត៌មានឯករាជ្យជាបន្តបន្ទាប់។
តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ លោក ខាក់ ភារិទ្ធម៉ាស៊ី និយាយថា ការកាប់បំផ្លាញដើមឈើប្រណិតៗនៅតំបន់ព្រៃអភិរក្ស នៅតែមានជាបន្តបន្ទាប់។ លោកសង្កេតឃើញថា នាពេលកន្លងមក សារពត៌មាន វីអូឌី តែងតែសកម្មក្នុងការចុះផ្សាយពីការកាប់ដើមឈើក្នុងតំបន់ព្រៃព្រះរកា ដោយថា លោកមិនសូវឃើញមានស្ថាប័នព័ត៌មានផ្សេងៗទៀតចុះផ្សាយពីបទល្មើសព្រៃឈើនោះទេ។
លោកថា៖ «ព្រៃឈើនៅតែមានការកាប់បំផ្លាញ ហើយណាមួយខាងប្រព័ន្ធផ្សព្វផ្សាយវីអូឌីត្រូវបិទអ៊ីចឹង ខាងពួកខ្ញុំសហគមន៍ព្រួយបារម្ភយ៉ាងខ្លាំង ព្រោះសារព័ត៌មានវីអូឌីបានផ្សព្វផ្សាយតែរឿងពិត! ដល់តែបិទអ៊ីចឹង ខាងសហគមន៍ខ្ញុំមិនដឹងថាផ្តល់ព័ត៌មានទៅខាងណាទៀតទេ ព្រោះមានតែវីអូឌីមួយទេ ដែលផ្សាយរឿងពិត មិនគិតពីខាងបក្សឬក៏ពួកណាទេ»។
លោកបន្ថែមថា៖ «ឥលូវការកាប់បំផ្លាញព្រៃឈើនៅតែមាន ហើយណាមួយសារព័ត៌មានផ្សេងក៏អត់សូវមានអ្នកដែលមកចុះយកព័ត៌មានតាមសហគមន៍ដែរឥលូវ»។
វិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី ដែលជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមិនរកប្រាក់ចំណេញ បានដំណើរការ២០ឆ្នាំមកហើយនោះ ត្រូវបានក្រសួងព័ត៌មាន សម្រេចដកអាជ្ញាបណ្ណក្នុងពេលថ្មីៗនេះ។ ការបិទនេះធ្វើឡើងបន្ទាប់ពីមានការបញ្ជាពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយលោកច្រានចោលការផ្សាយអត្ថបទមួយដែលថាលោក ហ៊ុន ម៉ាណែត បានចុះហត្ថលេខាផ្តល់ជំនួយដល់ប្រទេសតួកគីដែលរងគ្រោះរញ្ជួយដី។
លោក ខាន់ ភារិទ្ធម៉ាស៊ី មានវ័យ២៤ឆ្នាំ ជាអ្នកខេត្តព្រះវិហាររូបនេះ បានរៀបរាប់ថា វិទ្យុវីអូឌី គឺជាស្ថាប័នឯករាជ្យ ដូច្នេះបើត្រូវបានដកអាជ្ញាបណ្ណ មិនឱ្យធ្វើសកម្មភាពលើវិស័យព័ត៌មានបែបនេះ គឺជារូបភាពមួយបង្ហាញពីការធ្លាក់ចុះនៃសេរីភាពសារព័ត៌មាននៅកម្ពុជា។
លោកថា៖ «កាលនៅវីអូឌី ល្អ! ព្រោះខាងសារព័ត៌មានវីអូឌីផ្សព្វផ្សាយតែរឿងពិតនិងជាក់លាក់ព័ត៌មានដែលបានពីសហគមន៍ អំពីព្រៃឈើអ៊ីចឹង»។
លោកបន្ថែមថា៖ «សារព័ត៌មានវីអូឌីហ៊ានទៅផ្សាយផ្ទាល់ ឬក៏ហ៊ានមកសួរនាំក្នុងនាមជាអ្នកសារព័ត៌មាន សម្ភាសផ្ទាល់និងខលតាមទូរសព្ទ ដើម្បីសួរជាក់ស្តែងអំពីការបាត់បង់ព្រៃឈើ»។
វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៣ ក្រោមការគ្រប់គ្រងពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ នៅឆ្នាំ២០០៧ ក្រោយពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបំបែកខ្លួនចេញ ស្ថាប័ន វីអូឌី បានរៀនរស់បន្តក្រោមឆ័ត្រនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យវិញម្តង រហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលជាថ្ងៃរដ្ឋាភិបាលបិទការផ្សាយជាស្ថាពរ។
ស្រដៀងគ្នានេះដែរ តំណាងសហគមន៍ព្រៃឈើម្នាក់ទៀត គឺលោក ងន់ ហ៊ីម និយាយថា លោកតែងតែតាមដានព័ត៌មានដែលចុះផ្សាយដោយសា្ថប័នវីអូឌីជាប្រចាំ។ លោកចាត់ទុកថា វិទ្យុសំឡេងប្រជាធិបតេយ្យវីអូឌី គឺជាសំឡេងដែលបង្ហាញការពិតជាក់ស្តែង មិនលម្អៀង។
លោកថា៖ «វីអូឌី ជាសារព័ត៌មានមួយដែលអាចជឿទុកចិត្តបាន។ ទាំងខ្ញុំដែរ តែងតែស្តាប់ជារៀងរាល់ព្រឹក នៅពេលដែលខ្ញុំគិតថាចង់ស្តាប់ព័ត៌មានសង្គមនិងព្រៃឈើ គឺខ្ញុំតែងតែរកមើលវិទ្យុព័ត៌មានវីអូឌីមុនគេ ដោយខ្ញុំគិតថាជាព័ត៌មានដែលឯករាជ្យ»។
តំណាងសហគមន៍ជនជាតិដើមភាគតិចកួយវ័យ២៥ឆ្នាំ និងជាអ្នកខេត្តព្រះវិហាររូបនេះ បានបង្ហាញការព្រួយបារម្ភថា សំឡេងប្រជាសហគមន៍នៅមូលដ្ឋាននឹងមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ ហើយថាបទល្មើសព្រៃឈើនឹងបន្តកើតមានជាបន្តបន្ទាប់ បើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមិនមានក្នុងសង្គមប្រជាធិបតេយ្យបែបនេះ។
លោក ងន់ ហ៊ីម និយាយថា៖ «បើមិនមានសំឡេងសារព័ត៌មានវីអូឌីទេ អ៊ីចឹងសំឡេងប្រជាពលរដ្ឋ សំឡេងសហគមន៍ ដែលធ្លាប់រំពឹងថានឹងមានដំណោះស្រាយការពារការអភិរក្សព្រៃឈើនោះនឹងទៅជាយ៉ាងណា? ព្រួយបារម្ភណាស់ហើយបង»។
តំណាងសហគមន៍ព្រៃឈើម្នាក់ទៀត គឺលោក ស្រី ទីន ថ្លែងថា ការខិតខំប្រឹងប្រែងរបស់ប្រជាសហគមន៍ក្នុងការការពារបរិស្ថាននឹងក្លាយជាអសារបង់ ព្រោះតែខ្វះប្រព័ន្ធផ្សព្វផ្សាយពាំនាំបញ្ហានៅមូលដ្ឋានទៅកាន់អាជ្ញាធរ ដើម្បីរកដំណោះស្រាយពីបញ្ហាកាប់ព្រៃឈើ។ លោកថាបានស្នើឱ្យគ្រប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លាតត្រដាងពីភាពពិតជាក់ស្តែងក្នុងតំបន់ព្រៃអភិរក្ស ដោយលោកថាកំពុងមានបទល្មើលកាប់ឈើជាច្រើនករណី។
លោក ស្រី ទីន ស្នើថា៖ «ចង់ឱ្យអ្នកសារព័ត៌មានជួយផ្សព្វផ្សាយអំពីការបញ្ឈប់ការជួញដូរឈើចេញពីព្រៃឡង់ទៅប្រទេសក្រៅ ឬក៏បញ្ឈប់ការដឹកឈើចេញពីតំបន់ព្រៃឡង់ តំបន់អភិរក្ស ហើយបញ្ឈប់ការរឹតត្បិតអ្នកការពារហើយទៅជួយអ្នកមិនបានការពារទៅវិញ ដោយសារមួយរយៈនេះឃើញថាការរឹតត្បិតសហគមន៍អ្នកការពារ តែអ្នកបំផ្លាញវាលើសលុបជាងអ្នកការពារទៅទៀត»។
យ៉ាងណាក្តី កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យធនធានមនុស្ស នៅរាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនអះអាងថា វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី មិនអាចដំណើរការឡើងវិញបាននោះទេ។
លោកថ្លែងថា៖ «សារព័ត៌មាន VOD គ្មានថ្ងៃរស់ឡើងវិញនោះឡើយ ហើយការបិទនេះក៏មិនធ្វើឱ្យស្លាប់ប្រជាធិបតេយ្យនៅកម្ពុជានោះដែរ»។
ពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់សហគមន៍ជនជាតិដើមភាគតិចកួយ នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខាមបូចា) លោក ណុប វី យល់ឃើញថា ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យវីអូឌី អាចបង្កផលប៉ះពាល់ដល់សហគមន៍រស់នៅជុំវិញតំបន់ព្រៃឡង់ ជាពិសេសករណីសហគមន៍ចង់រាយការណ៍អំពីបទល្មើសព្រៃឈើ និងករណីទន្រ្ទានយកដីព្រៃសហគមន៍ជាដើម ត្រូវការសារព័ត៌មានឯករាជ្យជួយផ្សព្វផ្សាយ។
បន្ថែមពីនេះ នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជារូបនេះ អំពាវនាវដល់រដ្ឋាភិបាលគួរបើកសារព័ត៌មានឯករាជ្យមួយនេះឡើងវិញ ដើម្បីចូលរួមផ្សព្វផ្សាយព័ត៌មានពិតអំពីបញ្ហាសង្គម និងបញ្ហាការបាត់បង់ព្រៃឈើ ជាដើម។
លោកថា៖ «យើងទាមទារឱ្យរដ្ឋាភិបាល លោកពិចារណាឡើងវិញ ជុំវិញរឿងការបិទវីអូឌីហ្នឹង សូមឱ្យបើកសារព័ត៌មាននេះដំណើរការឡើងវិញ ដើម្បីជួយបម្រើទៅដល់អ្វីដែលជាតម្រូវការនិងការជួយពាំនាំបញ្ហាអវិជ្ជមានផ្សេងៗនៅក្នុងសហគមន៍ជនជាតិដើមភាគតិចហ្នឹង ជូនទៅដល់រដ្ឋាភិបាលគាត់បានដឹង»៕