ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម រស់នៅលើទឹកដីកម្ពុជាក្រោម បានប្រារព្ធពិធីដង្ហែរូបសំណាកលោកឧកញ៉ា សឺន គុយ ក្នុងគោលបំណងបណ្ដុះការចងចាំ និងដឹងគុណចំពោះអ្នកស្នេហាជាតិរូបនេះ ដែលបានពលីកាយថ្វាយជីវិតដើម្បីថែរក្សាវប្បធម៌សម្រាប់ជាតិសាសន៍ខ្មែរនៅកម្ពុជាក្រោម។
លោក ថាច់ ថា វ័យ៥៨ឆ្នាំ ជាតំណាងពលរដ្ឋដែលបានរៀបចំពិធីដង្ហែរូបសំណាកឧកញ៉ា សឺន គុយ មានប្រសាសន៍ថា មានព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម ប្រមាណ៤០អង្គ/នាក់ បានដង្ហែរូបសំណាកលោកឧកញ៉ា សឺន គុយ ក្នុងខេត្តព្រះត្រពាំង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកថា គោលបំណងនៃការដង្ហែក្បួននេះ គឺដើម្បីបំផុសស្មារតីរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យបានស្គាល់វីរបុរសជាតិរបស់ខ្លួនដែលបានបូជាជីវិតដើម្បីជាតិមាតុភូមិ។
លោកបន្ថែមថា៖ «បើសិនជាយើងទាំងអស់គា្ន យើងមិនចំណាប់អារម្មណ៍! តើវីរបុរសខ្មែរ របស់យើង លោកបានពលីកាយ ពលីជីវិត ឈាមស្រស់ សាច់ស្រស់ ដើម្បីជាថ្នូរ ដូរយកវត្តអារាម អក្សរសាស្រ្ត វប្បធម៌សម្រាប់កូនខ្មែរទាំងមូល ទាំងរាប់លាននាក់ ប៉ុន្តែកូនខ្មែរអត់ស្គាល់គាត់។ ចំណុចនេះមួយ យើងទាំងអស់គ្នាហៅថា កូនរមិលគុណ ជាចៅរមិលគុណហ្មង!»
បើតាមលោក ថាច់ ថា ដែលជាអ្នកខេត្តព្រះត្រពាំង ឱ្យដឹងថា រូបលោកសំណាកឧកញ៉ា សឺន គុយ ត្រូវបានតម្កល់ទុកជាបណ្ដោះអាសន្ននៅផ្ទះរបស់លោក នៅក្នុងភូមិបន្ទាយក្រ ស្រុកថ្កូវ ខេត្តព្រះត្រពាំង នឹងត្រៀមធ្វើពិធីអភិសេក នៅថ្ងៃទី៨ ខែមីនា ខាងមុខនេះ។ លោកថា នៅថ្ងៃដដែលនោះ រូបសំណាកឧកញ៉ា សឺន គុយ នឹងត្រូវដង្ហែចេញពីផ្ទះរបស់លោកជាបន្តទៀត ដើម្បីដាក់តម្កល់ទុកនៅវត្ត អរុណរង្សីចាកអាគ្រោង នៅខេត្តព្រះត្រពាំង ដើម្បីទុកជាទីគោរពបូជាសម្រាប់ប្រជាពលរដ្ឋទូទៅ។
យ៉ាងណាក្តី លោក ថាច់ ថា បន្ថែមថា គម្រោងបន្ទាប់គឺ រូបលោក និងព្រះសង្ឃ មានគំនិតសាងសង់រូបលោកឧកញ៉ា សឺន គុយ ឱ្យបានច្រើន ដាក់តម្កល់នៅតាមទីវត្តអារាមនានាក្នុងទឹកដីកម្ពុជាក្រោម ក្នុងគោលដៅជំរុញឱ្យយុវជនជំនាន់ក្រោយបានដឹងពីប្រវត្តិសាស្រ្តជាតិរបស់ខ្លួនឯង។
ជាមួយគ្នានេះ ពលរដ្ឋខ្មែរក្រោមម្នាក់ទៀតគឺ លោក ថាច់ កឿង វ័យ៣៦ឆ្នាំ ដែលបានចូលរួមពិធីនេះដែរ បានបង្ហាញក្តីរំភើបចំពោះសកម្មភាពនៃការដង្ហែរូបសំណាកលោកឧកញ៉ា សឺន គុយ ដោយថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តសម្រាប់ប្រជាពលរដ្ឋខ្មែរក្រោម ដែលបានរៀបចំពិធីនេះឡើង។ មួយវិញទៀត លោកបានសាទរចំពោះអាជ្ញាធរវៀតណាម ដែលមិនមានការហាមឃាត់ចំពោះសកម្មភាពនៃការដង្ហែក្បួននេះ។
លោកបន្តថា៖ «ខ្ញុំធ្វើហ្នឹងដើម្បីចង់បានឱ្យបងប្អូនកូនចៅខ្មែរកម្ពុជាក្រោមយើងហ្នឹងដឹងទាំងអស់ពីវីរបុរសជាតិខ្មែរក្រោម គឺលោកតា ឧកញ៉ា សឹន គុយ ហ្នឹង! ហើយអារម្មណ៍ខ្ញុំរំភើប ហើយនិងសប្បាយ ព្រោះខ្ញុំបានធ្វើការបានជោគជ័យក្នុងថ្ងៃដែលដង្ហែក្បួនវីរបុរសជាតិ មិនមានការរារាំងពីអាជ្ញាធរវៀតណាម។ ពួកខ្ញុំសប្បាយ»។
ពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅខេត្តព្រះត្រពាំងរូបនេះ បានបង្ហាញក្តីគោរពចំពោះការលះបង់របស់លោកឧកញ៉ា សឺន គុយ ដែលហ៊ានបូជាជីវិតដើម្បីការពារវប្បធម៌ ប្រពៃណី សិល្បៈ អក្សរសាស្រ្ត ដើម្បីឱ្យនៅគង់វង្សក្នុងទឹកដីកម្ពុជាក្រោមរហូតមកដល់បច្ចុប្បន្ន។ លោកថា ការពលីរបស់វីរបុរសជាតិរូបនេះបានបន្សល់ទុកនូវការចងចាំដែលមិនអាចបំភ្លេចបាន ដែលជនជាតិខ្មែរគ្រប់ៗរូបគួរតែចងចាំទុក។
លោកថា៖ «បើសិនជាគាត់ [ឧកញ៉ា សឺន គុយ] មិនថ្វាយជីវិតឱ្យយួនកាត់កនោះទេ គឺខ្មែរក្រោមរបស់យើងហ្នឹង គឺរលាយតាំងពីឆ្នាំ១៨៤១ម៉្លេះ!»
បើតាមឯកសារប្រវត្តិសាស្រ្តជាច្រើនបានបង្ហាញថា ឧកញ៉ា សឺន គុយ គឺជាអតីតចៅហ្វាយខេត្តព្រះត្រពាំង។ លោកបានពលីជីវិត ដោយឱ្យអណ្ណាមកាត់កក្នុងឆ្នាំ១៨៤១ ជាថ្នូរនឹងការថែរក្សាប្រពៃណី សិល្បៈ អក្សរសាស្រ្ត វប្បធម៌ និងព្រះពុទ្ធសាសនា សម្រាប់ជនជាតិដើមខ្មែរក្រោមទាំងមូលនៅក្នុងទឹកដីកម្ពុជាក្រោម ដែលអណ្ណាមចូលមកទន្រ្ទានគ្រប់គ្រងនាសម័យកាលនោះ និងក្រោយពេលដែលអណ្ណាមដើរកាប់សម្លាប់ពលរដ្ឋខ្មែរក្រោមនៅតាមភូមិឋានដើម្បីបង្ខំចិត្តឱ្យឧកញ៉ា សឺន គុយ ចេញប្រគល់ខ្លួនឱ្យពួកគេ។ លោកបានសម្រេចចិត្តចរចាជាមួយអាជ្ញាធរអណ្ណាម ដោយសុខចិត្តស្លាប់ ប៉ុន្តែតម្រូវឱ្យភាគីអណ្ណាម (វៀតណាមបច្ចុប្បន្ន) រក្សាទុកនូវប្រពៃណីវប្បធម៌ខ្មែរឱ្យបានគង់វង្ស។
អគ្គលេខាធិការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ បណ្ឌិត សឺន ជុំជួន សង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរក្រោមបច្ចុប្បន្ននៅតែមិនទាន់ទទួលបានសិទ្ធិសេរីភាពពេញលេញ ដូចប្រជាពលរដ្ឋវៀតណាមនោះទេ។ លោកថា ពួកគេកំពុងប្រឈមបញ្ហាមួយចំនួន ដូចជា ការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ ការហាមប្រាមមិនឱ្យសិក្សាប្រវត្តិសាស្រ្តខ្មែរ និងការបិទសិទ្ធិសេរីភាពក្នុងការទទួលបានព័ត៌មានពិត ជាដើម។ យ៉ាងណា លោកបានលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរក្រោម បន្តបេសកកម្មរបស់ខ្លួនឱ្យស្របតាមច្បាប់ជាតិ និងអន្តរជាតិនានាដើម្បីថែរក្សាអត្តសញ្ញាណជាតិខ្មែរឱ្យបានគង់វង្ស សម្រាប់យុវជនជំនាន់ក្រោយ។
លោកថា៖ «ខ្ញុំសង្ឃឹមថា គំនិតនេះ [ការសង់រូបសំណាកលោកឧកញ៉ា សឺន គុយ] នឹងមានការបង្កើតបន្ថែមទៀតសម្រាប់វីរបុរសយើងដទៃៗទៀត មិនមែនត្រឹមតែវីរបុរសឧកញ៉ា សឺន គុយ ទេ នៅមានជាហូរហែតមកទៀត! មានការកសាងបដិមាដូចបែបនេះដែរ»។
ចំណែកសាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្ត លោក សំបូរ មាណ្ណារ៉ា បានសាទរចំពោះសកម្មភាពរបស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលបានរម្លឹកពីវីរភាពស្នេហាជាតិលោកឧកញ៉ា សឺន គុយ ដោយថាជាសិទ្ធិសេរីភាពក្នុងការគោរពវីរបុរសជាតិរបស់ខ្លួន ទោះបីជាពួកគេកំពុងរស់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាមក៏ដោយ។ លោកថា ទឹកចិត្តស្នេហាជាតិរបស់លោកឧកញ៉ា សឺន គុយ ចំពោះជាតិមាតុភូមិ រហូតពលីជិវិតបែបនេះ គឺជាទឹកចិត្តដ៏ល្អ និងគួរឱ្យគោរពជាទីបំផុតសម្រាប់មនុស្សគ្រប់ៗរូប។
លោកមានប្រសាសន៍ថា៖ «គេអាចនិយាយបានថា លោក [សឺន គុយ] បូជាជីវិតដើម្បីប្តូរជាមួយនឹងការមិនធ្វើអ្វី ដែល[អាជ្ញាធរវៀតណាម]ប៉ះពាល់ទៅដល់សង្គមខ្មែរយើងនាពេលនោះ។ នោះគឺជាការលះបង់ធំណាស់សម្រាប់ជីវិតរបស់លោកផ្ទាល់»។
នៅសម័យអាណានិគមបារាំង ទឹកដីខ្មែរកម្ពុជាក្រោម ត្រូវបានរដ្ឋាភិបាលបារាំងចុះហត្ថលេខាប្រគល់ទៅឱ្យប្រទេសវៀតណាមត្រួតត្រាបន្ត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដែលមានផ្ទៃដីទំហំ ៦៧ ៧០០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង។
យ៉ាងណាក្តី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ធ្លាប់មានព្រះរាជបន្ទូលថា ចាប់តាំងពីឆ្នាំ១៩៤៩ រដ្ឋាភិបាលដឹកនាំដោយព្រះបរមរតនកោដ្ឋ រហូតដល់រដ្ឋាភិបាលរបស់លោក លន់ នល់ ឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ និងរដ្ឋាភិបាលក្រោមការដឹកនាំរបស់ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់១៩៧៩ គឺគ្មានរដ្ឋាភិបាលខ្មែរណាមួយទទួលស្គាល់ការកាត់ទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាមនោះឡើយ។ ដូច្នេះ ព្រះអង្គបញ្ជាក់ថា ការមិនទទួលស្គាល់នេះបង្ហាញថា ទឹកដីកម្ពុជាក្រោមនៅតែជាទឹកដីរបស់ខ្មែរដដែល៕