ព្រះសង្ឃ និងយុ​វជនមួយចំនួន បានរៃអង្គាស​​ថវិកា និង​សម្ភារសិ​ក្សា​ ដើម្បី​ជួយដល់សិស្សានុសិស្ស​​នៅ​​​សាលារៀនបឋមសិក្សា​ព្រៃដុំ ​នៅ​​​ក្នុងស្រុក​បារាយ​ណ៍ ខេ​ត្ដកំពង់ធំ ដែលកំពុងជួបការលំបាក និង​​ខ្វះខាតខ្លាំង។

ព្រះតេជគុណ សន វ៉ាឃីម ព្រះជន្ម៣១ឆ្នាំ គង់នៅវត្ដមហាមន្រ្ដី រាជធានីភ្នំពេញ ​មានសង្ឃ​ដីកា​​ថា មូលហេតុដែលព្រះអង្គរៃអង្គាស​​​ថវិកា​ និងសម្ភារសិក្សា ទៅជួយសាលាបឋមសិក្សា​ព្រៃ​ដុំ ដោយ​សារ​តែ​ព្រះអង្គ​បាន​មើល​ឃើញ​ពីទុក្ខ​លំបាក​របស់​សិស្ស ដូច​ជា​ គ្មានសម្ភារសិក្សាគ្រប់គ្រាន់ ខណៈសាលារៀននេះមិនមានរបង​ផងដែរ។

ព្រះតេជគុណបន្តថា ព្រះអង្គ​ក៏ធ្លាប់ជា​សិស្ស​រៀន​នៅសាលាបឋម​សិក្សានោះ និងធ្លាប់ឆ្លងកាត់ភាពលំបាកជាច្រើនក្នុងអំឡុងពេលសិក្សា​ ដូចជា ត្រូវដើរកាត់​វាល​ស្រែ និងគ្មានសម្ភារ​ប្រើប្រាស់សម្រាប់​ការ​សិក្សា ជា​ដើម ទើប​ព្រះអង្គមានគំនិតរៃអង្គាស​​មូលនិធិ​នេះ​ឡើង ដើម្បី​ជា​ការ​ជួយដល់សិស្សានុសិស្ស​​នៅសាលា​នោះ​បានរៀន​​សូត្រ។ ក្រៅពីនោះ​ ព្រះអង្គក៏​ចង់ផ្សារ​ភ្ជាប់តម្លៃព្រះពុទ្ធសាសនាជាមួយនឹ​ង​សង្គម ជាពិសេសមេរៀនអប់រំ​របស់​ព្រះពុទ្ធសាសនាទៅដល់សិស្សានុសិស្សនៅសាលានោះ​​ផង​ដែរ។​

ព្រះតេជគុណបន្ត​ថា៖ «ដោយសារខ្លួនឯងជាសិស្សក្រីក្រលំបាកមួយ​រូប ជួបប្រទះ​នឹង​ការ​ខ្វះខាត ​ដើរ​ទៅរៀ​​ន​​ផ្លូ​​វឆ្ងាយ​ ដល់ពេលបានបួសរៀនសូត្រទៅ ក៏នឹកឃើញបុព្វហេតុថាការលំបាកក្នុងការរៀនសូត្រមិនស្រួ​​ល​​ទេ។ ដើម្បីបន្ធូរដល់ការរៀនសូត្ររបស់សិស្សានុសិស្ស មានតែការជួយចែកសៀវភៅ ក៏ដូចជាការចុះអប់រំ។ កា​​រ​​​ចុះ​ចែក​នេះ ក៏អាត្មាផ្សា​រភ្ជាប់នឹងការណែនាំពីបញ្ហា​សុខ​ភាព អនាម័យ និងការចេះថែរក្សាបរិស្ថានផងដែ​រ​»

ព្រះតេជគុណ សន វ៉ាឃីម មានសង្ឃដីកាបន្តទៀតថា ការចុះចែកសម្ភារសិក្សានេះមិនមែនទើបតែនឹកឃើញភ្លាមចុះធ្វើ​ភ្លាមនោះទេ គឺព្រះអង្គបានគ្រោងទុកជាយូរឆ្នាំ​មក​ហើយ ក្នុង​គោល​បំណង​ទៅ​ជួយ​ដល់​សិស្ស​នៅ​ស្រុកកំណើត ស្របពេល​សាលារៀនមួយនេះកំពុងខ្វះខាតច្រើន ទើបព្រះអង្គប្រមូលគ្នាដែល​ជាអតីត​សិស្ស​ផង និងអ្នកដែលធ្លាប់រស់នៅតំបន់​ដាច់​ស្រយាល​មួយ​នេះហើយមានជីវភាពធូរធារផង​ ដើម្បីជួយ​ដល់​សាលា​បឋមសិក្សាព្រៃដុំនេះ។

ព្រះ​តេជគុណបន្ដថា៖ «តំបន់អស់ហ្នឹងមិនសូវជាធូរធារប៉ុន្មានទេ អ៊ីចឹងយើងជួយឧបត្ថម្ភជីវិត ដូចជា ការ​រៀនសូត្រ​របស់​ហ្នឹង​ឯង​ឱ្យ​ប្រសើរ​ឡើង និង​លក្ខណៈ​លើក​ទឹកចិត្ដដល់កូនក្មួយដែលគាត់ខំប្រឹងរៀន​ឱ្យកាន់តែប្រឹងបន្ដទៀត។ អាត្មាចង់បំបាត់ទ្រឹស្ដីដែលអ្នកស្រុកអ្នកភូមិគាត់តែងតែគិតអវិជ្ជមាន​ថា រៀនបានអីហូប រៀនមិនបានអីស៊ីទេ បាន​ជាអាត្មា​ចង់​ពន្យល់​អាណាព្យាបាល​អំពី​អត្ថ​ប្រយោជន៍​ក្នុងការរៀនសូត្រផងដែរ»

សាលាបឋម​សិក្សាព្រៃដុំ ស្ថិតនៅភូមិព្រៃដុំ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្ដកំពង់ធំ និងមានគ្រូបង្រៀនចំនួន៩នាក់ នៅ​ប្រចាំការ និង​មាន​សិស្សានុសិស្សចាប់ពីថ្នាក់ទី១ ​ដល់ថ្នាក់ទី៦ ចំនួន១៦៥នាក់។ កម្មវិធីសប្បុរសធម៌នេះបានប្រព្រឹត្ដទៅនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។

ស្រដៀងគ្នានេះដែរ យុវជន សួន កុសល ប្រធានសមាគមកំណាព្យកូនខ្មែរ មានប្រសាសន៍​នៅរសៀលថ្ងៃពុធនេះ​ថា រូបលោកចូលរួមកម្មវិធីសប្បុរសធម៌នេះ ​ដោយសារតែក្ដីស្រឡាញ់ និង​ចង់​ជួយ​ចែក​រំលែក​អ្វីដែល​ខ្លួន​មាន​ខ្លះៗ​​ទៅដល់សិស្សដែល​កំពុងសិក្សានៅសាលាបឋមសិក្សា​ព្រៃដុំ។ លោក​បន្តថា​ ការ​ចូលរួម​សកម្ម​ភាព​សប្បុរសធម៌នេះ ក៏ជា​ការជួយគ្នាក្នុងគ្រាលំបាក ហើយ​លោកបាន​អំពាវនាវដល់សប្បុរសជននានាចូលរួមក្នុងកម្មវិធីចែកសម្ភារសិក្សាដល់សិស្សនៅតំបន់ដាច់ស្រយាលនេះផងដែរ។

លោកបន្ដថា៖ «នេះជាអ្វីដែលខ្ញុំស្រឡាញ់ និង​ចូល​ចិត្ដ​ធ្វើ​នូវកម្មវិធីសប្បុរសធម៌នេះ»

កាលពីខែមេសា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបការ​​ងា​រ ​ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ ជំរុញឱ្យបន្តពង្រឹងប្រព័ន្ធអ​ប់រំ និងបន្តធានានូវសេវាអប់រំដែលមានគុណភាពប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ឱកាសការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងដោះស្រាយបញ្ហាខ្វះខាតក្នុងការ​​សិក្សា​រៀន​សូត្ររបស់សិស្ស-និស្សិត។

នាយកសាលាបឋមសិក្សាព្រៃដុំ លោក កេត ឆែម បានលើកឡើងថា សាលាបឋមដែលរូបលោកកំពុងដឹក​នាំ​នេះ កំពុងជួបបញ្ហាខ្វះខាតច្រើន ដូចជា សម្ភារសិក្សាសម្រាប់​សិស្ស របងសាលា និងខ្វះការផ្គត់ផ្គង់អាហារូបត្ថម្ភ​សម្រាប់សិស្ស ​ជាដើម។ លោកបន្ដថា ប្រជាពលរដ្ឋ​ភាគច្រើននៅតំបន់ដាច់ស្រយាល​​នេះ ​​មានជីវ​ភាព​ក្រីក្រ ដូច្នេះពួកគាត់​ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ​ទំនុកបម្រុង​សម្រាប់​ឱ្យ​កូន​​ៗរបស់ពួកគាត់បាន​សិក្សានោះទេ។

លោកបន្ដថា៖ «សិស្សមាន១៦៥នាក់ទេ ព្រោះវាជាភូមិតូចនៅក្នុងព្រៃ ដាច់ពីគេ។ ខ្ញុំចង់បានដំបូង គឺសម្ភារសិក្សាសិស្សហ្នឹងឯង ដូចជា សៀវភៅ ប៊ិក និងកង់ ព្រោះពួកគេ​នៅឆ្ងាយពីសាលា ត្រូវដើរមករាល់ថ្ងៃ។ នេះជាអ្វី​ដែលខ្ញុំចង់បានមុនគេ ព្រោះអាណិតពួកគាត់ណាស់»

ជាមួយគ្នានេះដែរ នាយកសាលា​រូបនេះក៏បាន​បង្ហាញក្តីត្រេកអរ​​​នូវការ​ដែល​ព្រះសង្ឃ និងយុវជននាំគ្នាមក​ជួយ​ឧបត្ថម្ភដល់សាលារៀន​​ដែលកំពុង​ខ្វះខាតខ្លាំងមួយ​នេះ។ យ៉ាងណា លោកក៏បានស្នើ​ដល់​សប្បុរសជន​ទាំង​អស់បន្ត​ជួយដល់​សាលារៀន​ និងសិស្ស​នៅក្នុងសាលា​បឋមសិក្សានេះ ទៅ​​តាម​លទ្ធភាព ដើម្បីជួយ​​ជំរុញ​ឱ្យ​វិស័យអប់រំនេះឱ្យកាន់តែល្អប្រសើរឡើង។

លោកបន្តថា៖ «ពេលលំបាកអ៊ីចឹង យើងមិនអាចដកប្រាក់ខែគ្រូបង្រៀនបានទេ ព្រោះពួកគាត់ពឹងលើប្រាក់ខែដែរ អ៊ីចឹងវាមានតែសប្បុរសជនទេ ដែលអាចជួយឧបត្ថម្ភដល់សាលាខ្ញុំបាន ដើម្បីជំរុញ​ឱ្យសិស្សានុសិស្សបានរៀនឱ្យបានពេញលេញតទៅមុខទៀត»

រដ្ឋធម្មនុញ មាត្រា៦៨ ចែងថា រដ្ឋាភិបាលត្រូវផ្ដល់​ការអប់រំកម្រិតបឋមសិក្សា និងមធ្យមសិ​​ក្សា​ ដោយឥតគិ​​ត​ថ្លៃ ដល់ប្រជាពលរដ្ឋទាំងអស់ ហើយម្នាក់ៗត្រូវបន្តការសិក្សាជា​មូលដ្ឋានយ៉ាងហោ​ចណាស់ត្រឹមថ្នាក់ទី៩ ហើយរដ្ឋត្រូវមានកាតព្វកិច្ច​​ជួយផ្សព្វផ្សាយ និងលើកតម្កើង​​សាលា​​បា​​លី​ និងពុទ្ធិកសិក្សា។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង​កីឡា លោក រស់ សុវាចា មានប្រសាសន៍​ថា លោក​ច​ង់ឱ្យ​យុវជន និងពលរដ្ឋ​យកគំរូតាមរាល់សកម្មភាពសប្បុរសធម៌បែបនេះ មិនថាក្នុងវិស័យអប់រំនេះទេ គឺ​រួម​​ទាំង​កិច្ចការ​ងា​​រ​​​សង្គម​នានាផងដែរ។

លោកបន្តថា៖ «វាជារឿងល្អ វាជាកិច្ចការងារទាំងអស់គ្នា ក្នុងការរួមចំណែកក្នុងកិច្ចការសង្គម ជាពិសេសវិស័យអប់រំតែម្ដង។ ខ្ញុំគាំទ្ររាល់សកម្មភាពទាំងអស់ហ្នឹង»

ស្រដៀងគ្នានេះដែរ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានថ្លែងថា លោក​ចង់​ឱ្យមាន​សកម្មភាពបែបនេះឱ្យកាន់តែច្រើនថែមទៀត ក្នុងការផ្សារភ្ជាប់ព្រះពុទ្ធសាសនា​ទៅនឹងវិស័យអប់រំ មិនថាតែព្រះសង្ឃទេ ពលរដ្ឋទូទៅក៏អាចចូលរួមធ្វើសកម្មភាពសប្បុរសធម៌បានដែរ។ លោកថា សកម្មភាពនេះបានជួយទៅដល់សិស្សានុសិស្សនៅតាមសាលានៅតំបន់ដាច់ស្រយាល អាចមានលទ្ធភាពក្នុងការសិក្សា ហើយអត្រាក្នុងការបោះបង់ការសិក្សាក៏ត្រូវបានកាត់បន្ថយច្រើនផងដែរ។

លោកបន្ដថា៖ «ខ្ញុំត្រេកអរនៅពេលដែលមានព្រះសង្ឃ លោកបានចូលរួមកិច្ចការងារសង្គមបែបនេះ ហើយក៏ជាការផ្សារភ្ជាប់រវាងព្រះពុទ្ធសាសនានិងវិស័យអប់រំផងដែរ»

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក​ ឆាយ៉ាវី បានបង្ហាញការគាំទ្រ​ចំពោះសកម្មភាពមនុស្ស​ធម៌បែប​នេះ និងជំរុញឱ្យ​មានសកម្មភាពបែបនេះឱ្យ​បាន​កាន់តែច្រើន​បន្ថែមទៀត ដើម្បីជួយដល់​វិស័យ​អប់រំនៅកម្ពុជាឱ្យមានភាពល្អប្រសើរ​។

អ្នកស្រីបន្តថា៖ «យើងចង់ឱ្យមានការជួយគ្នាទៅវិញទៅមកបែបនេះ។ បើព្រះសង្ឃមានមនសិការជួយ​ដល់ប្រជា​ពលរដ្ឋ សិស្សានុសិស្សក្រីក្រ គឺខ្ញុំស្វាគមន៍។ យើងនឹងជួយលើកទឹកចិត្ដដល់ពលរដ្ឋឱ្យចេះជួយគ្នាក្នុងគ្រាក្របែបនេះ ទើបគេហៅថាជាការប្រពៃ»

របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយក្នុងខែមីនា ឆ្នាំ​២០២២ ឱ្យដឹងថា សា​​​លាបឋមសិក្សានៅកម្ពុជា បានកើនឡើងចំនួន​១២៧​សាលារៀនបន្ថែមទៀ​ត ដែ​លនាំឱ្យ​សាលា​រៀនសរុប​​មានចំនួន​៧ ៨៤៣សា​​​​លា សម្រាប់ឆ្នាំសិក្សា២០២០-២០២១៕