មេធាវី​ការ​ពារ​ក្ដី​ឱ្យលោក​ កឹម​ សុខា ​អតីតប្រ​ធាន​គណបក្ស​សង្គ្រោះ​ជាតិ អះអាងថា ត្រូវ​បាន​កង​​កម្លាំង​​​ស្លៀកពាក់ស៊ី​វិល​ដែល​យាម​នៅ​មុខ​ផ្ទះរបស់​​លោក​ កឹម​ សុខា​ រា​រាំងមិនឱ្យ​សហ​មេធាវី​​ចូល​ជួប​កូនក្ដី​របស់​ខ្លួនដើម្បី​ពិគ្រោះយោ​បល់​ផ្នែក​ផ្លូវ​ច្បាប់​។

នៅថ្ងៃទី​១៤ ​ខែ​មីនា​ ឆ្នាំ២០២៣​ សហមេធាវី​ការ​ពារ​ក្ដី​ឱ្យ​លោក​ កឹម​ សុខា​ បាន​ចេញ​សេច​ក្ដី​ថ្លែងការណ៍​ថា ​សហមេធាវី​មិន​អាច​ចូល​ជួប​កូន​ក្ដី​របស់ខ្លួនបាន​នោះទេ ​ដោយសារ​​​មានការ​រារាំង​ពី​កងកម្លាំង​ដែល​ស្លៀក​ពាក់​ស៊ីវិល​ដែល​យាម​នៅមុខ​ផ្ទះ​លោក​ កឹម​ សុខា​។

​​សេច​ក្ដី​ថ្លែង​ការ​ណ៍​ដដែល​បន្ថែម​​ថា​ នារសៀលថ្ងៃ​ទី១៤ ខែមីនា ​ឆ្នាំ២០២៣​សហមេធាវី​ការ​ពារ​ក្ដី​បានទៅ​ផ្ទះ​លោក​ កឹម សុខា ​ដើម្បី​ជួប​កូនក្ដី​នៅ​គេហដ្ឋាន​ដែល​ដាក់​លោក កឹម​ សុខា ឱ្យ​ស្ថិតនៅក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដើម្បីពិគ្រោះ​យោបល់ច្បាប់​ និង​រៀប​ចំពាក្យ​បណ្ដឹងឧទ្ធរណ៍ ​ប៉ុន្តែ​ត្រូវបាន​កង​កម្លាំង​ស្លៀក​ពាក់​ស៊ីវិល​​ដែល​យាម​នៅមុខ​ផ្ទះ​លោក​ កឹម​ សុខា​ រារាំង​មិន​ឱ្យ​សហ​មេធាវីចូលជួប​ពិ​គ្រោះ​យោល​បល់ផ្នែក​​ច្បាប់​ជាមួយ​កូន​ក្ដី​ឡើយ។

ក្រុមមេធាវី​បាន​បន្ថែម​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​ថា ​កង​កម្លាំង​ដែល​យាមនៅ​ខាង​មុខ​ផ្ទះ​លោក​​ កឹម​ សុខា​ បានណែនាំ​ឱ្យ​សហ​មេធាវី​ការពារក្ដីឱ្យ​លោក​ កឹម​ សុខា​ ត្រូវ​ទៅ​សុំ​ការអនុញ្ញាតពី​ព្រះ​រាជ​អាជ្ញា​ជាមុនសិន។

សេចក្ដី​ថ្លែង​ការណ៍​បញ្ជាក់​តាមន័យ​ដើម​​ថា៖ «សហមេធាវីមិន​អាចអនុវត្ត​តាម​ការណែនាំ​ដែល​ផ្ទុយ​នឹង​ច្បាប់​ ក្រម និង​​វិធាន​ជាធរមានដែល​គ្រប់​គ្រង​វិជ្ជា​ជីវៈមេធាវី​បាន​ឡើយ​។ ដូច្នេះចាប់​ពី​ពេល​នេះត​ទៅ​​ សហ​មេធាវី​​មិន​អាច​អនុវត្ត​សិទ្ធិបំពេញ​កាតព្វកិច្ច និង​ទំនួល​ខុស​​ត្រូវ​ចំពោះ​​ឯកឧត្ដម កឹម​ សុខា​ និង​​រឿង​​ក្ដី​​បច្ចុប្បន្ន​របស់​​គាត់​​ត​ទៅ​​ទៀត​បាន​ឡើយ​ ហើយ​​សិទ្ធិ​ទទួល​បាន​ជំនួយ​មេធាវី​ដែល​មាន​ចែង​ក្នុង​ច្បាប់​ដែល​ឯកឧត្ដម​ កឹម សុខា​ ត្រូវ​ទទួលបាន​ ក៏ត្រូវ​បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​វៀរ​លែង​តែមានការ​កែ​ប្រែ​ជាវិជ្ជមាន ​និង​ទាន់​ពេល​​វេលា»។

កាលពី​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៣ លោក កឹម សុខា ដែល​ជា​មេដឹកនាំ​បក្ស​ប្រឆាំង ​ត្រូវ​បានសាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​​​ឱ្យ​ជាប់​ឃុំ​រយៈពេល​២៧​ឆ្នាំ ​ពី​បទ​ក្បត់​ជាតិ។ ក្រោយការ​ប្រកលាស​សាលក្រម ចៅក្រម​បាន​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​ផ្ទះ​របស់​លោក ដោយ​មិនអនុញ្ញាត​ឱ្យ​ជួប​នរណាទាំងអស់ ក្រៅ​ពី​សមាជិក​គ្រួសារ។

អ្នក​នាំ​ពាក្យ​​ក្រសួង​យុត្តិធម៌លោក​ ជិន​ ម៉ាលីន​ បានប្រាប់​ Newsroom Cambodia​ តាមរយៈ​​តេលេក្រាមថា ករណីនេះគឺ​លក្ខខណ្ឌ​ដែល​តម្រូវ​ ដោយ​សារសាលក្រមរបស់​តុលាការ​មាន​អំណាច​តាម​ផ្លូវ​ច្បាប់ មិនមែនជាការរំលោភ​បំពានទៅ​លើ​សិទ្ធិ​របស់​មេធាវី​នោះ​ទេ។ លោក​បន្ថែម​ថា ​មេធាវី​មិនមែន​​អាច​មាន​សិទ្ធិ​ចូល​ទៅ​គ្រប់​ទី​កន្លែង​ដើម្បី​ទៅ​ជួប​កូនក្ដី​​ដោយ​មិន​មាន​​ការ​អនុញ្ញាត​នោះទេ។

លោក​លើក​ឡើង​ថា៖ «ក្នុង​សាលក្រម​គេ​​​​​តម្រូវ​ឱ្យ​សុំ​ការ​អនុ​ញ្ញាត​ពី​ព្រះរាជ​អាជ្ញា​អ៊ីចឹងគាត់​អាចសុំបន្ដិច​​ទៅ​ ដូច​ជា​មិន​​ទាស់​​ខុស​អ្វី​​ទេ​ បើ​សិន​ជា​ព្រះ​រាជ​អាជ្ញាគាត់​មិន​​អនុញ្ញាត​អាហ្នឹង​ទើប​​ជា​ការ​រំលោភ​​បំពាន​​សិទ្ធិ​​របស់​​មេធាវី​​ក្នុង​​ការ​ជួប​​ជា​មួយ​កូន​ក្ដី ​ក៏​ប៉ុន្តែ​បើសិន​ជាគាត់​សុំ​បន្តិចតាម​លក្ខខណ្ឌដែល​តម្រូវដោយ​សាលក្រម ខ្ញុំគិត​ថា​មិនមានបញ្ហាទេ។ លើក​តែគាត់​មិន​ចង់​គាត់​មានចេតនាអ្វី​ផ្សេង»។​​​

លោក​ អំ​ សំអាត​ នាយក​​​​​​​ទទួល​បន្ទុក​កិច្ច​ការ​ទូ​ទៅ​នៃ​អង្គការ​លីកាដូ​ បាន​ប្រាប់​Newsroom Cambodia ថា​បើតាមក្រម​នីតិ​វិធី​ព្រហ្មទណ្ឌ​ និង​វិជ្ជា​ជីវៈ​របស់​មេធាវី​​ក្នុង​ករណី​ដែល​​មេធាវី​មានការ​ទទួលស្គាល់​ដោយ​តុលាការ​​ និង​មាន​ការ​ពឹង​ពាក់​ដោយ​កូន​ក្ដី​ គឺ​មាន​សិទ្ធិក្នុងការ​ជួប​កូន​ក្ដី​​របស់​ខ្លូន​ដោយ​មិន​មាន​ការ​រំខាន ​ឬការ​យាយី​នោះ​ទេ។ ​លោក​បន្ថែម​​ថា ​មេធាវី​មាន​សិទ្ធិ​ជួប​កូនក្ដីជា​សម្ងាត់ទោះបី​នៅក្នុង​ពន្ធនាគារ​ ​ឬនៅ​កន្លែង​ផ្សេង​ក៏ដោយ។

បើតាម​លោក អំ សំអាត ​ការណ៍​​ដែល​អាជ្ញា​ធរតម្រូវ​​ឱ្យ​មេធាវីរបស់​​លោក​ កឹម​ សុខា ​ទៅ​​សុំ​ការ​អនុញ្ញាត​ពី​ព្រះ​រាជអាជ្ញាជាមុន​ គឺ​​ខុស​ទៅ​នឹង​វិជ្ជា​ជីវៈ​របស់​មេធាវី​និង​ជាការ​រំខាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទៅ​ដល់​ដំណើការនីតិវិធី​ ឬការ​ជួប​កូនក្ដី​របស់​មេធាវី​។

លោក​លើក​ឡើង​ថា៖ «បើសិន​ជា​អាជ្ញា​ធរហ្នឹងមិន​ហ៊ានក្នុង​ការ​អនុញ្ញាត​ទេ ពេល​ដែលទទួល​ព័ត៌មាន​អ៊ីចឹងហើយ ​ព្រះ​រាជអាជ្ញា ​ឬ​ខាង​តុលាកាហ្នឹង​អាច​ជូន​ដំណឹង​ទៅ​មន្រ្ដី​ដែល​យាម​នៅ​ផ្ទះ​ឯក​ឧត្ដម​ កឹម​ សុខា​ គឺ​ឱ្យ​អនុញ្ញាត​​ឱ្យមេធាវី​គេ​ជួបជាមួយ​កូន​ក្ដីគេទៅ​ ដោយ​មិន​បាច់ទៅ​ជួប​ម្ដង​សុំ​ការ​អនុញ្ញាត​ពីព្រះ​រាជ​អាជ្ញាម្ដង។ ទៅម្ដង​សុំម្ដងៗ​។ អាហ្នឹ​គឺ​ជាការ​រំខាន ជាការ​ប៉ះ​ពាល់​ទៅ​ដល់​វិជ្ជា​ជីវៈរបស់​គេ ហើយ​នឹងការ​ជួបកូន​ក្ដី​របស់​គេ»។​​ ​

លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ចាប់​ខ្លួន​ទាំង​កណ្តាល​យប់​រំលង​អាធ្រាត្រ កាលពីខែកញ្ញា ឆ្នាំ​២០២៧ ដោយ​ចោទ​ពីបទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។ លោក​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ខេត្ត​ត្បូង​ឃ្មុំ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ ក្រោយ​មក​​ត្រូវ​បាន​​ដាក់​ឱ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ ជាមួយ​នឹង​ការ​បើក​សវនាការ​ជាង​៦០​ដង មុន​នឹង​មានការ​ប្រកាស​សាលក្រម​កាត់​ទោស​៕

​​