បើទោះជាបច្ចុប្បន្នជាសម័យឌីជីថល ហើយពលរដ្ឋមានការយល់ដឹងច្រើន ប៉ុន្តែនៅតាមតំបន់ជនបទដាច់ស្រយាលខ្លះ ប្រជាពលរដ្ឋមួយចំនួនតូចនៅតែប្រើប្រាស់សុភាសិត «ស្ត្រីវិលចង្ក្រានមិនជុំ» ឬក៏មានទស្សនៈថា «ជាស្ត្រីត្រឹមចេះអានអក្សរបានហើយ ព្រោះរៀនដល់ណាគង់តែរៀបការធ្វើជាប្រពន្ធគេដដែល» ជាដើម។
តែយ៉ាងណា ស្ត្រីវ័យក្មេង ២រូប ក្នុងចំណោមយុវជន ៣រូប បានតស៊ូជម្នះនូវឧបសគ្គ និងខិតខំប្រឹងប្រែងរៀនសូត្រ រហូតក្លាយជាទូតសុឆន្ទៈរបស់អង្គការផ្លែនអន្ដរជាតិកម្ពុជា ខណៈដែលយុវតីទាំង២រូបនេះក៏ចង់ជម្នះនូវការរើសអើងពីសហគមន៍ទៅលើស្ត្រី តាមរយៈទស្សនៈដែលថា «ស្ត្រីវិលចង្ក្រានមិនជុំ ឬក៏ស្ត្រីរៀនត្រឹមចេះអានអក្សរបានហើយ» នោះផងដែរ។
កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ អង្គការផ្លែនអន្ដរជាតិកម្ពុជា (Plan International Cambodia) បានប្រកាសជាសាធារណៈលើផេកផ្លូវការរបស់ខ្លួនថា «អង្គការភ្លែនអន្ដរជាតិកម្ពុជា មានក្ដីសោមនស្សរីករាយក្នុងពិធីប្រកាសជាផ្លូវការទូតសុឆន្ទៈយុទ្ធនាការក្មេងស្រីត្រូវមានឱកាសស្មើគ្នា»។ ក្នុងយុទ្ធនាការនេះ យុវជនចំនួន៣នាក់បានក្លាយជាទូតសុឆន្ទៈរបស់អង្គការភ្លែន ក្នុងនោះមានយុវតី លេខ ការី ជាជនជាតិដើមភាគតិចព្រៅ មកពីខេត្ដរតនគិរី និងយុវតី ពៅ ស្រីណូ មកពីខេត្ដសៀមរាប រួមនឹងយុវជនម្នាក់ទៀតឈ្មោះ ហេន សុភាព មកពីខេត្ដស្ទឹងត្រែង។
មានសម្បុរស រាងតូចច្រឡឹង ស្លៀកពាក់បែបប្រពៃណីរបស់ជនជាតិដើមភាគតិចព្រៅ យុវតី លេខ ការី វ័យ១៩ឆ្នាំ រស់នៅភូមិកិកួង ឃុំតាវែងត្រង់ ស្រុកតាវែង ខេត្តរតនគិរី ដែលជាទូតសុឆន្ទៈរបស់អង្គការភ្លែន បានរៀបរាប់ថា កញ្ញាជាកូនទី១ ក្នុងចំណោមបងប្អូន៣នាក់ ក្នុងគ្រួសារក្រីក្រមួយ រស់នៅលើផ្ទះឈើមួយខ្នងដែលមានសភាពចាស់ទ្រុឌទ្រោម ខណៈឪពុកម្ដាយរបស់គាត់មិនមានលទ្ធភាពឱ្យគាត់បានរៀនសូត្របានខ្ពង់ខ្ពស់ដូចគ្រួសារដទៃនោះទេ។
យុវតីរូបនេះបានរំលឹកពីអតីតកាលថា កញ្ញាបានចូលរៀនថ្នាក់ទី១ នៅអាយុ៧ឆ្នាំ ដោយសារតែឪពុកម្ដាយមិនចង់ឱ្យរៀន ប៉ុន្តែដោយសារតែឃើញក្មេងៗនៅក្នុងភូមិទៅរៀនសប្បាយ ហើយខ្លួនមាននិស្ស័យចូលចិត្ដរៀនផង ទើបខ្លួនជម្នះតស៊ូទាល់តែបានចូលរៀន។
យុវតីមានដើមកំណើតក្នុងខេត្ដប៉ែកភាគឦសានរូបនេះ បន្ដរៀបរាប់ពីខ្សែជីវិតរបស់ខ្លួនថា៖ «ខ្ញុំរៀនរាងយឺត ដោយសារម៉ាក់អត់ឱ្យរៀន ប៉ុន្ដែយើងចង់ជម្នះ យើងចង់ចឹង យើងឃើញគេទៅរៀន ឃើញគេសប្បាយ។ ប៉ុន្ដែប៉ាខ្ញុំគាត់បានបង្រៀនខ្ញុំនៅផ្ទះ»។
តែយ៉ាងណា កញ្ញាថា ពេលដែលខ្លួនកំពុងតែរៀននៅថ្នាក់ទី៦ ជិតចប់ឆ្នាំ និងត្រៀមខ្លួនបន្ដចូលអនុវិទ្យាល័យទៅហើយនោះ បែរជាត្រូវឪពុកម្ដាយប្រាប់ថាមិនចង់ឱ្យខ្លួនរៀនបន្ដទៀតទេ ព្រោះពួកគាត់គ្មានលទ្ធភាពផ្គត់ផ្គង់ការសិក្សា និងតម្រូវឱ្យគាត់រៀបការនឹងអ្នកភូមិជាមួយគ្នា ប៉ុន្ដែខ្លួនមិនព្រម។
កញ្ញា លេខ ការី បាននិយាយថា៖ «ពេលខ្ញុំអាយុ១៥ ទៅ១៦ឆ្នាំ ម៉ាក់ប៉ាខ្ញុំគាត់សុំឱ្យរៀបការនឹងអ្នកភូមិជាមួយគ្នាដែលមានអាយុស្រករខ្ញុំដែរ» ។
ក្រោយពីបដិសេធការរៀបការទាំងវ័យក្មេងនោះ យុវតីរូបនេះបានបញ្ជាក់ថា ខ្លួនបានបន្តការសិក្សារបស់ខ្លួនបណ្តើរ និងបានចេញទៅធ្វើការស៊ីឈ្នួលដកដំឡូង រើសគ្រាប់ស្វាយចន្ទី និងដាំដើមចេកឱ្យគេបណ្តើរ ដើម្បីបានប្រាក់ទិញសម្ភារសិក្សាដោយខ្លួនឯង។
ការី បានរៀបរាប់ទាំងទឹកភ្នែកថា៖ «ចូលថ្នាក់ទី៧ភ្លាម គឺខ្ញុំគាំទ្រខ្លួនឯង។ ពេលហ្នឹងអត់មានលុយទេ យើងស៊ីឈ្នួលគេបានតែ ១ម៉ឺន ២ម៉ឺន[រៀល]ទៅ យើងទិញសម្ភារសិក្សាសម្រាប់ខ្លួនឯង ដោយស្នាក់នៅសាលារៀន ព្រោះយើងអត់មានមធ្យោបាយធ្វើដំណើរទេ ដូច្នេះត្រូវស្នើខាងសាលាស្នាក់។ ឪពុកម្ដាយគេធូរធារ គេមានលុយឱ្យកូនគេចាយអ៊ីចឹងទៅ តែសម្រាប់ខ្ញុំគឺខ្លួនឯងសុទ្ធសាធ ខ្ញុំហូបតែក្រៀមក្រោះទេ ធ្វើម៉េចឱ្យតែបានរៀន»។
ក្រៅពីការសិក្សា និងស៊ីឈ្នួលគេដើម្បីរកប្រាក់នោះ កញ្ញា ការី ក៏បានឆ្លៀតពេលចូលរួមវគ្គបណ្តុះបណ្តាល និងសកម្មភាពផ្សេងៗក្នុងការជួយដល់យុវជននៅក្នុងសហគមន៍ និងយុវជនជនជាតិដើមភាគតិចនៅតំបន់ផ្សេងៗទៀត ដែលរៀបចំឡើងដោយអង្គការភ្លែនអន្តរជាតិកម្ពុជា ដើម្បីពង្រីកចំណេះដឹង និងពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។
នៅឆ្នាំ២០២៣នេះ កញ្ញា ការី បានរៀនដល់ថ្នាក់ទី១១ នៅវិទ្យាល័យតាវែង ក្នុងស្រុកតាវែង ខេត្ដរតនគិរី។ កញ្ញាថា មូលហេតុដែលខ្លួនត្រូវបានអង្គការភ្លែន ជ្រើសរើសធ្វើទូតសុឆន្ទៈនេះ ដោយសារតែគេមើលឃើញពីភាពក្លាហានរបស់កញ្ញា និងការលះបង់ពេលវេលាក្នុងការជួយដល់យុវជនក្នុងសហគមន៍។
កញ្ញា ការី និយាយថា៖ «មុននឹងក្លាយជាទូតសុឆន្ទៈរបស់អង្គការភ្លែន ខ្ញុំបានចូលរួមសកម្មភាពជាច្រើនជាមួយអង្គការតាមសហគមន៍។ ពេលដាក់ពាក្យ មានគ្នាសុទ្ធតែយុវជន-យុវតីអាយុប្រហាក់ប្រហែលខ្ញុំដែរ តែគេជ្រើសរើសខ្ញុំ។ ខ្ញុំសប្បាយចិត្ដ ពេលខ្លួនឯងក្មេង ប៉ុន្ដែអាចមានសមត្ថភាពក្នុងកិច្ចការសង្គមបានអ៊ីចឹង។»
យុវតីរូបនេះបញ្ជាក់ថា បញ្ហាក្រីក្រមិនមែនជាឧបសគ្គសម្រាប់ការរៀនសូត្រ និងរារាំងក្ដីស្រមៃខ្លួនឡើយ។
ឪពុករបស់យុវតី លេខ ការី គឺលោក ចក លេខ អាយុ៤៤ឆ្នាំ បានលើកឡើងថា ការី ជាកូនស្រីដែលមានភាពក្លាហាន និងរឹងមាំ ជាពិសេសតែងតែជួយពន្យល់ទៅដល់មិត្ដភក្ដិក្នុងសហគមន៍ និងជួយកិច្ចការផ្ទះក្រោយទំនេរពីការសិក្សា។ លោកបន្ដថា មូលហេតុដែលលោកចង់ឱ្យកូនស្រីខ្លួនរៀបការទាំងវ័យក្មេង ដោយសារតែជាប្រពៃណី និងមិនចង់ឱ្យកូនស្រីចាកចេញពីខ្លួនទៅឆ្ងាយ។ លោកបន្ដថា ក្រោយពីលោកបានយល់ដឹងពីសារៈសំខាន់នៃការសិក្សា ទើបលោកសម្រេចឱ្យកូនរៀនបន្ត និងលើកទឹកចិត្តដល់កូនឱ្យដើរតាមក្ដីស្រមៃរបស់ខ្លួន។
យ៉ាងណាមិញ លោកថា ពេលឃើញកូនខ្លួនបានក្លាយខ្លួនទូតសុឆន្ទៈ និងជាគំរូដល់យុវជនផ្សេងទៀត លោកពិតជាមានការសប្បាយចិត្ដជាខ្លាំង និងមានមោទកភាពចំពោះកូនស្រីរបស់ខ្លួន។
លោកថា៖ «គ្រួសារខ្ញុំក្រីក្រទេ ប៉ុន្ដែខ្ញុំចង់ឱ្យកូនស្រីរៀនបន្ដ ព្រោះជាក្ដីស្រមៃរបស់គាត់។ ខ្ញុំសប្បាយចិត្ដ ពេលឃើញគាត់បានក្លាយជាគំរូដល់យុវជនក្នុងសង្គម។ ខ្ញុំសង្ឃឹមថាយុវជនផ្សេងទៀតអាចយកកូនខ្ញុំជាគំរូបាន»។
ស្រដៀងគ្នានេះដែរ យុវតីម្នាក់ទៀត កញ្ញា ពៅ ស្រីណូ អាយុ១៨ឆ្នាំ រស់នៅភូមិកណ្ដោល ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ដែលជាទូតសុឆន្ទៈរបស់អង្គការភ្លែនដែរនោះ ក៏បានខិតខំតស៊ូរៀនសូត្រ ទាំងដែលគ្រួសារមានជីវភាពក្រីក្រផងដែរ។
ជាកូនពៅក្នុងគ្រួសារក្រីក្រមួយដែលមានបងប្អូន៧នាក់ ក្នុងខេត្ដសៀមរាប កញ្ញា ស្រីណូ បានឱ្យដឹងថា ឪពុកម្ដាយរបស់ខ្លួនមិនសូវជាចង់ឱ្យរៀនសូត្រច្រើននោះទេ ដោយគិតថាជាកូនស្រីរៀន បានត្រឹមតែចេះអានអក្សរខ្លះទៅ គឺគ្រប់គ្រាន់ហើយ។ តែយ៉ាងណា ដោយសារតែចង់ជម្នះពីពាក្យនេះ កញ្ញាបានជម្នះឧបសគ្គនានា និងបានចូលរួមវគ្គបណ្តុះបណ្តាល និងសកម្មភាពជាមួយនឹងអង្គការភ្លែន រហូតដល់មានភាពលេចធ្លោក្នុងសហគមន៍ និងក្លាយជាទូតសុឆន្ទៈរបស់អង្គការភ្លែន។
យុវតីមានសម្បុរស្រអែម មានទឹកមុខពោរពេញដោយក្ដីសង្ឃឹមរូបនេះ បន្ដថា ខ្លួនចង់ឱ្យមានសមភាពយេនឌ័រឱ្យបានច្រើនក្នុងសង្គមផង ទើបសម្រេចដាក់ពាក្យ។ ការក្លាយជាទូតសុឆន្ទៈនេះ កញ្ញារំពឹងថានឹងអាចជួយជំរុញដល់យុវជនក្នុងសហគមន៍កុំឱ្យបោះបង់ការសិក្សា និងរៀបការទាំងវ័យក្មេង តាមរយៈការពន្យល់ណែនាំពីរូបគេ និងយុវជនផ្សេងទៀត។
ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុន សែន អង្គរធំ យុវតីរូបនេះបន្ដថា៖ «ខ្ញុំចង់យកឈ្នះនូវសមភាពយេនឌ័រ និងចង់រារាំងឧបសគ្គនានាដែលរារាំងក្មេងស្រីមិនឱ្យមានការសម្រេចដោយខ្លួនឯង។ ខ្ញុំបានចូលរួមសកម្មភាពជាមួយអង្គការ ៥ឆ្នាំ នៅសហគមន៍ខ្ញុំ។ ខ្ញុំសប្បាយចិត្ដ ព្រោះវាអាចឱ្យខ្ញុំមានលទ្ធភាពជួយសហគមន៍បានច្រើនជាងមុន»។
លោក យី គឹមថាន នាយករងនៃអង្គការភ្លែនអន្ដរជាតិកម្ពុជា លើកឡើងថា មូលហេតុដែលអង្គការភ្លែនជ្រើសរើសយុវតីវ័យក្មេងទាំង២នាក់ រួមនឹងយុវជនម្នាក់ទៀត ធ្វើជាទូតសុឆន្ទៈ ដោយតែពួកគេមានភាពក្លាហាន និងការតស៊ូក្នុងការរៀនសូត្រ ព្រមទាំងបានចែករំលែកចំណេះដឹងដល់យុវជនក្នុងសហគមន៍ ដែលនេះជាគំរូល្អមួយដល់យុវជនផ្សេងទៀត ដើម្បីចូលរួមកិច្ចការសហគមន៍របស់ខ្លួន។ លោកបន្ដថា ជាយុទ្ធសាស្ដ្ររបស់អង្គការភ្លែន គឺផ្ដោតលើការយល់ដឹងរបស់យុវជន ព្រោះពួកគេជាធនធានដ៏សំខាន់របស់សង្គមដែលមិនអាចខ្វះបាន។
លោកបន្ដថា៖ «អង្គការមើលឃើញពីភាពក្លាហានរបស់ពួកគាត់ ដែលអាចជាគំរូដល់យុវជនផ្សេងទៀតក្នុងប្រទេសយើង។ អង្គការផ្ដោតលើការយល់ដឹងរបស់យុវជន ព្រោះយុវជនជាទំពាំងស្នងឫស្សីរបស់សង្គម។ ហើយបច្ចុប្បន្ននេះ មានយុវជនជាង ៥០% ដូច្នេះការយកពួកគាត់ធ្វើទូតសុឆន្ទៈ គឺជារឿងល្អប្រសើរសម្រាប់ដំណើរការសង្គម»។
បើតាមលោក យី គឹមថាន បច្ចុប្បន្ននេះ កម្ពុជាមានយុវជនជាង ៥០% ជាអ្នកស្នងកិច្ចការសង្គម។
សម្រាប់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បង្ហាញការសាទរនៅពេលបានឃើញយុវជនកាន់តែច្រើនបានក្លាយជាគំរូក្នុងសហគមន៍ និងក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់សង្គម។ លោកបន្ដថា ការចូលរួមលើកកម្ពស់គុណភាពអប់រំតាមរយៈគ្រប់រូបភាព សម្រាប់អ្នកសិក្សា មុននិងក្នុងបរិបទកូវីដ-១៩ ត្រូវការការចូលរួមពីគ្រប់តួអង្គពាក់ព័ន្ធ រួមទាំងសិស្ស-និស្សិត មាតាបិតា និងអាជ្ញាធរមូលដ្ឋានផង។
លោកថ្លែងថា៖ «ខ្ញុំសប្បាយចិត្ដពេលមានក្មេងៗអាចរួមចំណែកក្នុងកិច្ចការសង្គមដូច្នេះ»។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស-និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកទឹកចិត្តទៅដល់យុវជនកម្ពុជា រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ លោកថា ដើម្បីជំរុញទៅដល់កំណើនសេដ្ឋកិច្ច និងផលិតកម្មក្នុងស្រុក និងការទាក់ទាញវិនិយោគ គឺទាមទារឱ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជនមានជំនាញ។ លោកបន្ថែមថា ពេលនេះកម្ពុជាកំពុងរៀបចំឱ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់សិស្សក្រីក្រចំនួន ១លាន ៥សែននាក់។
លោកនាយករដ្ឋមន្ត្រី ថ្លែងថា៖ «ដើម្បីទាក់ទាញនូវវិនិយោគបាន អ្នកវិនិយោគមិនមែនមក ហើយបែរជាយើងអត់ចេះអីសោះ អត់មានបច្ចេកទេសសោះ ហើយទទួលយកយើងឱ្យចូលធ្វើការនោះទេ»។
ត្រលប់មករកយុវតីជនជាតិដើមភាគតិច កញ្ញា លេខ ការី វិញ ក្រោយពីក្លាយជាទូតសុឆន្ទៈរបស់អង្គការភ្លែនអន្តរជាតិកម្ពុជាមក កញ្ញាបង្ហាញការប្តេជ្ញាក្នុងការចូលរួមឱ្យកាន់តែសកម្ម ក្នុងការចែករំលែកនូវចំណេះដឹងដល់យុវជនក្នុងសហគមន៍ និងចូលរួមសកម្មភាពសង្គមផ្សេងទៀត។
កញ្ញាថា៖ «ខ្ញុំចង់ឱ្យយុវជនកុំបោះបង់ការសិក្សាទាំងវ័យក្មេង ព្រោះវាមានបញ្ហាប្រឈមជាច្រើនក្រោយពីយើងបោះបង់។ ខ្ញុំគិតថា យុវជនគួរតែយកពេលចូលរួមកិច្ចការសង្គម កុំយកពេលទៅធ្វើរឿងណាដែលមិនបានផ្ដល់ចំណេះដឹងដល់ខ្លួន»៕