គណបក្សប្រជាធិបតេយ្យមូលដ្ឋានលើកឡើងថា គណៈកម្មការជំនាញរដ្ឋសភាមិនយកចិត្តទុកដាក់បំពេញកិច្ចអន្តរាគមន៍ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធនៃការបោះឆ្នោត ទៅតាមការស្នើក្នុងញត្តិដែលខ្លួនបានដាក់ជូនទៅរដ្ឋសភាកាលខែមករា កន្លងទៅនោះទេ។
ការលើកឡើងរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ធ្វើឡើងបន្ទាប់ពីគណៈកម្មការទីមួយនៃរដ្ឋសភាបានចេញលិខិតឆ្លើយតបទៅគណបក្សនេះកាលពីថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការស្នើសុំទៅរដ្ឋសភាឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្តីពីប្រព័ន្ធបោះឆ្នោត និងសមាសភាពស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
គណៈកម្មការទី១រដ្ឋសភាឆ្លើយតបថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ យោងមាត្រា ១៥៣ ថ្មី បញ្ជាក់ថា ការផ្តើមគំនិតសើរើ ឬការផ្តើមគំនិតធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភា តាមសេចក្តីស្នើសុំរបស់តំណាងរាស្ត្រមួយភាគបួននៃតំណាងរាស្ត្រទាំងមូល។
ចំពោះសមាសភាពស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត យោងមាត្រា ១៥១ ថ្មី(ពីរ) គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសមាសភាពប្រាំបួនរូបដែលទទួលបានអាណត្តិប្រាំឆ្នាំ។ ហើយថា គណៈកម្មាធិការនេះបានអនុវត្តត្រឹមត្រូវតាមច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួចហើយ។
បើតាមសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានចេញនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានសរសេរថា៖ «គណបក្សប្រជាធិបតេយ្យមូលដ្ឋានសង្ឃឹមថា រដ្ឋសភានឹងពិចារណាដោះស្រាយបញ្ហាប្រព័ន្ធនៃការបោះឆ្នោតឡើងវិញ ដើម្បីធានាថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានឯករាជ្យភាព អព្យាក្រឹត្យភាព នឹងធានាឱ្យមានការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស ទទួលបានការទុកចិត្តពីសំណាក់គណបក្សនយោបាយ និងអ្នកបោះឆ្នោត ហើយបញ្ជៀសនូវវិបត្តិនយោបាយក្រោយការបោះឆ្នោត»។
លោក យ៉េង វីរ: ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហៅកាត់ថា (គ.ប.ម) បានប្រាប់ Newsroom Cambodia ការពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ការឆ្លើយតបរបស់គណៈកម្មការជំនាញទី១រដ្ឋសភា មិនបានយកចិត្តទុកចំពោះការស្នើរបស់គណបក្សលោក។
លោកបញ្ជាក់ថា៖ «ការឆ្លើយតបរបស់គណៈកម្មការជំនាញនៃរដ្ឋសភា គឺគ្រាន់តែជាការដកស្រង់នូវមាត្រាច្បាប់នៃរដ្ឋធម្មនុញ្ញ មាត្រា១៥៣ថ្មី និង មាត្រា១៥១ថ្មី(ពីរ) នៃព្រះរាជាណាចក្រកម្ពុជាមកតែប៉ុណ្ណោះ ដោយពុំបានផ្តល់នូវព័ត៌មានថា បានយកចិត្តទុកដាក់បំពេញនូវកិច្ចអន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីដោះស្រាយបញ្ហាប្រព័ន្ធនៃការបោះឆ្នោតដែលមាននៅក្នុងញត្តិរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានលើកឡើងនៅឡើយទេ»។
លោក ឡេង ពន្លក អ្នកនាំពាក្យរដ្ឋសភាឆ្លើយតបនឹងសំណួររបស់ Newsroom Cambodia យ៉ាងខ្លីថា៖ «ខាងគណៈកម្មការជំនាញទី១នៃរដ្ឋសភាបានឆ្លើយទៅហើយ»។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែលលើកឡើងថា ការកែទម្រង់ពាក់ព័ន្ធនឹងការបោះឆ្នោតណាមួយ ទាល់តែមានភាពត្រូវរ៉ូវគ្នាផ្នែកនយោបាយ រវាងគណបក្សនយោបាយ ឬតំណាងរាស្ត្រចម្រុះពីគ្រប់គណបក្ស ជជែកវែកញែក និងដេញដោលគ្នា។
គួរបញ្ជាក់ថាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ បានដាក់ញត្តិមួយទៅកាន់រដ្ឋសភា ដើម្បីស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពាក់ព័ន្ធទៅនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បន្ទាប់ពីគណបក្សនេះអះអាងថា មានបញ្ហាប្រព័ន្ធនៃការបោះឆ្នោតមួយចំនួនគួរតែមានការកែប្រែ និងរៀបចំឡើងវិញ៕