យុវជនមួយក្រុមគ្រោងប្រារព្ធយុទ្ធនាការពណ៌ស្វាយរត់ដើម្បីសិទ្ធិស្រ្ដី ក្នុងទិវាលើកកម្ពស់សិទ្ធិនារីពិភពលោក លើកទី១១២ ដែលនឹងប្រព្រឹត្ដទៅនៅសប្ដាហ៍ក្រោយ ក្នុងគោលបំណងបង្ហាញទៅកាន់ពិភពលោកថា នារីកម្ពុជាក៏មានសិទ្ធិស្មើនឹងបុរស ស្រ្ដីគួរត្រូវបានលើកទឹកចិត្តឱ្យក្លាយជាអ្នកដឹកនាំឱ្យបានច្រើន និងទប់ស្កាត់កុំឱ្យមានអំពើហិង្សាលើស្ដ្រី។
យុទ្ធនាការនេះនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។
យុវតី ឌី រុចារ្យសុជិនី អាយុ២២ឆ្នាំ ជាតំណាងក្រុមយុវជន និងជានិស្សិតនៃសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ បានឱ្យដឹងថា មូលហេតុនៃការបង្កើតយុទ្ធនាការពណ៌ស្វាយរត់ដើម្បីសិទ្ធិស្រ្ដីនេះ ធ្វើឡើងក្នុងគោលបំណងអបអរទិវាសិទ្ធិនារីអន្ដរជាតិ ៨មីនា លើកទី១១២ផង និងដើម្បីផ្សព្វផ្សាយឱ្យសាធារណជនបានយល់ដឹងពីសិទ្ធិនារីឱ្យបានកាន់តែទូលំទូលាយជាងមុន ជាពិសេសការផ្តល់តម្លៃ លើកកម្ពស់សិទ្ធិស្រ្ដី និងទប់ស្កាត់ការប្រើអំពើហិង្សាទៅលើស្ត្រី។
យុវតីរូបនេះបញ្ជាក់ថា យុទ្ធនាការនេះនឹងមានអ្នកចូលរួមប្រមាណ១០០នាក់។
កញ្ញាបន្តថា៖ «យុទ្ធនាការពណ៌ស្វាយរត់ដើម្បីសិទ្ធិស្រ្ដីហ្នឹង គឺដើម្បីអបអរនូវទិវាសិទ្ធិនារីអន្ដរជាតិលើកទី១១២។ ពួកខ្ញុំលើកយកមកធ្វើនៅចុងខែ ដោយសារមានមនុស្សចូលរួមច្រើន និងមិនអាចរៀបចំចំថ្ងៃ៨មីនាទាន់ ទើបពួកខ្ញុំលើកយកមកប្រារព្ធថ្ងៃទី២៤ខាងមុខនេះទៅ ណាមួយវាចំថ្ងៃចុងសប្ដាហ៍»។
កញ្ញាបន្ដថា៖ «ពួកខ្ញុំចង់បង្ហាញការគោរពសិទ្ធស្រ្ដី មិនមែនតែថ្ងៃ៨មីនាទេ គឺមានគ្រប់ថ្ងៃទាំងអស់ ជាពិសេសក៏ជាសារមួយដើម្បីទប់ស្កាត់កុំឱ្យមានអំពើហិង្សាក្នុងគ្រួសារកើតឡើងដែរ ព្រោះយុទ្ធនាការនេះនឹងធ្វើឱ្យបុរសៗកាន់តែយល់ដឹងច្រើន និងអាចកាត់បន្ថយបញ្ហានេះ»។
ជាមួយគ្នានេះដែរ យុវជន គឹម ជិលីន អាយុ២៣ឆ្នាំ ជាអ្នកស្រឡាញ់បរិស្ថាន បានលើកឡើងថា យុទ្ធនាការពណ៌ស្វាយរត់ដើម្បីសិទ្ធិស្រ្ដីនេះ មិនមែនសម្រាប់តែស្រ្ដីនោះទេ គឺជាព្រឹត្ដិការណ៍រួមទាំងអស់គ្នា ទាំងបុរស ទាំងស្រ្ដី គឺអាចចូលរួមអបអរទិវានារីអន្ដរជាតិ។ លោកថា លក្ខខណ្ឌវប្បធម៌ សង្គម និងគ្រួសារ បានក្លាយជារបាំងយ៉ាងក្រាស់សម្រាប់ស្ដ្រីក្នុងការបង្ហាញនូវសំឡេងរបស់ខ្លួនទៅលើកិច្ចការសង្គម និងក្រុមគ្រួសារ ដែលករណីនេះ លោកថា ក្នុងនាមជាយុវជនគួរណាស់តែលើកបញ្ហាទាំងអស់នេះ ដើម្បីឱ្យមានលំហនៃសំឡេងស្រ្ដីកាន់តែកើនឡើង។
លោកបន្តថា៖ «បុរសមានភាពរឹងមាំជាងស្ដ្រី តែស្រ្ដីគាត់មានចំណុចពិសេសមួយខុសពីបុរស គឺពួកគាត់មានភាពទន់ភ្លន់ និងអាចពរពោះបាន។ ខ្ញុំចង់ឱ្យស្រ្ដីអាចក្លាយជាអ្នកដឹកនាំក្នុងស្ថាប័នឯកជន និងរដ្ឋឱ្យបានច្រើន។ ខ្ញុំចូលរួមព្រឹត្ដិការណ៍នេះ គឺចង់លើកកម្ពស់ និងឱ្យតម្លៃស្ដ្រីក្នុងនាមជាយុវជនម្នាក់»។
អ្នកនាំពាក្យក្រសួងកិច្ចការនារី លោកស្រី ម៉ាន ចិន្ដា មានប្រសាសន៍ថា រាល់សកម្មភាពរបស់យុវជនដើម្បីលើកកម្ពស់សិទ្ធិស្ដ្រី គឺជារឿងដែលគួរធ្វើ ហើយក្រសួងគាំទ្ររាល់សកម្មភាពសង្គមទាំងអស់។
លោកស្រីបន្ដថា៖ «រឿងល្អ យើងស្វាគមន៍រាល់សកម្មភាពលើកកម្ពស់សិទ្ធិស្រ្ដី»។
នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព បានថ្លែងថា ការចូលរួមរបស់យុវជនជាទ្រង់ទ្រាយក្នុងការបញ្ចេញមតិ ឬការជួបជុំសកម្មភាពបែបវិជ្ជមាន នឹងមានផលជះដល់ការយល់ដឹងរបស់យុវជនផង និងសកម្មភាពលើកកម្ពស់សមភាពយេនឌ័រផង ដែលករណីនេះ គួរមានការចូលរួមឱ្យបានកាន់តែច្រើន។ លោកស្រីបន្តថា បច្ចុប្បន្ន បើទោះបីជាមានការទទួលនូវយន្ដការសិទ្ធិមនុស្ស ឬលិខិតតុបករណ៍សិទ្ធិអន្ដរជាតិដែលធានាបាននូវសមភាពយេនឌ័រ ប៉ុន្ដែស្រ្ដីនៅតែរងនូវឧបសគ្គមួយចំនួនក្នុងការចូលរួមកិច្ចការសង្គម និងរងនូវអំពើហិង្សាគ្រប់ទម្រង់ផងដែរ។
លោកស្រីថ្លែងថា៖ «យុទ្ធនាការរបស់យុវជនសម្រាប់លើកកម្ពស់ស្រ្ដី គឺជារឿងដែលយើងអបអរសាទរ ហើយស្រ្ដីគួរទទួលសិទ្ធិបន្ថែមទៀតពីរដ្ឋាភិបាលក្នុងកិច្ចការងារសង្គម ដើម្បីឱ្យមានសមភាពយេនឌ័រឱ្យកាន់តែច្រើន»។
កាលពីចុងឆ្នាំ២០២២កន្លងទៅ ក្រុមយុវជនពណ៌ស្វាយ ក៏ធ្លាប់បានបើកវេទិកាមួយដើម្បីជំរុញ និងលើកទឹកចិត្ដស្រ្ដីម្ដងរួចមកហើយ ដែលក្នុងវេទិកានោះមានការជជែកពិភាក្សាអំពីសិទ្ធិស្រ្ដី និងការទប់ស្កាត់អំពើហិង្សាលើស្រ្ដីងាយរងគ្រោះ ដែលមានអ្នកចូលរួមចំនួន៩០នាក់។ មាត្រា១៩ នៃច្បាប់ស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ ចែងថា អំពើហិង្សាក្នុងគ្រួសារណាដែលមានចរិតជាបទល្មើសព្រហ្មទណ្ឌ មានលក្ខណៈជាបទឧក្រិដ្ឋ ឬបទល្មើសមជ្ឈិមធ្ងន់ធ្ងរ ត្រូវតែជាកម្មវត្ថុនៃបណ្ដឹងអាជ្ញា ទោះអំពើហិង្សានេះបានកន្លងផុតហើយក៏ដោយ។ បណ្ដឹងអាជ្ញា ត្រូវធ្វើឡើងតាមបែបបទដែលមានចែងក្នុងច្បាប់នេះ និងតាមច្បាប់ស្ដីពីនីតិវិធីព្រហ្មទណ្ឌជាធរមាន៕