ធនាគារជាតិនៃកម្ពុជា អំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថល ដើម្បីជៀសវាងការឆបោកប្រាក់គ្រប់រូបភាព តាមរយៈបណ្តាញសង្គម និងប្រព័ន្ធទូរស័ព្ទ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បញ្ជាក់ថា ជនខិលខូចបានឆបោកប្រាក់ជនរងគ្រោះ ដោយបើគណនីបណ្តាញសង្គមនៃសមាជិកណាមួយរបស់គ្រួសារ ញាតិសន្តាន មិត្តភក្តិ ឬថ្នាក់ដឹកនាំស្ថាប័ន បន្លំដើម្បីសុំខ្ចីប្រាក់ ឬផ្ទេរប្រាក់យកទៅប្រើប្រាស់បន្ទាន់ក្នុងរយៈពេលខ្លី។ ជនខិលខូចទាំងនោះ បានប្រើប្រាស់ការប្រាប់ឱ្យផ្ទេរប្រាក់ឱ្យពួកគេតាមរយៈកម្មវិធីទូរស័ព្ទចល័ត គណនី ភ្នាក់ងាររបស់គ្រឹះស្ថានធគារ និងហិរញ្ញវត្ថុ ឬគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ដែលអាចផ្ទេរប្រាក់បានងាយស្រួល និងឆាប់រហ័ស។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ពេលថ្មីៗនេះមានជនខិពរខូចមួយចំនួន បានព្យាយាមឆបោកប្រាក់តាមគ្រប់រូបភាព នៅតាមបណ្ដាញសង្គម ដូចជា Telegram, Facebook និង TikTok ជាដើម ក៏ដូចជាតាមប្រព័ន្ធទូរស័ព្ទ ខណៈពេលដែលវិស័យបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា កំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់»។
បើតាមសេចក្តីប្រកាសព័ត៌មានបន្ថែមថា ធនាគារជាតិនៃកម្ពុជាស្នើឱ្យសាធារណជន រក្សាសុវត្ថិភាពព័ត៌មាននៃគណនីបណ្តាញសង្គមផ្ទាល់ខ្លួន និងស្វែងយល់ពីការប្រើប្រាស់សេវាហិរញ្ញវត្ថុ ឌីជីថល ព្រមទាំងបង្កើនការប្រុងប្រយ័ត្នខ្ពស់ មុនពេលផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្វចល័ត ឬតាមគណនី ឬតាមរយៈភ្នាក់ងារ ដោយត្រូវផ្ទៀងផ្ទាត់តាមមធ្យោបាយអាចធ្វើទៅបាន ក្នុងការបញ្ជាក់ពីលេខទូរស័ព្ទ លេខគណនី និងអត្តសញ្ញាណអ្នកទទួលប្រាក់ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់៕