ក្រសួងអប់រំប្រកាសឱ្យគ្រឹះស្ថានសិក្សាឯកជន និងសាធារណៈឈប់សម្រាកវិស្សមកាលធំរយៈពេលមួយខែ ក្នុងអំឡុងពេលកម្ពុជារៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅខែឧសភាខាងមុខនេះ។
ក្នុងលិខិតរបស់រដ្ឋមន្រ្តីក្រសួងអប់រំ ចេញនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣បញ្ជាក់ថា ដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងនាមកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាពេលខាងមុខ ក្រសួងអប់រំបានសម្រេចឱ្យគ្រឹះស្ថានសិក្សាឯកជននិងសាធារណៈទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឈប់សម្រាកវិស្សមកាលធំរយៈពេលមួយខែ។
ក្នុងលិខិតដដែលបន្ថែមថា គ្រឹះស្ថានអប់រំកុមារតូច និងសេវាអប់រំតូច គ្រឹះស្ថានបឋមសិក្សា គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅនិង អប់រំបច្ចេកទេស ផ្នែកសាធារណៈ និងឯកជនទាំងអស់ ត្រូវអនុវត្តវិស្សមកាលធំ ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីក្រសួងអប់រំក៏បានបន្ថែមក្នុងលិខិតនោះថា គ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈនិងឯកជន នឹងត្រូវឈប់សម្រាក ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ដូចគ្នាផងដែរ។
កម្ពុជានឹងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃ៥ ខែឧសភា ឆ្នាំដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕