ក្រសួងពាណិជ្ជកម្មតម្រូវឱ្យពាណិជ្ជករ អាជីវករ សេវាករទាំងអស់ បិតស្លាកតម្លៃលើគ្រប់មុខទំនិញ ដើម្បីឱ្យមានស្តង់ដារតម្លៃ និងដើម្បីកុំឱ្យអតិថិជនពិបាកសួរ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មចេញនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បញ្ជាក់ថា អ្នកដែលធ្វើសកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មនៅកម្ពុជា ត្រូវតែបិតស្លាកថ្លៃលើគ្រប់មុខទំនិញ និងសេវាដែលតាំងលក់ក្នុងហាង ឬអគារលក់ទំនិញរបស់ខ្លួនជាប្រាក់រៀល លើកលែងតែហាង ឬបញ្ជរលក់ទំនិញបន្ទាប់បន្សំ។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដដែលបន្ថែមថា ក្នុងករណីដែលមិនអនុវត្ត នោះនឹងត្រូវទទួលតាមច្បាប់ជាធរមាន។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ប្រាប់ Newsroom Cambodia ថា ការបិតស្លាកតម្លៃលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ ត្រូវអនុវត្តគ្រប់អាជីវករលក់ដូរទាំងអស់ រួមទាំងអ្នកលក់ចាប់ហួយ ក៏ដូចជាតូបក្នុងផ្សារផងដែរ។ លោកថា ចំពោះការលក់ទំនិញបន្ទាប់បន្សំ មានន័យថាដាក់លក់បន្តិចបន្តួច តាមកញ្ជ្រែង ល្អី ឬក៏តាមរដូវកាលម្តងម្ដាល គឺមិនតម្រូវឱ្យអនុវត្តនោះទេ។
លោកបន្ថែមដោយបញ្ជាក់ពីផ្លូវច្បាប់ក្នុងករណីមិនមានការអនុវត្តថា៖ «អាជីវករ សេវាករ ដែលមិនអនុវត្តតាមការណែនាំ និងទទួលខុសត្រូវតាមច្បាប់ជាធរមាន តាមច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម មាត្រាទី៤០ថ្មី ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ប្រាំម៉ឺនរៀល(៥០.០០០)រៀល ទៅប្រាំសែនរៀល (៥០០.០០០)រៀល»។
លោក គឹម ឡេង អាជីវករនៅផ្សារអូរឫស្សី បានប្រាប់ Newsroom Cambodia ថា លោកមិនទាន់ទទួលបានដំណឹងថាក្រសួងតម្រូវឱ្យបិតស្លាកតម្លៃលើមុខទំនិញនៅឡើយទេ។ លោកថា ប្រសិនបើក្រសួងតម្រូវ នោះលោកនឹងធ្វើតាម។
លោកបានបញ្ជាក់ពីផលលំបាកសម្រាប់លោកដែលជាអ្នកលក់អីវ៉ាន់ជជុះថា៖ «សម្រាប់ការបិតតម្លៃ អ្នកដែលលក់អីវ៉ាន់ថ្មីមិនមានបញ្ហាទេ ដោយសារអីវ៉ាន់រោងចក្រភាគច្រើនយកចូលគាត់អាចដាក់តម្លៃទីផ្សារ ដែលគេត្រូវលក់ជាទូទៅ […] មិនងាយនិងតថ្លៃទេ ព្រោះជាតម្លៃទីផ្សារ។ តែសម្រាប់អីវ៉ាន់ជជុះបើគេឱ្យដាក់តម្លៃចឹងគឺពិបាកព្រោះប្រភេទអីវ៉ាន់ជជុះមានច្រើនប្រភេទ អីវ៉ាន់ក្បាលគីប អីវ៉ាន់កន្ទុយ អីវ៉ាន់ទឹកផ្សេងៗ ចឹងបើដាក់តម្លៃទៅគេ តថ្លៃលក់មិនកើតទេ ដូចនេះអាចពិបាកក្នុងការលក់ដែរ»។
លោកបន្ថែមថា៖ «តែប្រសិនបើរដ្ឋតម្រូវ ហើយមនុស្សគ្រប់គ្នា អាជីវករគ្រប់គ្នាធ្វើ អាហ្នឹងមានតែត្រូវធ្វើតាមហើយ ព្រោះវាជាជម្រើសចុងក្រោយដែលត្រូវធ្វើហើយអ៊ីចឹងនោះ»។
អ្នកស្រី វ៉ាន់ សុជាតិ ជាអាជីវករលក់ភេសជ្ជៈនៅមុខផ្សារអូរឫស្សីប្រាប់ Newsroom Cambodiaថា ការបិតតម្លៃលើគ្រប់មុខទំនិញជារឿងល្អ ប៉ុន្តែអ្នកស្រីថា អាជីវករធម្មតាដែលលក់ផ្ទាល់ដូចអ្នកស្រីគឺមានផលលំបាក។
អ្នកស្រីបន្ថែមថា៖ «ការបិតតម្លៃលើទំនិញ ខ្ញុំមិនមានផលប៉ះពាល់អីផង បើសិនបើប្រាប់ចឹង ការដាក់តម្លៃដូចថាអ៊ំលក់ Sting មួយកំប៉ុងអត់ដាក់ទឹកកក ២,០០០រៀល តែបើយកទឹកកកកែវធំ៣,០០០រៀល កែវតូច២,៥០០រៀល។ តម្លៃទូទៅគឺអីចឹង ទោះឱ្យអ៊ំបិតក៏បិតកើតដែរ»។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបន្ថែមថា ក្នុងករណីទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មមិនជាប់ពន្ធ (Duty free shop) ដែលមានការអនុញ្ញាតដោយរាជរដ្ឋាភិបាលចាំបាច់ត្រូវតែបិតស្លាកថ្លៃជារូបិយប័ណ្ណបរទេស ម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម និង សេវាកម្មទាំងនោះត្រូវមកសុំការអនុញ្ញាតពីអង្គភាពច្រកចេញ-ចូលតែមួយរដ្ឋបាលខេត្ត។
សេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ការបិតស្លាកថ្លៃ ត្រូវសរសេរជាភាសាខ្មែរនៅខាងមុខ ឬនៅពីលើ និងអក្សរអង់គ្លេសនៅបន្ទាប់ ឬបន្ទាត់ខាងក្រោម និងភាសាបរទេសទី៣ នៅបន្ទាប់ទៀត អាស្រ័យតាមស្ថានភាពជាក់ស្ដែងនៃអតិថិជនរបស់អាជីវកម្ម។ ចំណែកស្ថានីយដេប៉ូលក់រាយប្រេងឥន្ធន:ទាំងអស់ ត្រូវមានដាក់តាំងបង្ហាញនៅបរិវេណខាងមុខទីតាំង អាជីវកម្ម ឬកន្លែងងាយមើលឃើញចម្ងាយប្រមាណជា២០០ម៉ែត្រ។
សេចក្តីជូនដំណឹងដដែលបន្តថា នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការ ក្លែងបន្លំ (ក.ប.ប) និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ ត្រូវរួមសហការជាមួយក្រសួង ស្ថាប័នមាន សមត្ថកិច្ច ចុះត្រួតពិនិត្យ និងណែនាំអំពីការបិតស្លាកថ្លៃជារៀងរាល់ខែ៕